Showing posts with label ភាគទី ២. Show all posts
Showing posts with label ភាគទី ២. Show all posts

រឿងទេវតាសែកសោយ

          កាល​ពី​ព្រេង​នាយ មាន​បុរស​កំសត់​ពីរ​នាក់​ប្តី​ប្រពន្ធ មាន​កូន​ប្រុស​មួយ។ កូន​នោះ​កើត​ឡើង​វេលា​ណា មាន​ទេវតា​អាក្រក់​មក​ថែរក្សា​សែកសោយ។ តាំង​ពី​ទេវតា​អាក្រក់​មក​សែកសោយ​ក្មេង​នោះ ឪពុក​ម្តាយ​ក៏​ស្លាប់​ចោល​អស់​ទៅ។ ក្មេង​នោះ​នៅ​ជាមួយ​ជីដូន​ៗ ក៏​ថែរក្សា​ដរាប​ដល់​អាយុ ២០ ឆ្នាំ។ ថ្ងៃ​មួយ ក្មេង​នោះ​ចូល​ទៅ​ក្នុង​ព្រៃ ដើម្បី​រក​ឧស កំពុង​តែ​កាប់​ឧស មាន​ទេវតា​មួយ​អង្គ​ទៀត ដែល​ជា​ទេវតា​ល្អ បាន​ជួយ​ឲ្យ​ចំរុងចំរើន​យសស័ក្តិ​ភោគសម្បត្តិ។ ទេវតា​នោះ​និយាយ​នឹង​ទេវតា​អាក្រក់​ថា «តាំង​ពី​អ្នក​ឯង ចូល​មក​រក្សា​មនុស្ស​នេះ​កាលណា ម្តាយ​ឪពុក​គ្នា​ស្លាប់​ចោល​អស់​ហើយ គ្នា​ក្រ​លំបាក​ពន់ពេក ឃើញ​ថា​រឹទ្ធិ​អ្នក​ឯង​ពូកែ​មែន»។ ទេវតា​អាក្រក់​និយាយ​តប​ទៅវិញ​ថា «អ្នក​ជឿ​ថា​អំណាច​ខ្ញុំ​ពូកែ​ទេ?»។ ទេវតា​ល្អ​ឆ្លើយ​ថា «ខ្ញុំ​ជឿ​ហើយ ប៉ុន្តែ​ខ្ញុំ​សូម​រក្សា​មនុស្ស​នេះ​ម្តង»។ ទេវតា​អាក្រក់​ព្រម​បើក​អំណាច​ឲ្យ​ទេវតា​ល្អ ថែរក្សា​ហើយ​ហោះ​ទៅ។ ទេវតា​ល្អ​បណ្តាល​ឲ្យ​មនុស្ស​នោះ​កំពុង​តែ​កាប់​ឧស ក៏​ដាក់​ដឹង​ចុះ​ហើយ​ភ្ញាក់​ខ្លួន​ព្រើត​លោ​គិត​ថា «ឱអញ! បើ​អញ​នៅ​រស់ គ្រាន់​អញ​រកស៊ី​ចិញ្ចឹម​ជីវិត​ជីដូន​អញ​ទៀត បើ​ប្រសិន​ជា​អញ​ស្លាប់​ទៅ តើ​បាន​អ្នកណា​នឹង​រកស៊ី​ចិញ្ចឹម​ជីដូន​អញ​ទៀត បើ​ដូច្នេះ​អញ​គិត​ទៅ​និយាយ​បបួល​យាយ​អញ​ទៅ​នៅ​ធ្វើ​ខ្ញុំ​សេដ្ឋី គ្រាន់​តែ​សុំ​បាយ​គេ​ស៊ី ប្រហែល​ជា​គេ​ព្រម​ហើយ» គិត​តែ​ប៉ុណ្ណេះ ក៏​លែង​កាប់​ឧស​ត្រឡប់​ទៅ​ផ្ទះ​វិញ ទៅ​ដល់​និយាយ​ប្រាប់​ជីដូន​តាម​ដំណើរ​សព្វ​គ្រប់ ដែល​ខ្លួន​គិត​កាល​ទៅ​កាប់​ឧស។ ជីដូន​បាន​ស្តាប់​ហើយ​ក៏​ចូលចិត្ត​ព្រម​តាម​ចៅ បុរស​កំសត់​ទាំង​ពីរ​នាក់ គឺ​ជីដូន និង​ចៅ ក៏​នាំគ្នា​ដើរ​ទៅ​ផ្ទះ​មហាសេដ្ឋី ដល់​ចូល​ទៅ​ក្នុង​កំពែង​របង​ហើយ ទៅ​អង្គុយ​បត់ជើង​នៅ​មាត់​ជណ្តើរ​មហាសេដ្ឋី។ លុះ​បន្តិច​ទៅ មហាសេដ្ឋី​ប្តី​ប្រពន្ធ​នាំគ្នា​ចេញ​មក​ក្រៅ ក្រឡេក​ទៅ​ឃើញ​អ្នក​ទាំង​ពីរ​នាក់​នៅ​អង្គុយ​ក៏​សួរ​ទៅ​ថា «ឯង​មក​នេះ​មាន​ប្រាថ្នា​អ្វី?»។ បុរស​កំសត់​នោះ​ឆ្លើយ​ជំរាប​ទៅ​សេដ្ឋី​ថា «ខ្ញុំ​ពីរ​នាក់​ជីដូន និង​ចៅ​នេះ មក​សុំ​នៅ​ធ្វើ​ជា​ខ្ញុំ​បម្រើ​លោក គ្រាន់​តែ​យក​បាយ​ចិញ្ចឹម​ជីវិត»។ មហាសេដ្ឋី​ស្តាប់​ហើយ​ឆ្លើយ​ថា «អើ​ឯង​នៅ​ចុះ»។ បុរស​នោះ​ជំរាប​ទៅ​មហាសេដ្ឋី​ថា «សូម​លោក​មេត្តា​ឲ្យ​ខ្ញុំ​នៅ​បម្រើ​ខាងលើ​ផ្ទះ​បាយ​ហើយ​និង​ផ្ទះ​ធំ»។ មហាសេដ្ឋី​ព្រម ទើប​យាយ​ចាស់​នោះ សុំ​គ្រាន់​តែ​ដេញ​មាន់​ទា​កុំ​ឲ្យ​ស៊ី​ស្រូវ កាលណា​គេ​យក​ស្រូវ​ទៅ​ហាល។ បុរស​នោះ ខំ​យក​ចិត្ត​ទុក​ដាក់​បម្រើ​សេដ្ឋី​មិន​ឲ្យ​ទាស់ចិត្ត​បន្តិច​សោះ។ មហាសេដ្ឋី​មាន​ចិត្ត​អាណិត​ស្រឡាញ់​រាប់អាន។ លុះ​យូរ​ទៅ​ប្រមាណ​ជា ៣-៤ ឆ្នាំ បុរស​នោះ សុំ​មហាសេដ្ឋី​ទៅ​នៅ​ឃ្វាល​ក្របី​វិញ ដល់​នៅ​ឃ្វាល​ក្របី​ផ្លាស់​អស់​ខ្សែពួរ​ចាស់​ៗ​ទាំង​ប៉ុន្មាន ជួសជុល​ក្រោល​ឲ្យ​ស្អាត​ល្អ​ឡើង ក្របី​ទាំងអស់​ចំនួន ១០០ ក្បាល។ ដល់​យូរ​ទៅ មហាសេដ្ឋី​ប្តី​ប្រពន្ធ​និយាយ​គ្នា​ថា «តាំង​ពី​អានេះ​ទៅ​ឃ្វាល​ក្របី យើង​មិន​ដែល​ទៅ​មើល​វា​ម្តង​សោះ ដូច្នេះ​ត្រូវ​យើង​នាំ​គ្នា​ទៅ​មើល​វា​ម្តង» ក៏​នាំ​ប្តី​ប្រពន្ធ​ទៅ លុះ​ទៅ​ដល់ ទៅ​មើល​ក្របី ខ្សែពួរ និង​ក្រោល ពេញចិត្ត​ទាំង​អស់ ក៏​ត្រឡប់​មក​វិញ​និយាយ​គ្នា​ថា «អានេះ​ជា​មនុស្ស​ល្អ កាល​ដែល​យើង​ឃើញ​មុន មិន​ដែល​មាន​ប្រដាប់​សម្រាប់​ក្របី​ថ្មី​យ៉ាង​នេះ​ទេ ឥឡូវ​នេះ​មាន​ព្រម អានេះ​ជា​មនុស្ស​ចិត្ត​ត្រង់​នឹង​ចៅហ្វាយ​នាយ»។
          បុរស​នោះ​ទៅ​ឃ្វាល​ក្របី​រាល់ថ្ងៃ មាន​កាល​ថ្ងៃ​មួយ​នោះ ពេល​ល្ងាច​ដេញ​ក្របី​ត្រឡប់​មក​ក្រោល​វិញ មក​ដល់​ត្រពាំង​មួយ ដេញ​ក្របី​ចុះ​ទៅ​ត្រញំង​ទឹក ទៅ​ជាន់​លើ​ដុំ​មាស​នៅ​ក្នុង​ត្រញំង​នោះ បែរ​ទៅ​ខាងណា​ក៏​សុទ្ធ​តែ​ដុំមាស ពេញ​ត្រពាំង​ទាំងអស់។ បុរស​ថា «ដុំ​ថ្ម​អ្វី​ក៏​ច្រើន​ម្ល៉េះ ប៉ះ​ជើង​ស្ទើរ​ស្លាប់​ហើយ» ថា​ហើយ​ក៏​យក​ដុំមាស​មួយ​ដុំ​មក គិត​ថា «អញ​យក​ដុំ​ថ្ម​នេះ​ទៅ​ផ្ញើ​យាយ​អញ ព្រោះ​ថ្ម​នេះ​ល្អ»។ បុរស​នោះ​ដេញ​ក្របី​មក​ចូល​ក្រោល រួច​ហើយ​ក៏​យក​ដុំមាស​នោះ​ទៅ​ឲ្យ​ជីដូន​ៗ បាន​ដុំមាស​ហើយ​សួរ​ថា «ចៅ​យក​ពីណា​មក​យក​ទៅ​វិញ​ទៅ យាយ​មិន​ហ៊ាន​យក​ទេ ដុំមាស​ធំ​ម្ល៉េះ»។ បុរស​ដឹង​ជា​ដុំមាស​ដូច្នោះ​ហើយ ក៏​យក​ទៅ​ទុក​ក្នុង​ត្រពាំង​វិញ ចំណាំ​កន្លែង​ទុក​រួច​ត្រឡប់​មក​វិញ។
          ថ្ងៃ​ក្រោយ​មក ព្រះមហាក្សត្រ​ទ្រង់​ល្បង​ចិត្ត​ពួក​សេនាបតី ទ្រង់​មាន​ព្រះបន្ទូល​ទៅ​អមាត្យ​ថា «អ្នកឯង​ទៅ​ប្រាប់​សេនាបតី​ទាំង ៤ ថា​ ល្ងាច​នេះ​ឲ្យ​ដេក​ចាំ​ព្រះបរមរាជវាំង​នៅ​ចុង​ព្រះរាជរោង»។ អមាត្យ​នាំ​យក​ព្រះរាជបន្ទូល​ទៅ​ជំរាប​សេនាបតី​ទាំង ៤ តាម​ដំណើរ។ សេនាបតី​ទាំង​នោះ​ក៏​រៀប​ខ្លួន​មក​ដេក​តាម​ព្រះរាជឱង្ការ ពេល​មក​ដេក​នោះ មិន​គិត​ប្រុង​ប្រយ័ត្ន​សោះ គិត​តែ​ពី​ដេក​ទាល់​ភ្លឺ។ លុះ​យប់​ជ្រៅ​ស្ងាត់ ស្តេច​ទ្រង់​យាង​មក​ទត​សេនាបតី​ទាំង ៤ នោះ ឃើញ​ដេក​ទាំងអស់​គ្នា ក៏​ទ្រង់​យាង​ត្រឡប់​ទៅ​ក្រឡា​ព្រះបន្ទំ​វិញ ដល់​ព្រឹក​ឡើង ទ្រង់​មាន​ព្រះបន្ទូល​ឲ្យ​ចាប់​សេនាបតី​ទាំង​នោះ យក​ទៅ​កាប់​ចោល​ទៅ។ លុះ​ល្ងាច​ក្រោយ​ទៀត ទ្រង់​មាន​ព្រះបន្ទូល​ឲ្យ​ហៅ​មហាសេដ្ឋី​ទាំង ៤ ឲ្យ​មក​ដេក​ដូច​មុន​ទៀត។ មហាសេដ្ឋី​ដែល​ជា​ចៅហ្វាយ​របស់​បុរស​កំសត់​នោះ ភ័យ​ណាស់​ព្រោះ​មិន​ដឹង​ជា​មាន​រឿង​អ្វី បាន​ជា​ស្តេច​ឲ្យ​សម្លាប់​សេនាបតី​ទាំង ៤ មុន​នោះ ឥឡូវ​ដល់​មក​ខ្លួន​ទៀត គិត​ថា​មុខ​ជា​ស្លាប់​ហើយ កូន​ប្រពន្ធ​ទាំង​ប៉ុន្មាន​យំ​សោក​ទាំងអស់​គ្នា។ លុះ​បន្តិច​ទៅ ឮ​ទៅ​ដល់​បុរស​កំសត់​ៗ ក៏​ឡើង​មក​សួរ​ថា «ហេតុ​ម្តេច បាន​ជា​យំ​សោក​យ៉ាង​នេះ?»។ មហាសេដ្ឋី​ប្រាប់​ទៅ​តាម​ដំណើរ​រឿង។ បុរស​ថា «បើ​ដូច្នេះ ខ្ញុំ​សូម​ទៅ​ដេក​ជំនួស»។ មហាសេដ្ឋី​ឮ​ដូច្នោះ​ហើយ ក៏​អរណាស់ ឲ្យ​រក​សំពត់​អាវ​ល្អ​ៗ យក​មក​ឲ្យ​បុរស​កំសត់​នោះ​ស្លៀក ដោយ​គិត​ថា មុខ​ជា​ស្លាប់​ហើយ។ លុះ​បុរស​រៀប​ខ្លួន​ស្រេច នឹង​ទៅ​ដេក​ចាំ​វាំង ជាមួយ​ពួក​មហាសេដ្ឋី​ឯ​ទៀត តែ​ពេល​ទៅ បុរស​នោះយក​ទាំង​ដាវ​មួយ​ទៅ​ផង ទៅ​ដល់​ហើយ​ក៏​ដេក។ ពួក​មហាសេដ្ឋី​ឯ​ទៀត គេ​នៅ​អង្គុយ​និយាយ​គ្នា​លេង លុះ​ដល់​យប់​ជ្រៅ​ទើប​នាំ​គ្នា​ដេក​អស់​ទៅ។ បុរស​នោះ ដឹង​ថា​គេ​ដេក​ស្ងាត់ ក៏​ក្រោក​ឡើង​អង្គុយ​ម្នាក់​ឯង។ លុះ​យប់ជ្រៅ​ស្ងាត់ ស្តេច​ទ្រង់​ចេញ​មក​ដូច​មុន​ទៀត មក​ដល់​ចុង​ព្រះរាជរោង បុរស​នោះ​ក្រឡេក​ឃើញ​ទាញ​ដាវ​បាន ដេញ​កាប់​ធ្វើ​ជា​កាប់​ផុត​ៗ ស្តេច​រត់​រួច​ទៅ។ ក្នុង​មួយ​យប់​នោះ ស្តេច​ចេញ​មក ៣ ដង។ បុរស​ដេញ​កាប់​ទាំង ៣ ដង ស្តេច​ទ្រង់​រត់​ទៅ​វិញ។ លុះ​ព្រឹក​ឡើង ស្តេច​ទ្រង់​មាន​ព្រះបន្ទូល ឲ្យ​ចាប់​សេដ្ឋី​ទាំង ៣ នាក់ ដែល​ដេក​នោះ​ទៅ​កាប់​ចោល ហើយ​ទ្រង់​មាន​ព្រះបន្ទូល​ឲ្យ​ហៅ​បុរស​កំសត់​នោះ​ទៅ ទ្រង់​មាន​ព្រះបន្ទូល​សួរ​បុរស​កំសត់​ថា «ឯង​ជា​សេដ្ឋី​ឈ្មោះ​អ្វី?»។ បុរស​កំសត់​ក្រាប​ទូល​ថា «ទូល​ព្រះបង្គំ​ជា​ខ្ញុំ ជា​កូន​មហាសេដ្ឋី​ឈ្មោះ​នោះ»។ ស្តេច​មាន​ព្រះបន្ទូល​ឲ្យ​ទៅ​ហៅ​មហាសេដ្ឋី ដែល​ជា​ចៅហ្វាយ​បុរស​កំសត់​នោះ​មក ទ្រង់​មាន​ព្រះបន្ទូល​សួរ​ថា «នេះ​ជា​កូន​អ្នក​មែន​ឬ​អ្វី?»។
          មហាសេដ្ឋី​ក្រាប​ទូល​ឆ្លើយ​ទទួល​ថា «កូន​មែន»។ ស្តេច​មាន​ព្រះបន្ទូល​ថា «បើ​កូន​មហាសេដ្ឋី​ឯង អញ​សុំ​ធ្វើ​ជា​កូន​អញ»។ មហាសេដ្ឋី​ក៏​ថ្វាយ​បុរស​នោះ​ទៅ​ស្តេច ហើយ​ក្រាប​បង្គំ​លា​ទៅ​ផ្ទះ​វិញ។ ស្តេច​មាន​ព្រះរាជបុត្រី​មួយ​ព្រះអង្គ ទ្រង់​ក៏​រៀប​ផ្សំផ្គុំ​នឹង​បុរស​កំសត់​នោះ​ជា​ប្តី​ប្រពន្ធ​ទៅ ហើយ​អភិសេក​ឲ្យ​ឡើង​សោយរាជ្យ​សម្បត្តិ ដោយ​អំណាច​ទេវតា​ល្អ ចុះ​មក​សែកសោយ​ថែរក្សា។ លុះ​សោយរាជ្យ​យូរ​ទៅ ស្តេច​បុរស​នឹក​ឃើញ​ទៅ​ដល់​មាស ដែល​នៅ​ក្នុង​ត្រពាំង ក៏​ត្រាស់​បង្គាប់​ទៅ​មហាសេដ្ឋី​ឪពុក ឲ្យ​ទៅ​ដឹក​មាស​នោះ​មក​ដាក់​ឃ្លាំង​ទុក។
          មាន​មួយ​ថ្ងៃ ស្តេច​បុរស​នោះ ចង់​ចេញ​ទៅ​កាន់​ចុង​ព្រះរាជរោង ឲ្យ​សេនាបតី​គាល់ ក៏​ទៅ​ទូល​ស្តេច​ឪពុក​ៗ ទ្រង់​ហាម​ថា «ឯង​ជាតិ​ជា​រាស្ត្រ បើ​ចេញ​ទៅ​ត្រូវ​យក​មហេសី​ទៅ​ផង»។ ស្តេច​បុរស​ទ្រង់​យាង​ចេញ​ទៅ​កាន់​ព្រះរាជរោង ជាមួយ​អគ្គមហេសី ពួក​នាហ្មឺន​ទាំងពួង​គាល់​ត្រៀបត្រា។ វេលា​នោះ ទេវតា​អាក្រក់​ដែល​រក្សា​បុរស​នោះ​អំពី​ដើម ត្រឡប់​មក​វិញ​ក៏​ជួប​នឹង​ទេវតា​ល្អ ហើយ​និយាយ​ថា «ឥឡូវ​នេះ អ្នក​រក្សា​មនុស្ស​នេះ តាំង​ពី​នៅ​លំបាក ទាល់​តែ​បាន​ធ្វើ​ស្តេច​ថែម​ទៀត នេះ​ឃើញ​ថា អំណាច​អ្នក​ពូកែ​មែន បើ​ដូច្នេះ​អ្នក​ចេញ​ទៅ ឲ្យ​ខ្ញុំ​រក្សា​ម្តង»។ ទេវតា​ល្អ ប្រគល់​ស្តេច​កំសត់​ឲ្យ​ទៅ​ទេវតា​អាក្រក់ ហើយ​ហោះ​ទៅ។ ពេល​នោះ​មាន​ភ្លៀង​ផ្គរ ទេវតា​អាក្រក់​ក៏​បណ្តាល​ចិត្ត​ស្តេច​បុរស​នោះ​មួយ​រំពេច ស្តេច​នោះ​មិន​បាន​គិត លោ​មាន​ព្រះបន្ទូល​ចំពោះ​ពួក​នាហ្មឺន ដែល​គាល់​ត្រៀបត្រា​ថា «អញ​ឮ​ផ្គរលាន់ ស្រណោះ​នៅ​ពេល​ឃ្វាលក្របី​ពីដើម​ណាស់» គ្រាន់​តែ​ប៉ុណ្ណោះ មហេសី​ក៏​ស្ទុះ​ទៅ​រក​ព្រះបិតា ហើយ​ក្រាបទូល​ថា «ព្រះវរបិតា​មិន​គួរ​ឲ្យ​ខ្ញុំ​ម្ចាស់​ទៅ​អាមនុស្ស​ឃ្វាលក្របី​នេះ​សោះ ខ្ញុំ​ម្ចាស់​លែង​យក​ហើយ ព្រោះ​វា​និយាយ​ចំ​មុខ​នាហ្មឺន ដែល​គាល់​ត្រៀបត្រា​ថា ឮ​ផ្គរលាន់ ស្រណោះ​នៅ​ពេល​ឃ្វាលក្របី​កាល​ពីដើម ខ្ញុំ​ម្ចាស់​ខ្មាស់​ពួក​នាហ្មឺន​សព្វ​មុខ​មន្ត្រី​ណាស់ ខ្ញុំ​ម្ចាស់​មិន​យក​ជា​ប្តី​ទេ»។ ស្តេច​បិតា​ឮ​ដូច្នោះ ក៏​ឲ្យ​ចាប់​ស្តេច​នោះ​យក​ទៅ​ដាក់​គុក​ទៅ។ ជាប់​គុក​បាន​ពាក់​កណ្តាល​ថ្ងៃ ទេវតា​ល្អ​ដែល​រក្សា​មុន​នោះ ត្រឡប់​មក​វិញ ហើយ​និយាយ​ទៅ​ទេវតា​អាក្រក់​ថា «អ្នក​មាន​រឹទ្ធិ​ណាស់ ចូល​មក​រក្សា​ភ្លាម ស្តេច​បុរស​បាន​ជាប់​គុក ដូច្នេះ​អ្នក​អញ្ជើញ​​ទៅ​​ចុះ ទុក​ឲ្យ​ខ្ញុំ​រក្សា​វិញ» រួច​ហើយ​ទេវតា​ល្អ ក៏​បណ្តាល​ចិត្ត​ស្តេច​បុរស​ៗ នឹក​ឃើញ​ភ្លាម​ថា «អញ​មិន​គួរ​ភ្លាត់​សំដី​ឲ្យ​ទាល់​តែ​ជាប់​គុក​សោះ ប៉ុន្តែ​គ្មាន​អ្នកណា​ដឹង​ថា អញ​ជាប់​គុក​នៅ​ឡើយ​ទេ ដូច្នេះ​អញ​បង្គាប់​ទៅ​សេដ្ឋី​ឪពុក​អញ ឲ្យ​យក​មាស​ដែល​យក​ពី​ក្នុង​ត្រពាំង​នោះ​ដំ​ធ្វើ​ជា​រូប​ក្របី ១០០ ដាក់​ជើង​ពាន​មាស ១០០ យក​មក​ឲ្យ​អញ​ក្នុង​ថ្ងៃ​ស្អែក​នេះ​ពី​ព្រឹក» គិត​តែ​ប៉ុណ្ណោះ ក៏​ប្រើ​មេគុក​ឲ្យ​ទៅ​ប្រាប់​សេដ្ឋី​ថា «ស្តេច​មាន​ព្រះបន្ទូល​ថា ឲ្យ​យក​មាស​ដំ​ធ្វើ​រូប​ក្របី ១០០ ដាក់​លើ​ជើង​ពាន​មាស ១០០ ហើយ​យក​ទៅ​ថ្វាយ​ស្តេច​ដល់​កន្លែង​ទ្រង់»។ សេដ្ឋី​ឮ​ហើយ ក៏​ហៅ​ជាង​ទាំងពួង ឲ្យ​ធ្វើ​ក្នុង​មួយ​យប់​ឲ្យ​ហើយ លុះ​ព្រឹក​ឡើង​ឲ្យ​ខ្ញុំ​ស្រី​សេដ្ឋី ១០០ នាក់ ទូល​យក​ទៅ​ថ្វាយ​ស្តេច​ក្នុង​ព្រះរាជវាំង។ ស្តេច​បិតា​ក្មេក​ទត​មក​ឃើញ ឲ្យ​អមាត្យ​រត់​ទៅ​មើល។ អមាត្យ​មក​ក្រាបទូល​វិញ ទ្រង់​មាន​ព្រះបន្ទូល​ឲ្យ​ហៅ​អ្នក​ទូល​ក្របី​នោះ​មក ហើយ​ទ្រង់​មាន​ព្រះបន្ទូល​ថា «នាង​ឯង​រាល់​គ្នា​យក​ក្របី​មាស​នេះ​ទៅ​ណា?»។ ស្រី​ទាំង​នោះ​ថា «ខ្ញុំ​ម្ចាស់​យក​មក​ថ្វាយ​ព្រះអង្គ»។ ស្តេច​ទ្រង់​ជ្រាប ទ្រង់​ឲ្យ​ហៅ​ព្រះរាជបុត្រី​ជា​មហេសី​ស្តេច​កំសត់ ឲ្យ​ចេញ​មក​មើល ហើយ​មាន​ព្រះបន្ទូល​ថា «កូន​អើយ! ដែល​ប្តី​ឯង​វា​ថា​ស្រណោះ​កាល​ឃ្វាលក្របី​នោះ មិន​មែន​ក្របី​សត្វ​ទេ គឺ​រូប​ក្របី​មាស​នេះ​ឯង កូន​មើល​ក្របី​នេះ​ចុះ ណ្ហើយ​កូន​កុំ​ខឹង​នឹង​ប្តី យក​ប្តី​វិញ​ទៅ» មាន​ព្រះបន្ទូល​តែ​ប៉ុណ្ណោះ ក៏​ទ្រង់​ឲ្យ​ទៅ​ដោះ​ស្តេច​បុរស​កំសត់​មក ហើយ​ទ្រង់​អភិសេក​នឹង​នាង​ជា​ព្រះរាជបុត្រី ឲ្យ​ឡើង​សោយរាជ្យ​សម្បត្តិ ជា​សុខ​សប្បាយ​រៀង​ទៅ ព្រម​ទាំង​យាយ​ជា​ជីដូន​នៃ​បុរស​នោះ​ផង៕
« រឹទ្ធិនៅទេវតា ប្រាជ្ញានៅមនុស្ស »
------------------------------
ដកស្រង់ពីទស្សនាវដ្តីកម្ពុជសុរិយា ឆ្នាំ ១៩៣៥ លេខ ៧-៨ ទំព័រ ៧១។
ប្រភព ៖ ប្រជុំរឿងព្រេងខ្មែរ ភាគទី ២, វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ, ២០០១, ទំព័រ ១៨-២៣។

រឿងបុរសដណ្តឹងប្រពន្ធ

          កាល​ពី​ព្រេង​នាយ មាន​បុរស​ម្នាក់​ចង់​បាន​ប្រពន្ធ ទៅ​ដណ្តឹង​កូន​គេ​ម្នាក់។ ម្តាយ​ឪពុក​គេ​ថា «បើ​ចង់​បាន​កូន​យើង​ជា​ប្រពន្ធ លុះ​តែ​ឲ្យ​យើង​ចង​ត្រាំ​ទឹក​បាន​បី​យប់ ទើប​យើង​ឲ្យ​កូន​បាន»។ បុរស​នោះ​ក៏​ព្រម​ឲ្យ​គេ​ចង​ត្រាំ​ទឹក ដល់​ត្រាំ​ទឹក​បាន​ពីរ​យប់ បុរស​នោះ​ឃើញ​ភ្លើង​ឆេះ​លើ​កំពូល​ភ្នំ ក៏​លើក​ដៃ​ឡើង​អាំង​លេង។ គេ​មើល​មក​ឃើញ គេ​ថា​បុរស​នោះ​អាំង​ភ្លើង គេ​មិន​ឲ្យ​កូន​គេ​ជា​ប្រពន្ធ​ឡើយ។ បុរស​នោះ​ខឹង​ណាស់ ក៏​ទៅ​ប្តឹង​ចៅក្រម ចៅក្រម​ឲ្យ​ទៅ​កោះ​ម្តាយ​ឪពុក​ខាង​ស្រី​នោះ​មក​ជំនុំជម្រះ។ ចៅក្រម​យក​សំណូក​ពី​អ្នក​ចុង​ក្តី ក៏​កាត់​ថា «ចៅ​ឯង​ត្រូវ​ចាញ់​គេ​ហើយ មិន​ត្រូវ​បាន​កូន​គេ​ទេ បើ​ដូច្នេះ ចៅ​ឯង​ទៅ​រៀប​បាយ​មក​ឲ្យ​យើង​ស៊ី»។ ឯ​ចៅ​នោះ ឮ​ចៅក្រម​កាត់​ថា​មិន​ត្រូវ​បាន​កូន​គេ​ជា​ប្រពន្ធ ហើយ​គេ​ប្រើ​ទៅ​រៀបបាយ​ឲ្យ​គេ​ស៊ី​ផង ក៏​តូច​ចិត្ត​ណាស់ ដើរ​បណ្តើរ​យំ​បណ្តើរ​ទៅ​ប្រទះ​នឹង​សុភាទន្សាយ​ៗ​សួរ​ថា «ថ្វី​ក៏​បាន​ជា​យំ?»។ បុរស​នោះ ប្រាប់​តាម​ដំណើរ​សព្វ​គ្រប់​ប្រការ។ សុភាទន្សាយ​សួរ​ថា «គេ​ឲ្យ​បង​ឯង​ទៅ​ណា?»។ បុរស​នោះ​ថា «ឥឡូវ​គេ​ប្រើ​ឲ្យ​ទៅ​រៀបបាយ»។ សុភាទន្សាយ​ថា «អើ​បង​រៀប​រួច មក​យក​អញ​ទៅ​ផង អញ​ទៅ​ជួយ​ជំនុំ​ឲ្យ តែ​អញ​ទៅ​មុខ​ជា​ឈ្នះ​ហើយ បើ​បង​ឯង​រៀបបាយ​មក ស្ល​កុំ​ដាក់​អំបិល​ប្រហុក។ អំបិល​ប្រហុក​ដាក់​ក្បែរ​ខាង​នោះ ស្ល​តែ​ត្រី និង​បន្លែ​បាន​ហើយ»។ បុរស​នោះ​ឮ​សុភាទន្សាយ​អួត​ដូច្នោះ​ក៏​អរ​ណាស់ ខំ​ទៅ​រៀបបាយ​ដូច​បង្គាប់​សុភាទន្សាយ ហើយ​ក៏​យក​មក​ជូន​គេ​ពីរ​នាក់​នឹង​សុភាទន្សាយ។ ទៅ​ដល់ ចៅក្រម​ឃើញ​សុភាទន្សាយ​មក ក៏​សួរ​ថា «បង​ទន្សាយ​មក​រក​អ្វី?»។ សុភាទន្សាយ​ឆ្លើយ​ថា «មក​ជួយ​ជំនុំ​ក្តី​លោក»។ ចៅក្រម​ថា «អើ! ចាំ​ស៊ីបាយ​រួច​សិន»។ ឯ​ចៅក្រម ដល់​ស៊ីបាយ​នោះ​ទៅ​សួរ​ថា «ស្ល​អ្វី​ក៏​សាប​ម្ល៉េះ?»។ សុភាទន្សាយ​ឆ្លើយ​ឡើង​ថា «ភ្លើង​ឆេះ​លើ​កំពូល​ភ្នំ​ថា​ក្តៅ​ដល់ ចុះ​អំបិល​ប្រហុក​ដាក់​ក្បែរ​នោះ ម្តេច​ក៏​បាន​ជា​មិន​ប្រៃ​ដល់?»។ សុភាទន្សាយ​ឆ្លើយ​តែ​ប៉ុណ្ណោះ ចៅក្រម​ទាល់​ប្រាជ្ញា ទើប​កាត់​សេចក្តី​ឲ្យ​បុរស​នោះ​ឈ្នះ ហើយ​ឲ្យ​កូន​ស្រី​នោះ​ធ្វើ​ជា​ប្រពន្ធ​របស់​បុរស​នោះ​ទៅ៕

« ចេះឯង ឲ្យក្រែងចេះគេ »
------------------------------
ដកស្រង់​ពី​អត្ថបទ​ខ្មែរ ប្រមូល ដោយ​លោក អេ.អាយម៉ូនីយេ គ./២ ទំព័រ ១៥៦។
ប្រភព ៖ ប្រជុំរឿងព្រេងខ្មែរ ភាគទី ២, វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ, ភ្នំពេញ, ២០០១, ទំព័រ ១៦, ១៧។

រឿងចាបស្រុកនិងចាបព្រៃ

          កាល​ពី​ព្រេង​នាយ មាន​ចាប​ស្រុក​និង​ចាប​ព្រៃ ដើរ​រក​ស៊ី​ដោយ​ពួក​ជា​រាង​រាល់​ថ្ងៃ។ ខាង​ចាប​ស្រុក​មាន​មេបា​ប្រដៅ​ថា «បើ​រក​ស៊ី​កុំ​ជជែក​ឈ្លោះ​គ្នា ឲ្យ​ឮ​មាត់​គឹក​កង​រំពង​ឡើង ឲ្យ​ប្រយ័ត្ន​ខ្លួន បើ​ព្រាន​វា​វាយ​លប់​ត្រូវ​ឲ្យ​បបួល​គ្នា​ខំ​ហើរ​ទូល​លប់​ឲ្យ​របើក ដើម្បី​នឹង​ឲ្យ​រួច​រស់​ជីវិត»។ ពួក​ចាប​ស្រុក ក៏​ធ្វើ​តាម​ដំបូន្មាន​មេបា​ប្រដៅ តែង​ដើរ​រក​ស៊ី មិន​សូវ​ហ៊ាន​មាត់​ឲ្យ​ឮ​ជា​គឹក​កង​ទេ ជួន​កាល​បើ​ព្រាន​វាយ​លប់​ត្រូវ ក៏​បបួល​គ្នា​ខំ​ហើរ​ទូល​លប់​ព្រាន បាន​រួច​ជីវិត​តែ​រៀង​ៗ​មក។ មាន​កាល​ថ្ងៃ​មួយ ពួក​ចាប​ព្រៃ​និង​ពួក​ចាប​ស្រុក​ហើរ​ចេញ​ទៅ​រក​ស៊ី ជួប​ប្រទះ​ហ្វូង​គ្នា​នៅ​ដើម​ត្រែង​មួយ​គុម្ព។ ពួក​ចាប​ព្រៃ​ទំ​នៅ​ខាង​ក្រោម ពួក​ចាប​ស្រុក​ទំ​នៅ​ខាង​លើ ក៏​បាក់​មែក​ត្រែង​ពី​លើ​មក ត្រូវ​ក្បាល​ចាប​ព្រៃ​ៗ និយាយ​ប្រកាន់​ទៅ​ចាប​ស្រុក​ថា «ហេតុ​អី​ក៏​កាច់​មែក​ត្រែង​ទំលាក់​មក​ឲ្យ​ត្រូវ​ក្បាល​ពួក​យើង?»។ ចាប​ស្រុក​ក៏​បានប្រាប់​ទៅ​ចាប​ព្រៃ​វិញ​ថា «យើង​មិន​បាន​កាច់​មែក​ត្រែង​ឲ្យ​បាក់​ត្រូវ​អ្នក​ឯង​ទេ គឺ​មែក​ត្រែង​វា​បាក់​ឯង​ធ្លាក់​មក​ទេ​តើ»។ ពួក​ចាប​ព្រៃ​ជា​ពួក​ឥត​កាន់​ដំបូន្មាន មិន​ពិចារណា​ឲ្យ​ឃើញ​ខុស​ត្រូវ ក៏​បបួល​គ្នា​បង្ករ​ហេតុ បង្កើត​ជា​ជម្លោះ​នឹង​ពួក​ចាប​ស្រុក ឮ​មាត់​ជា​គឹក​កង​រំពង​ឡើង។ ពួក​ព្រាន​ឮ​មាត់​ចាប​នៅ​គុម្ព​ត្រែង​នោះ​ច្រើន ក៏​យក​លប់​ទៅ​វាយ​ត្រូវ​ទាំង​អស់​គ្នា។ ចាប​ទាំង​ពីរ​ពួក​នេះ បាន​ត្រូវ​លប់​ហើយ ក៏​នៅ​តែ​ឈ្លោះ​គ្នា​ទៀត។ ចាប​ស្រុក​ពោល​ទៅ​រក​ចាប​ព្រៃ​ថា «បើ​ពួក​ឯង​គ្រាន់​បើ ហេតុ​ម្តេច​ក៏​មិន​បម្រះ​ឲ្យ​រួច​ពី​លប់​នេះ​ទៅ»។ ចាប​ព្រៃ​ក៏​ពោល​មក​រក​ចាប​ស្រុក​វិញ​ថា «បើ​ពួក​ឯង​គ្រាន់​បើ ហេតុ​ម្តេច​ក៏​មិន​បម្រះ​ខ្លួន​ឲ្យ​រួច​ពី​លប់​នេះ​ទៅ បាន​តែ​ពាក្យ​បញ្ជូន​គ្នា​ទៅ​វិញ​ទៅ​មក មិន​គិត​បម្រះ​ឲ្យ​រួច​ជីវិត​សោះ»។ កំពុង​តែ​ឈ្លោះ​គ្នា ស្រាប់​តែ​ព្រាន​ក្រសោប​ឡើង​ចាប់ ចាប់​បាន​ចាប​ទាំង​អស់ ក៏​ពិឃាត​ក្ស័យ​អស់។ នេះ​ហើយ​ចាប​ស្រុក ជា​ពួក​ចាប​ល្អ តែ​ខក​ខ្លួន​មក​រក​ស៊ី​ជួប​ចូល​នឹង​ហ្វូង​ចាប​ព្រៃ ជា​ពួក​ចាប​ប្រព្រឹត្ត​អាក្រក់ ក៏​មាន​រឿង​ឈ្លោះ​គ្នា​ទាល់​តែ​ព្រាន​វាយ​លប់​ត្រូវ​ស្លាប់​ទាំង​អស់​គ្នា៕
« ចោទគេដោយស្មាន ត្រឡប់បានក្តីទុក្ខ »
------------------------------
ដក​ស្រង់​ពី​ទស្សនាវដ្តី​កម្ពុជ​សុរិយា ឆ្នាំ ១៩៣៥ លេខ ២-៣ ទំព័រ ៦៧ តែ​ក្នុង​ទស្សនាវដ្តី​ដាក់​ឈោ្មះ​ថា «រឿង​ចាប​ពូក​ប្រឈ្លោះ​នឹង​ចាប​ក្បាល​តំពែក»។
ប្រភព ៖ ប្រជុំ​រឿង​ព្រេង​ខ្មែរ ភាគទី ២, វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ, ភ្នំពេញ, ២០០១, ទំព័រ ១៤, ១៥។

រឿងអាខ្វាក់អាខ្វិន

          កាល​ពី​ព្រេង​នាយ មាន​មនុស្ស​ពីរ​​ ម្នាក់​ខ្វាក់ ម្នាក់​ខ្វិន នៅ​ខ្ញុំ​ចិន​ទាំង​ពីរ​នាក់ អស់​អ្នក​ស្រុក​គេ​ហៅ​អាខ្វាក់​អាខ្វិន ប៉ុន្តែ​នៅ​ម្ចាស់​ដោយ​ខ្លួន អាខ្វាក់​នៅ​នឹង​ចិន​ផ្ទះ​មួយ អាខ្វិន​នៅ​នឹង​ចិន​ផ្ទះ​មួយ​ជិត​​គ្នា។ អាខ្វាក់​អាខ្វិន​យក​គ្នា​ជា​សំឡាញ់។ ឯ​អាខ្វាក់​ៗ​ភ្នែក​ទាំង​ពីរ មើល​មិន​ឃើញ អាខ្វិន​ៗ​ជើង​ទាំង​ពីរ ដើរ​មិន​រួច បើ​នឹង​ទៅ​ណា​បាន​តែ​កិល​នឹង​គូទ។ ចិន​ជា​ម្ចាស់​ប្រើ​អាខ្វាក់​អាខ្វិន គ្មាន​ប្រណី​អាណិត​ថា​ខ្វាក់​ថា​ខ្វិន​សោះ​ឡើយ។ អាខ្វាក់​អាខ្វិន​នឿយ​លំបាក​ណាស់ ក៏​គិត​គ្នា​ថា «យើង​នឿយ​ហត់​លំបាក​ណាស់ នឹង​ទ្រាំ​នៅ​ជា​ខ្ញុំ​ចិន​មិន​បាន​ទេ មាន​តែ​យើង​គិត​រត់» ហើយ​អាខ្វាក់​សួរ​អាខ្វិន​ថា «បើ​ដូច្នេះ យើង​គិត​ធ្វើ​ដូច​ម្តេច?»។ អាខ្វិន​ឆ្លើយ​ឡើង​ថា «អញ​ឃើញ​ទូក​គេ​នៅ​កំពង់​នោះ​មាន យើង​ត្រូវ​រត់​ទៅ​ដោយ​ទូក​នោះ​ទើប​រួច»។ អាខ្វាក់​អាខ្វិន​គិត​គ្នា​ព្រម​ហើយ លុះ​យប់​ក៏​បបួល​គ្នា​ចុះ​ទៅ​កំពង់ ហើយ​ចេញ​ទូក​ពី​កំពង់​ទៅ ប៉ុន្តែ​អាខ្វាក់​អាខ្វិន ជា​មនុស្ស​មិន​ចេះ​អុំ​ទូក ក៏​អង្គុយ​ម្នាក់​ឯ​ក្បាល ម្នាក់​ឯ​កន្សៃ ឈម​មុខ​ទល់​គ្នា ប្រឹង​អុំ​ទូក​ទៅ។ អាខ្វាក់​មើល​មិន​ឃើញ អាខ្វិន​ជា​មនុស្ស​មិន​ដែល​អុំ​ទូក​សោះ ហើយ​យប់​ងងឹត​មើល​មិន​ឃើញ គិត​​ស្មាន​​ថា​​ទូក​លឿន​ទៅ​មុខ តែ​ទូក​ចេះ​តែ​វិល​នៅ​ត្រង់​កំពង់​នោះ​ឯង លុះ​អុំ​យូរ​ទៅ​ដល់​ពាក់​កណ្តាល​អាធ្រាត្រ ឮ​សម្លេង​សត្វ​អក​យំ អាខ្វាក់​អាខ្វិន​និយាយ​គ្នា​ថា «យើង​ប្រឹង​អុំ​ទូក​ឡើង ដល់​កន្លែង​អន្លង់​អក​ហើយ»។ អាខ្វាក់​អាខ្វិន ខំ​អុំ​ទៅ​ទៀត លុះ​ដល់​ពេល​មាន់​រងាវ ហើយ​និយាយ​គ្នា​ថា «យើង​ជិត​ដល់​ស្រុក​គេ​ហើយ ប្រឹង​អុំ​ឡើង ក្រែង​គេ​តាម​ទាន់»។ អាខ្វាក់​អាខ្វិន​ក៏​ប្រឹង​អុំ លុះ​ត្រា​តែ​មាន់​រងាវ​កុះ ឮ​សម្លេង​តាវ៉ៅ​យំ ភ្លឺ​ព្រាង​ៗ ពី​ឯ​កើត អាខ្វិន​ក៏​និយាយ​ប្រាប់​ទៅ​អាខ្វាក់​ថា «ដូច​ជា​កំពង់​ផ្ទះ​យើង»។ លុះ​ភ្លឺ​បន្តិច​ឡើង​ម្ចាស់​ផ្ទះ​ចុះ​មក​ដង​ទឹក ឃើញ​អាខ្វាក់​អាខ្វិន​អង្គុយ​អុំ​ទូក​ទល់​មុខ​គ្នា ហើយ​គេ​ហៅ​ឲ្យ​អុំ​ទូក​ចូល​មក គេ​ដឹង​ថា «អាខ្វាក់​អាខ្វិន​រត់ ប៉ុន្តែ​គេ​គិត​ថា វា​នឹង​រត់​ទៅ​ឯ​ណា បើ​វា​ខ្វាក់​ខ្វិន​ដូច្នេះ» គេ​ក៏​ឲ្យ​ឡើង​ទៅ​ផ្ទះ​វិញ គេ​មិន​បាន​ជេរ​វាយ​ទេ។ អាខ្វាក់​អាខ្វិន​ទៅ​នៅ​ដូច​ដើម​វិញ។
          លុះ​នៅ​យូរ​ទៅ អាខ្វាក់​អាខ្វិន​បបួល​គ្នា​រត់​ទៀត អាខ្វិន​និយាយ​នឹង​អាខ្វាក់​ថា «យើង​រត់​ម្តង​នេះ​ទៀត កុំ​ឲ្យ​ម្ចាស់​គេ​តាម​ទាន់ យើង​កុំ​ទៅ​ជើង​ទឹក ទៅ​ជើង​គោក​វិញ»។ អាខ្វាក់​ឆ្លើយ​ថា «ទៅ​ដូច​ម្តេច​នឹង​បាន​ជើង​គោក​នោះ បើ​អញ​ខ្វាក់ ឯងខ្វិន​នឹង​រត់​ទៅ​ឯ​ណា​រួច»។ អាខ្វិន​ឆ្លើយ​ឡើង​ថា «ឯង​កុំ​ព្រួយ​ចិត្ត ឯង​ឲ្យ​អញ​ជិះ​លើ​ឯង ហើយ​អញ​បង្ហាញ​ផ្លូវ»។ អាខ្វាក់​អាខ្វិន​គិត​គ្នា​ព្រម​ហើយ លុះ​ដល់​យប់​ស្ងាត់ គេ​ដេក​លក់​អស់ អាខ្វាក់​លើក​អាខ្វិន​ឲ្យ​ជិះ​លើ​ស្មា ដើម្បី​ឲ្យ​បង្ហាញ​ផ្លូវ​នឹង​ដើរ​ទៅ។ ឯ​ម្ចាស់ ព្រឹក​ឡើង​មិន​ឃើញ​អាខ្វាក់​អាខ្វិន ដឹង​ថា​អាខ្វាក់​អាខ្វិន​រត់ ប៉ុន្តែ​គិត​ថា «មនុស្ស​ខ្វាក់​ខ្វិន​វា​នឹង​រត់​ទៅ​ណា​រួច» គេ​ក៏​មិន​ទៅ​តាម។ អាខ្វាក់​អាខ្វិន​ខំ​រត់​ទៅ​ពីរ​បី​ថ្ងៃ​បាន​ដល់​ស្រុក​មួយ ស្រុក​នោះ មាន​ខ្លា​សាហាវ អ្នក​ស្រុក​គេ​ហាម​ប្រាម កូន​ចៅ​គេ​ថា «ព្រលប់​យប់​ងងឹត​ហើយ​កុំ​លេង​នៅ​ដី​ខ្លាច​ខ្លា»។ អាខ្វាក់​អាខ្វិន​ទៅ​ដល់​ស្រុក​នោះ ជួន​ជា​ព្រលប់​យប់​ងងឹត​ហើយ​គិត​គ្នា​ថា «យើង​ដល់​ស្រុក​គេ​ហើយ បើ​ដូច្នោះ យើង​គិត​ធ្វើ​ស្រែ តើ​យើង​បាន​នង្គ័ល​រនាស់​ក្របី​គោ​ពី​ណា នឹង​ធ្វើ​ស្រែ​នឹង​គេ មាន​តែ​យើង​គិត​លួច​គេ​ទើប​បាន»។ អាខ្វិន​បញ្ចេះ​អាខ្វាក់​ឲ្យ​ដើរ​ចូល​ទៅ​ភូមិ​គេ អស់​អ្នក​ស្រុក​គេ​ឃើញ គេ​ប្រាប់​ថា «ស្រុក​នេះ​មាន​ខ្លា​សាហាវ​ណាស់»។ អាខ្វិន​ឆ្លើយ​ឡើង​ថា «ឃ្លេ​មិន​ខ្លាច​ទៅ​ខ្លាច​ឯ​ខ្លា»។ ខ្លា​ក៏​ជួន​ជា​មក​លប​ខាំ​គោ​ពេល​នោះ​ដែរ ដល់​ឮ​អាខ្វាក់​ថា «ឃ្លេ​មិន​ខ្លាច​ទៅ​ខ្លាច​ឯ​ខ្លា» ក៏​គិត​គ្នា​ថា «ពី​ដើម​គេ​ខ្លា​តែ​អញ ឥឡូវ​មាន​ឃ្លេ​ផ្សេង គេ​ខ្លាច​ជាង​អញ​ទៅ​ទៀត អញ​មិន​ដែល​ឃើញ​មិន​ដែល​ឮ​សោះ​ឃ្លេ​នោះ បើ​ដូច្នេះ​អញ​ចាំ​លប​មើល​ឲ្យ​ឃើញ​ច្បាស់​ប្រាកដ»។ អាខ្វិន​ឃើញ​ក្រោល​គោ​គេ ហើយ​ប្រាប់​អាខ្វាក់​ថា «ឯង​ទៅ​លួច​គោ​ចុះ អញ​ចាំ​ឯង​នៅ​ក្រៅ​របង​នេះ»។ អាខ្វាក់​ដាក់​អាខ្វិន​ចុះ ហើយ​ដើរ​ស្ទាប​ៗ​ចូល​ទៅ ជួន​ជា​ជួប​នឹង​ខ្លា។ ខ្លា​ឃើញ​អាខ្វាក់ គិត​ស្មាន​ថា​ជា​ឃ្លេ ក៏​ខ្លាច​មិន​ហ៊ាន​កម្រើក​ខ្លួន​អាខ្វាក់​ស្ទាប​អស់​ទាំង​ខ្លួន​ខ្លា​គិត​ស្មាន​ថា​គោ ហើយ​ស្ទាប​ទៅ​លើ​ក្បាល​ខ្លា មិន​ឃើញ​ស្នែង​នឹក​អរ​ថា «គោ​នេះ​ស្នែង​នប់​ធាត់​ល្អ​ណាស់ អញ​ទុក​ជា​អានប់​កូន​ក្រោល» អាខ្វាក់​ក៏​ចាប់​ទាញ​ខ្លា​ដឹក​យក​មក​នឹង​ខ្លុះ។ ឯ​ខ្លា​គិត​ខ្លាច​អាខ្វាក់​ដោយ​ស្មាន​ថា​ឃ្លេ អាខ្វាក់​ធ្វើ​ម្តេច​ក៏​ចេះ​តែ​ទៅ​តាម អាខ្វាក់​ដឹក​មក​ដល់​ក្រៅ​របង ហើយ​ប្រាប់​ទៅ​អាខ្វិន ឲ្យ​យក​កន្លុះ​មក​នឹង​ខ្លុះ​អានប់​កូន​ក្រោល អាខ្វិន​ឃើញ​ហើយ​ប្រាប់​អាខ្វាក់​ថា «អាខ្វាក់! ខ្លា​ទេ!»។ អាខ្វាក់​ឆ្លើយ​ថា «បើ​ឯង​ខ្លាច ឯង​ឲ្យ​កន្លុះ​មក​អញ​ៗ នឹង​ចាក់​ច្រមុះ​ខ្លុះ​យក​ទៅ​ភ្ជួរ​ស្រែ»។ អាខ្វិន​ក៏​ហុច​កន្លុះ​ទៅ​ឲ្យ​អាខ្វាក់​ៗ បាន​កន្លុះ​ហើយ​ចាក់​ច្រមុះ​ខ្លា។ ខ្លា​ឈឺ​ច្រមុះ​ទ្រាំ​មិន​បាន ក៏​ស្ទុះ​ច្រឡោត​ស្រែក​ឮ​តែ​វ៉ូម​ៗ ហើយ​រត់​ទៅ។ ក្នុង​ពេល​នោះ អាខ្វិន​ខ្លាច​ស្ទើរ​នឹង​ស្លាប់ ប៉ុន្តែ​អាខ្វាក់​មិន​ព្រម ចេះ​តែ​ទន្ទេញ​ថា «ស្តាយ​អានប់​កូន​ក្រោល​អញ​ធាត់​ល្អ​ណាស់» ហើយ​ក៏​ទៅ​តាម។
          លុះ​ទៅ​ដល់​កណ្តាល​វាល​ស្រែ បាន​ឃើញ​ខ្ទម​ស្រែ​គេ​មួយ មាន​ទាំង​រនាស់​ហើយ​ឃើញ​អណ្តើក​មួយ អាខ្វិន​ឃើញ​ហើយ​និយាយ​ប្រាប់​អាខ្វាក់​ថា «វ៉ឺយ​អាខ្វាក់​មាន​ខ្ទម​ស្រែ​គេ ហើយ​មាន​ខ្សែ​ពួរ និង​ចង្អេរ សន្ធឹក​ផង»។ អាខ្វាក់​ថា «ចេះ​តែ​យក​ឲ្យ​អស់»។ អាខ្វិន​ប្រកែក​ថា «យក​ធ្វើ​អ្វី​ធ្ងន់​អត់​អំពើរ»។ អាខ្វាក់​ថា «ធ្ងន់​អី​ឯង ធ្ងន់​តែ​អញ​ទេ ចេះ​តែ​យក​ទៅ»។ ហើយ​អាខ្វាក់​អាខ្វិន​យក​របស់​ទាំង​អស់​មាន​បាយ​មួយ​ឆ្នាំង​ដែល​គេ​ដាំ​ទុក​នៅ​ជើង​ក្រាន​ផង អាខ្វិន​កាល​កាន់​យក​របស់​សព្វ​គ្រប់​អស់​ហើយ ក៏​ឡើង​ជិះ​លើ​អាខ្វាក់​ទៀត។ អាខ្វាក់​ជា​មនុស្ស​មាន​កម្លាំង​ខ្លាំង ក៏​យក​របស់​ទាំង​អស់​ទៅ លុះ​ដើរ​ចូល​ព្រៃ​លេច​វាល​ទៅ​ត្រា​តែ​ភ្លឺ បាន​ជួប​មនុស្ស​ម្នាក់​គេ​មក​យក​ឃ្មុំ។ អាខ្វិន​ឃើញ​ប្រាប់​អាខ្វាក់​ថា «នែ​វ៉ឺយ​មាន​គេ​មក​យក​ឃ្មុំ»។ អាខ្វាក់​ឮ​ហើយ​ស្រែក​ហៅ​ទៅ​អ្នក​យក​ឃ្មុំ​ថា «វ៉ឺយ​ចែក​ឃ្មុំ​គ្នា​ស៊ី​ផង» អ្នក​យក​ឃ្មុំ​ឆ្លើយ​ថា «គ្នា​ស៊ី​តែ​ទឹក​ទេ ទុក​កាក​ឲ្យ​ឯង» ហើយ​អ្នក​យក​ឃ្មុំ ដោះ​ទុក្ខ​សត្វ​ធំ​ដាក់​បំពង់​ចុក​ជិត យក​ទៅ​ឲ្យ​អាខ្វាក់ អាខ្វាក់​កាន់​យក​ទៅ លុះ​ដើរ​លេច​វាល​ចូល​ព្រៃ ថ្ងៃ​ណាស់​ហើយ​ឃ្លាន​បាយ ទើប​និយាយ​គ្នា​ថា «យើង​ស៊ី​បាយ​សិន ឲ្យ​មាន​កម្លាំង​សឹម​ដើរ​ទៅ​ទៀត»។ អាខ្វាក់​ដាក់​អាខ្វិន​ចុះ ហើយ​ដាក់​របស់​ចេញ​ពី​ខ្លួន យក​បំពង់​ឫស្សី​ដែល​អ្នក​យក​ឃ្មុំ​ឲ្យ​នោះ ដោយ​ស្មាន​ថា​ជា​សាច់​ឃ្មុំ​មក​ស៊ី​នឹង​បាយ ដល់​ដក​ឆ្នុក​ឡើង​ធុំ​ក្លិន​ស្អុយ​លាមក អាខ្វាក់​ថា កន្លែង​សំណាក់​នេះ​ស្អុយ​លាមក​ហើយ​យើង​ទៅ​រក​ដំណាក់​ឈប់​ឯ​មុខ​ទៀត។ អាខ្វាក់​ចុក​បំពង់​លាមក​ហើយ ក៏​បបួល​អាខ្វិន​ទៅ​ឈប់​ឯ​មុខ​ទៀត​ដល់​បន្តិច​ទៅ អាខ្វាក់​ថា «អស់​កម្លាំង​ឃ្លាន​បាយ​ណាស់ រក​កន្លែង​ឈប់​ស៊ី​បាយ» អាខ្វិន​ក៏​មើល​ឃើញ​ម្លប់​ល្អ ហើយ​មាន​ទឹក​ត្រពាំង​ល្មម​ស៊ី​បាយ​បាន អាខ្វិន​ទះ​កំភ្លៀង​អាខ្វាក់​ឲ្យ​តម្រង់​ចូល​ទៅ​កន្លែង​ម្លប់​ឈើ​នោះ​ឯង ដល់​ហើយ​អាខ្វាក់​ដក​ឆ្នុក​បំពង់​នោះ​ឡើង ធុំ​ស្អុយ​ទៀត អាខ្វាក់​ប្រាប់​ទៅ​អាខ្វិន​ដូច​មុន អាខ្វាក់​អាខ្វិន​ចេះ​តែ​ស្អុយ​លាមក ដូច្នេះ​ឯង​ពីរ​បី​ដង។ ក្រោយ​ទៀត​អាខ្វាក់​ឃ្លាន​បាយ​ណាស់ បបួល​អាខ្វិន​ឈប់ ហើយ​ដក​ឆ្នុក​បំពង់​យក​ដៃ​លូក​ទៅ​ធុំ​ស្អុយ​លាមក ដឹង​ថា​លាមក ក៏​ប្រាប់​ទៅ​អាខ្វិន​ភ្លាម​ថា «វ៉ឺយ​អាខ្វិន! អា​ដែល​យក​ឃ្មុំ​នោះ​វា​បញ្ឆោត​យើង ជុះ​លាមក​ដាក់​បំពង់​ហើយ​ចុក​មាត់​បំពង់​ឲ្យ​មក​យើង»។ អាខ្វាក់​ខឹង​ណាស់ លាង​ដៃ​រួច​ហើយ​ស៊ី​បាយ​ពីរ​នាក់​នឹង​អាខ្វិន​និយាយ​គ្នា​ថា «យើង​ស៊ី​បាយ​ឲ្យ​មាន​កម្លាំង រួច​ហើយ​យើង​ទៅ​តាម​សម្លាប់​អាចង្រៃ ដែល​វា​បញ្ឆោត​ឲ្យ​លាមក​យើង ឲ្យ​វា​ស្លាប់​កុំ​ឲ្យ​វា​ធ្លាប់ តែ​បញ្ឆោត​យើង​ដូច្នេះ»។ អាខ្វាក់​អាខ្វិន​ស៊ី​បាយ​ហើយ​ប្រញ៉ាប់​ទៅ​រក​អ្នក​យក​ឃ្មុំ​នោះ លុះ​ទៅ​វង្វេង​ផ្លូវ​មិន​ដឹង​ជា​ទៅ​ឯ​ណា។ អាខ្វាក់​ឮ​សត្វ​សសេះ​ចោះ​ដើម​ឈើ​យក​កណ្ឌៀ​ស៊ី គិត​ស្មាន​ថា​អ្នក​យក​ឃ្មុំ ក៏​ស្រែក​ហៅ​ថា «ឯង​មាន​ចិត្ត ឯង​ចុះ​ពី​លើ​ដើម​ឈើ​មក»។ លុះ​ដើរ​ទៅ​ដល់​អាខ្វិន​ប្រាប់​ថា «សត្វ​សសេះ​ចោះ​ដើម​ឈើ​ទេ មិន​មែន​មនុស្ស​ទេ»។
          អាខ្វាក់​អាខ្វិន​ដើរ​លេច​វាល​ចូល​ព្រៃ លេច​ព្រៃ​ចូល​វាល ទៅ​ឆ្ងាយ​ណាស់ ក៏​បាន​ដល់​ស្រុក​គេ​មួយ ស្រុក​នោះ​ឯង មាន​ស្តេច​គង់​នៅ​នោះ​ហើយ​មាន​យក្ខ​តែង​មក​ស៊ី​មនុស្ស នៅ​សាលា។ ថ្ងៃ​ដែល​អាខ្វាក់​អាខ្វិន​ទៅ​ដល់​នោះ ស្តេច​ឲ្យ​យក​នាង​ពៅ ជា​ព្រះរាជ​បុត្រី​ក្រមុំ​តែ​មួយ ជា​បុត្រី​សម្លាញ់ ប៉ុន្តែ​យក្ខ​វា​ចង់​ស៊ី បើ​មិន​ឲ្យ​នាង​ពៅ​ទៅ​យក្ខ​ស៊ី នោះ​យក្ខ​វា​នឹង​ស៊ី​មនុស្ស​ក្នុង​នគរ ទាំង​នាហ្មឺន​ទាំង​ស្តេច។ នាង​ពៅ​អាណិត​អស់​រាស្ត្រ នូវ​នាហ្មឺន​និង​ស្តេច បាន​ជា​មក​ឲ្យ​យក្ខ​ស៊ី។ ជួន​ជា​ថ្ងៃ​នោះ​ឯង អាខ្វាក់​អាខ្វិន​ទៅ​ដល់​សាលា​នោះ ហើយ​អាខ្វិន​ប្រាប់​អាខ្វាក់​ថា «យើង​ដល់​សាលា​សំណាក់​ដែល​គេ​ឈប់ យើង​ក៏​ល្មម​ពេល​នឹង​ឈប់» ហើយ​អាខ្វាក់​អាខ្វិន​ចូល​ទៅ​ក្នុង​សាលា។ ឯ​នាង​ពៅ​នៅ​ក្នុង​ស្គរ ឮ​មាត់​អាខ្វាក់​អាខ្វិន​និយាយ​គ្នា​ហើយ ក៏​សួរ​ទៅ​ថា «អ្នក​មក​ពី​ណា ត្បិត​សាលា​នេះ​ស្តេច​ធ្វើ​សម្រាប់​ដាក់​មនុស្ស​ឲ្យ​យក្ខ​ស៊ី​សព្វ​ថ្ងៃ តែ​ដល់​ព្រលប់​យក្ខ​វា​ហោះ​មក​ឮ​សន្ធឹក​ដូច​ជា​ផ្គរ វា​មក​ស៊ី​មនុស្ស​នៅ​សាលា​នេះ ឯ​ខ្លួន​ខ្ញុំ​មក​ឲ្យ​ជា​ចំណី​យក្ខ​ស៊ី ដូច្នេះ​ចូរ​អ្នក​ចេញ​ទៅ​ជា​ឆាប់ ខំ​តែ​នៅ មុខ​ជា​យក្ខ​វា​ស៊ី​ជា​ចំណី​វា​មិន​ខាន​ទេ»។ ឯ​អាខ្វាក់​ហេតុ​តែ​ជា​មនុស្ស​ខ្វាក់​ពី​កំណើត​មិន​ចេះ​ខ្លាច​អ្វី​ផង មាន​កម្លាំង​មាន​រិទ្ធិ​ផង ឮ​ហើយ​ក៏​ឆ្លើយ​ថា ខ្លាច​អី​យក្ខ​នោះ បើ​វា​មក យើង​មិន​ចេះ​កាប់​វា​ឲ្យ​ស្លាប់​ទៅ នាង​ឯង​នៅ​ឲ្យ​តែ​ស្ងៀម យក​បាយ​ចំណី​ចំណុក​មក​ឲ្យ​យើង​ស៊ី មាន​កម្លាំង​នឹង​កាប់​យក្ខ​នោះ​ឲ្យ​ស្លាប់ នាង​ឯង​រក​តែ​ដាវ​ឲ្យ​មុត​ល្អ យើង​នឹង​កាប់​យក្ខ​នោះ»។ នាង​ពៅ​ឮ​អាខ្វាក់​ថា​ដូច្នោះ ក៏​ប្រាប់​ទៅ​ថា «បើ​អ្នក​សម្លាប់​យក្ខ​នោះ​បាន របស់​ទ្រព្យ​ទាំង​ប៉ុន្មាន​ដែល​គេ​យក​មក​ឲ្យ​យក្ខ​នោះ ខ្ញុំ​ជូន​អ្នក​ទាំង​អស់»។ អាខ្វាក់​បាន​ឮ​ដូច្នោះ​អរ​ណាស់ បង្គាប់​ទៅ​អាខ្វិន​ថា «ឲ្យ​យក​បាយ​ចំណី​ចំណុក​មក​ស៊ី​ឲ្យ​មាន​កម្លាំង នឹង​អាល​សម្លាប់​យក្ខ»។ អាខ្វិន​ឮ​នាង​ពៅ​ថា «យក្ខ​វា​នឹង​មក​ស៊ី» ក៏​ភ័យ​ស្ទើរ​នឹង​ស្លាប់។ អាខ្វាក់​ស៊ី​បាយ​ឆ្អែត​ហើយ បិទ​ទ្វារ​សាលា​ទាំង​អស់។ លុះ​ដល់​ព្រលប់​ងងឹត​បន្តិច ល្មម​វេលា​យក្ខ​មក​ស៊ី​មនុស្ស យក្ខ​ហោះ​មក​ឮ​សូរ​សន្ធឹក​ដូច​ព្យុះ​លាន់​ខ្ទរ​ទាំង​ដី។ អាខ្វិន​ភ័យ​ណាស់ ស្ទើរ​នឹង​លេច​អាចម៍​លេច​នោម នាង​ពៅ​ក៏​សន្លប់​នៅ​ក្នុង​ស្គរ។ អាខ្វាក់​ឮ​សន្ធឹក​យក្ខ​មក​មិន​ខ្លាច​សោះ អង្គុយ​នៅ​ចាំ​មាត់​ទ្វារ លុះ​ដល់​យក្ខ​មក​ហើយ ឃើញ​ទ្វារ​សាលា​បិទ យក្ខ​ស្រែក​សន្ធាប់​ដូច​រន្ទះ​ថា «នរណា​បិទ​ទ្វារ​សាលា​អញ?»។ អាខ្វាក់​គ្មាន​ខ្លាច​ស្រែក​តប​វិញ​ថា «អញ​បិទ​ទ្វារ​សាលា អញ​ខ្លាច​អី​ឯង»។ យក្ខ​ឆ្លើយ​ថា «មនុស្ស​មក​ពី​ណា​ចិត្ត​ធំ​ម្ល៉េះ​?»។ អាខ្វាក់​បោះ​ចង្អេរ​គ្រោង​ធំ​ទៅ​ឲ្យ យក្ខ​វា​មើល​ឃើញ​ចង្អេរ​គ្រោង​ហើយ គិត​ក្នុង​ចិត្ត​ថា «ថ្លើម​អានេះ​ធំ​ណាស់ សម​ខ្លួន​វា​ធំ​ជាង​ខ្លួន​អញ» ហើយ​យក្ខ​ថា «បើ​ថ្លើម​ឯង​ធំ​ប៉ុណ្ណេះ ចៃ​ឯង​ធំ​ប៉ុណ្ណា?»។ អាខ្វាក់​បោះ​អណ្តើក​ទៅ​ឲ្យ​យក្ខ​មើល។ យក្ខ​ស្មាន​ថា​ជា​ចៃ​មែន ហើយ​គិត​ក្នុង​ចិត្ត​ថា «ចៃ​វា​ធំ​ប៉ុណ្ណេះ សម​ខ្លួន​វា​ធំ​មែន» យក្ខ​សួរ​ទៅ​ទៀត​ថា «រោម​ជើង​ឯង​ធំ​ប៉ុណ្ណា?»។ អាខ្វាក់​បោះ​ពួរ​ដែល​គេ​ទាក់​ក្របី ទៅ​ឲ្យ​យក្ខ​មើល​ហើយ​ថា «រោម​ជើង​អញ​ប៉ុណ្ណេះ»។ យក្ខ​ភិត​ភ័យ​រត់​ត្រឡប់​ទៅ​វិញ។ អាខ្វាក់​អាខ្វិន​ប្រាប់​ទៅ​នាង​ពៅ​ថា «យក្ខ​វា​ត្រឡប់​ទៅ​វិញ។ ត្បិត​វា​ខ្លាច​យើង បើ​ដូច្នេះ​នឹង​មាន​យក្ខ​មក​ទៀត​ឬ​ទេ?»។ នាង​ពៅ​​ក្រោក​ពី​ភ័យ​សន្លប់​ឡើង ប្រាប់​ទៅ​អាខ្វាក់​ថា «នៅ​មាន​យក្ខ​ញី​មួយ​ទៀត យប់​បន្តិច​វា​នឹង​មក»។ អាខ្វាក់​ឮ​នាង​ពៅ​ប្រាប់​ដូច្នោះ ក៏​ប្រាប់​ទៅ​អាខ្វិន​ថា «ឯង​ទៅ​រក​រើស​ដាវ​មួយ ឲ្យ​មុត​ធំ​វែង​ល្មម​នឹង​កម្លាំង​អញ»។ អាខ្វិន​ទៅ​រើស​ដាវ​ឲ្យ​អាខ្វាក់។ លុះ​យប់​យូរ​បន្តិច​ទៅ យក្ខ​ញី​វា​ហោះ​មក​ឮ​សន្ធឹក​ដូច​ផ្គរ។ អាខ្វាក់​ឮ​សន្ធឹក​យក្ខ​មក​ដូច្នោះ ក៏​ឈរ​កាន់​ដាវ​ចាំ​នៅ​មាត់​ទ្វារ ហើយ​បិទ​ទ្វារ​ទុក លុះ​យក្ខ​នោះ​មក​ដល់​ហើយ វា​ច្រាន​ទ្វារ​អើត​ក​ចូល​មក អាខ្វាក់​ឮ​សន្ធឹក​យក្ខ​ច្រាន​ទ្វារ កាប់​ស្មាន​ទៅ ត្រូវ​យក្ខ​ដាច់​ក​ស្លាប់​នៅ​ទី​នោះ​ឯង។ អាខ្វាក់​អាខ្វិន​ដឹង​ថា យក្ខ​ស្លាប់​ហើយ ក៏​បបួល​គ្នា​យក​ទ្រព្យ​សម្បត្តិ​មាស​ប្រាក់​នោះ​ទៅ។
          លុះ​ព្រឹក​ឡើង អាខ្វាក់​ដាក់​អាខ្វិន លើ​ក​ហើយ​ដើរ​ទៅ ឃើញ​ដើម​ក្រសាំង​មួយ ប្រាប់​អាខ្វាក់​ឲ្យ​ចូល​ទៅ​នឹង​ចែក​របស់​គ្នា លុះ​ដល់​ហើយ អាខ្វាក់​ដាក់​អាខ្វិន​ចុះ​ពី​លើ​ក​ហើយ​យក​របស់​មក​ចែក​គ្នា អាខ្វិន​ជា​មេ​ចំណែក​រើស​របស់​ល្អ​នៅ​មុន​ខ្លួន អាក្រក់​ដាក់​នៅ​មុខ​អាខ្វាក់ ហើយ​សួរ​ទៅ​អាខ្វាក់​ថា «ឯង​យក​របស់​ខាង​មុខ​ឯង ឬ​របស់​ខាង​មុខ​អញ?»។ អាខ្វាក់​មាន​ប្រាជ្ញា​គិត​ថា អាខ្វិន​វា​យក​របស់​អាក្រក់​ដាក់​មុខ​ខ្លួន ក៏​ប្រាប់​ទៅ​អាខ្វិន​ថា «អញ​យក​របស់​នៅ​មុខ​ឯង»។ អាខ្វិន​ដឹង​ថា អាខ្វាក់​យក​របស់​ល្អ​ក៏​ប្រាប់​ទៅ​អាខ្វាក់​ថា «ចែក​ម្តង​ទៀត ចែក​មុន​នោះ​មិន​ស្មើ​ទេ» ហើយ​អាខ្វិន​យក​របស់​ចែក​ម្តង​ទៀត ដល់​ចែក​ក្រោយ​ទៀត អាខ្វិន​យក​របស់​ល្អ​ដាក់​នៅ​មុខ​អាខ្វាក់ ហើយ​សួរ​ថា «អាខ្វាក់​ឯង​យក​របស់​ខាង​ណា?»។ អាខ្វាក់​គិត​ថា «ម្តង​នេះ​អាខ្វិន​យក​របស់​ល្អ​មក​ដាក់​នៅ​មុខ​ខ្លួន» ហើយ​យក​ដៃ​ស្ទាប​របស់​នៅ​មុខ​នោះ ក៏​ប្រាប់​អាខ្វិន​ថា «អញ​យក​របស់​នៅ​មុខ​អញ»។ អាខ្វិន​ឃើញ​អាខ្វាក់​បាន​របស់​ល្អ ក៏​ឆ្លើយ​ឡើង​ថា «ចែក​មិន​ត្រូវ​ទេ ចែក​ម្តង​ទៀត»។ អាខ្វាក់​ឆ្លើយ​ថា «ឯង​ចែក​ខ្លួន​ឯង​ហើយ​ឯង​ថា​ចែក​មិន​ត្រូវ»។ អាខ្វិន​យក​របស់​ចែក​ជា​ថ្មី​ទៀត ហើយ​ឲ្យ​អាខ្វាក់​ថា​ដូច​ពី​មុន។ អាខ្វាក់​ថា​ត្រូវ​លើ​តែ​របស់​ល្អ អាខ្វិន​ប្រាប់​អាខ្វាក់​ថា «មិន​ត្រូវ​ទេ ចែក​ម្តង​ទៀត»។ អាខ្វាក់​អាខ្វិន​ប្រកែក​គ្នា​ទៅ​វិញ​ទៅ​មក ពេល​នោះ​ផ្លែ​ក្រសាំង​ជ្រុះ​មក​ត្រូវ​ក្បាល​អាខ្វាក់​ៗ គិត​ស្មាន​ថា​អាខ្វិន​វាយ​ក៏​ឆ្លើយ​ថា «និយាយ​តែ​ត្រឹម​មាត់​មិន​អស់​ចិត្ត ដៃ​ដល់​ផង​ទៀត» ហើយ​អាខ្វាក់​ស្ទុះ​ទៅ​ធាក់​ដាល់​អាខ្វិន ទាល់​តែ​អាខ្វិន​ត្រង់​ដៃ​ត្រង់​ជើង​ទាំង​អស់ ឯ​អាខ្វិន​ស្ទុះ​ទៅ​ដាល់​អាខ្វាក់​ត្រូវ​ភ្នែក​ៗ ក៏​ជា​ភ្លឹ​ទាំង​ពីរ​ឡើង អ្នក​ទាំង​ពីរ​ក៏​បបួល​គ្នា​ចែក​របស់ តាម​ល្អ​តាម​អាក្រក់​ស្មើ​គ្នា​ទាំង​ពីរ​នាក់ ហើយ​បបួល​គ្នា​ដើរ​ទៅ​ទៀត។
          និយាយ​ពី​នាង​ពៅ កាល​ក្រោយ​អាខា្វក់​អាខ្វិន​ទៅ ដល់​ព្រឹក​ភ្លឺ​មែន​ទែន​ឡើង អស់​មនុស្ស​ម្នា​គេ​មក​មើល​នាង​ពៅ​នៅ​សាលា ឃើញ​នាង​នៅ​រស់ យក្ខ​ពុំ​ស៊ី​បាន ឃើញ​ឯ​យក្ខ​ស្លាប់​ចង្គ្រាង​នៅ​មាត់​ទ្វារ អស់​មនុស្ស​ម្នា​គេ​ទៅ​ក្រាប​ទូល​ស្តេច​តាម​ដំណើរ ស្តេច​ទ្រង់​ឲ្យ​ទៅ​យក​នាង​ពៅ​ពីក្នុង​ស្គរ​មក ទ្រង់​មាន​ព្រះ​ទ័យ​ត្រេក​អរ​ណាស់​ព្រោះ​ព្រះរាជធីតា​បាន​រួច​ពី​ស្លាប់ ទ្រង់​មាន​ព្រះ​បន្ទូល​សួរ​នាង​ពៅ​ថា «ដូច​ម្តេច​បាន​ជា​កូន​រួច​ពី​ស្លាប់ ហើយ​ឃើញ​ឯ​យក្ខ​ស្លាប់​ទៅ​វិញ?»។ នាង​ពៅ​ក្រាប​ទូល​ព្រះបិតា​តាម​ដំណើរ​សព្វ​គ្រប់។ ព្រះរាជធិតា​បាន​ឮ​ព្រះរាជធិតា​ក្រាប​ទូល​ដូច្នោះ ទ្រង់​ឲ្យ​ប៉ាវ​គង​រក​អ្នក​ណា​ដែល​សម្លាប់​យក្ខ​នោះ ទ្រង់​នឹង​ព្រះរាជ​ទាន​ព្រះរាជធិតា​ជា​ប្រពន្ធ ហើយ​ឲ្យ​សោយ​រាជ្យ។ ឯ​អ្នក​ប៉ាវ​គង​ដើរ​ប៉ាវ​គង​ទៅ​ក្នុង​ស្រុក​តូច​ធំ​ជួប​នឹង​ចៅ​ខ្វាក់​ចៅ​ខ្វិន ហើយ​ចៅ​ខ្វាន់​ចៅ​ខ្វិន​សួរ​ថា «មាន​កលិយុគ​កលិយាក​អី​បាន​ជា​ស្តេច​ឲ្យ​ប៉ាវ​គង?»។ អ្នក​ប៉ាវ​គង​ប្រាប់​ថា «ស្តេច​ឲ្យ​ប៉ាវ​គង​រក​អ្នក​សម្លាប់​យក្ខ​នឹង​យក​ទៅ​ឲ្យ​សោយរាជ្យ»។ ចៅ​ខ្វាក់​ចៅ​ខ្វិន​ឮ​ក៏​ត្រេកអរ​ណាស់ ប្រាប់​ថា «ខ្ញុំ​នេះ​ហើយ​សម្លាប់​យក្ខ កាល​ដើម​ខ្ញុំ​ខ្វាក់​ខ្វិន ឥឡូវ​ជា​ហើយ មិន​ជឿ​សោត​មាន​ទាំង​របស់​ដែល​ខ្ញុំ​យក​មក​ជា​សំគាល់​ផង»។ អ្នក​ប៉ាវ​គង​នាំ​ចៅ​ខ្វាក់​ចៅ​ខ្វិន​ទៅ​ថ្វាយ​ស្តេច លុះ​ទៅ​ដល់​ហើយ​ចៅ​ខ្វាក់​ចៅ​ខ្វិន យក​ទាំង​របស់​ដែល​យក​អំពី​សាលា​ចូល​ទៅ​គាល់​ស្តេច​គ្រាន់​ជា​សំគាល់ៗ ចៅ​ខ្វាក់​ចៅ​ខ្វិន​ក្រាប​ថ្វាយ​បង្គំ​ស្តេច ស្តេច​ទ្រង់​មាន​ព្រះបន្ទូល​សួរ​ថា «ចៅ​ឯង​ឬ​ដែល​សម្លាប់​យក្ខ?»។ ចៅ​ខ្វាក់​ចៅ​ខ្វិន​ក្រាប​ទូល​តាម​ដំណើរ​សព្វ​គ្រប់។ ស្តេច​ទ្រង់​ឲ្យ​នាង​ពៅ​មក​ឲ្យ​មើល ហើយ​ទ្រង់​សួរ​ថា «ចៅ​នេះ​ឬ​ដែល​សម្លាប់​យក?»។ នាង​ពៅ​ក្រាប​ទូល​ថា «អ្នក​នេះ​ហើយ ដែល​សម្លាប់​យក្ខ ប៉ុន្តែ​កាល​ពី​មុន​គាត់​ខ្វាក់​ខ្វិន ឥឡូវ​នេះ​មិន​ខ្វាក់​ខ្វិន​ទេ»។ ស្តេច​ទ្រង់​ជ្រាប ទ្រង់​ផ្សំ​នាង​ពៅ​ជា​ជាយា​ចៅ​ខ្វាក់ ឲ្យ​សោយរាជ្យ​ជំនួស​ព្រះអង្គ។ ដល់​ចៅ​ខ្វាក់​បាន​សោយរាជ្យ​ហើយ ឲ្យ​ចៅ​ខ្វិន​ធ្វើ​ជា​ឧបរាជ ត្បិត​ជា​មនុស្ស​កំសត់​កម្រ​ផង​គ្នា ក៏​បាន​សេចក្តី​សុខ​រៀង​រាប​ដរាប​ទៅ៕
«ភ្នែកសាច់ មិនសម្រចដូចភ្នែកប្រាជ្ញា»
------------------------------
ប្រភព ៖ ប្រជុំរឿងព្រេងខ្មែរ ភាគទី ២, វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ, ភ្នំពេញ, ២០០១, ទំព័រ ៣-១០។

រឿងមនុស្សខ្ពើមអាចម៍ជិះដំរីខ្ពើមក្តីឡើងចុងត្នោត

          កាល​ពី​ព្រេង​នាយ មាន​បុរស​ម្នាក់​ខ្ពើម​ក្តី ទៅ​ឡើង​ចុង​ត្នោត​ហើយ​យក​ស្លឹក​ត្នោត​ចាក់​ស្មុគ្រ ចាក់​ធ្វើ​រូប​សត្វ​ផ្សេង​ៗ ហើយ​គិត​ថា «អញ​លក់​ស្មុគ្រ​ទាំង​អស់​នេះ យក​ប្រាក់​ទៅ​ទិញ​សំលៀក​បំពាក់ និង​ទិញ​ក្របី​ធ្វើ​ស្រែ ហើយ​នឹង​លោះ​ខ្ញុំ​ប្រើ បើ​កាល​ណា​អញ​ប្រើ​វា​មិន​បាន អញ​នឹង​វាយ​ធាក់​វា» ថា​តែ​ប៉ុណ្ណោះ ក៏​យក​ជើង​ធាក់​ស្មុគ្រ​នោះ ធាក់​មិន​តិច​តួច ធាក់​ទាល់​តែ​ភ្លាត់​ជើង​ពី​លើ​ចុង​ត្នោត តែ​បុរស​នោះ ប្រវ៉ា​ចាប់​ចុង​ស្លឹក​ត្នោត​ជាប់ ដូច​ជា​គេ​ចង​ព្យួរ​តែក​តោក​នៅ​នោះ។ បុរស​នោះ​ភ័យ​ណាស់​មិន​ដឹង​បើ​នឹង​គណនា​ឡើយ។
          ពេល​នោះ បុរស​ម្នាក់​ទៀត​ដែល​ខ្ពើម​អាចម៍ ជិះ​នៅ​តែ​លើ​ខ្នង​ដំរី ក៏​បរ​ដំរី​នោះ​ទៅ លុះ​ដល់​ក្រោម​ដើម​ត្នោត បុរស​ខ្ពើម​ក្តី​ក្រឡេក​ឃើញ ក៏​ស្រែក​ហៅ​ថា «ឱ​អ្នក​ជិះ​ដំរី មេត្តា​ជួយ​យក​អាយុ​ខ្ញុំ​ផង»។ បុរស​ជិះ​ដំរី​ក្រឡេក​ឃើញ​បុរស​ខ្ពើម​ក្តី តោង​ធាង​ត្នោត​ព្យួរ​ខ្លួន​នៅ​នោះ ក៏​ឆ្លើយ​តប​ទៅ​វិញ​ថា «មិន​ដឹង​ជួយ​ដូច​ម្តេច​ទេ»។ បុរស​នៅ​លើ​ចុង​ត្នោត​ថា «អ្នក​ឯង​បរ​ដំរី​មក​ទី​ខាង​ក្រោម​ខ្ញុំ ហើយ​អ្នក​ឯង​ឈរ​ទាញ​ជើង​ខ្ញុំ​ចុះ»។ បុរស​ជិះ​ដំរី​ឮ​ហើយ ក៏​បរ​ដំរី​ទៅ​ពី​ខាង​ក្រោម​រួច​ក្រោក​ឈរ​លើ​ខ្នង​ដំរី លើក​ដៃ​ប្រវ៉ា​ចាប់​ជើង កំពុង​តែ​ចាប់​ជើង ដំរី​នោះ​ដូច​គេ​ទទោក​ដេញ​វា​ៗ ដើរ​ទៅ។ បុរស​ពីរ​នាក់​ក៏​នៅ​ព្យួរ​តែក​តោក​នៅ​នោះ។ បុរស​ខាង​លើ​ភ័យ​ពេក រាគ​អាចម៍​ដាក់​ក្បាល​បុរស​ខាង​ក្រោម។ បុរស​ពីរ​នាក់​ភ័យ​ណាស់​មិន​ដឹង​ធ្វើ​ដូច​ម្តេច។ ក្នុង​វេលា​នោះ មាន​បុរស​តំពែក​ទាំង​បួន​នាក់​ដើរ​រក​ស៊ី​កាន់​ក្តី លុះ​ដើរ​ទៅ​ដល់​កន្លែង​នោះ បុរស​ពីរ​នាក់​ដែល​តោង​ធាង​ត្នោត​នោះ ស្រែក​ថា «នែ​លោក​ទាំង​បួន​នាក់ ដែល​ដើរ​នោះ មេត្តា​ជួយ​យក​អាសារ​អាយុ​ខ្ញុំ​ផង សឹម​ខ្ញុំ​ទៅ​នៅ​ជា​ខ្ញុំ​បម្រើ​លោក»។ បុរស​តំពែក​បួន​នាក់​ឮ ងើប​មើល​ទៅ ឃើញ​បុរស​ពីរ​នាក់​នោះ ក៏​ជំនុំ​គ្នា​ថា «យើង​ទាំង​បួន​នាក់ តាំង​ពី​ដើរ​រក​ស៊ី​កាន់​ក្តី​មក យូរ​ថ្ងៃ​ខែ​-​ឆ្នាំ​ហើយ​មិន​ដែល​មាន​ខ្ញុំ​បម្រើ​សោះ ឥឡូវ​យើង​គិត​យក​អាពីរ​នាក់​នេះ​ធ្វើ​ជា​ខ្ញុំ​យើង» គិត​ដូច្នោះ​ហើយ បុរស​ទាំង​បួន​នាក់​ដើរ​ចូល​ទៅ​ក្រោម​ដើម​ត្នោត ក៏​និយាយ​ថា «យើង​មិន​ដឹង​ធ្វើ​ដូច​ម្តេច​ទេ»។ បុរស​ពីរ​នាក់​ថា «ឱ​លោក​អើយ! លោក​យក​សំពត់​នោះ​ចង​នឹង​ក​លោក ម្នាក់​មួយ​ជ្រុង ហើយ​ឈរ​ទាញ​ឲ្យ​តឹង​ពី​ក្រោម​ខ្ញុំ​ៗ នឹង​ទម្លាក់​ខ្លួន​ទៅ​លើ​សំពត់​នោះ»។ បុរស​បួន​នាក់​ស្តាប់​ហើយ ក៏​ធ្វើ​តាម​ពាក្យ​បុរស​ពីរ​នាក់ ស្រេច​ហើយ បុរស​ពីរ​នាក់​ទម្លាក់​ខ្លួន​មក​ចំ​សំពត់​នោះ។ ឯ​បុរស​ទាំង​បួន​ក៏​ទង្គិច​ក្បាល​គ្នា​ស្លាប់​អស់​ទៅ។ បុរស​ពីរ​នាក់​ក៏​ថា អ្នក​ទាំង​បួន​នាក់​ស្លាប់​ហើយ ភ័យ​ណាស់ លុះ​យប់​មាន​ផ្ទះ​យាយ​ចាស់​ម្នាក់​ប្តី​គាត់​មិន​នៅ ទៅ​ធ្វើ​​ចម្ការ បុរស​ពីរ​នាក់​ក៏​នាំ​គ្នា​សែង​ខ្មោច​បុរស​តំពែក​ទាំង​បួន យក​ទៅ​ដាក់​នៅ​រាន​ហាល​ផ្ទះ​នោះ ហើយ​នាំ​គ្នា​រត់​បាត់​ទៅ។ លុះ​ព្រឹក​ឡើង យាយ​ចាស់​ភ្ញាក់​ពី​ដេក​ចេញ​ទៅ​លុប​មុខ​ខាង​ក្រៅ ឃើញ​ខ្មោច​នោះ​ហើយ ភ្ញាក់​ព្រើត​ថា «យី​ខ្មោច​អ្វី​មក​ស្លាប់​នៅ​ទី​នេះ​ ថា​ហើយ​ក៏​អូស​ខ្មោច​នោះ​ម្តង​មួយ​ៗ យក​ទៅ​ដាក់​ក្នុង​ផ្ទះ ហើយ​យក​ខ្មោច​នោះ​មក​រុំ​សំពត់​ស យក​មក​ដាក់​នៅ​ខាង​ក្រៅ​ផ្ទះ យំ​ទួញ​ថា​ប្តី​ស្លាប់ ហើយ​ដើរ​ទៅ​រក​អ្នក​ស្រុក​ឲ្យ​គេ​ជួយ​យក​ទៅ​កប់ អ្នក​ស្រុក​មក​ជួយ​យក​ខ្មោច​នោះ​ទៅ​កប់ ហើយ​ត្រឡប់​មក​ផ្ទះ​វិញ។ លុះ​ស្អែក​ឡើង យាយ​ចាស់​ធ្វើ​ដូច​មុន​ទៀត ប្រាប់​គេ​ថា «ប្តី​ខ្លួន​ត្រឡប់​មក​វិញ»។ អ្នក​ស្រុក​គេ​ក៏​ជួយ​ទៀត លុះ​ខាន​ស្អែក​ឡើង យាយ​ធ្វើ​យ៉ាង​នេះ​ទៀត ទាល់​តែ​គ្រប់​ខ្មោច​ទាំង​បួន។ អ្នក​ស្រុក​គិត​គ្នា​ថា «យើង​ទៅ​វាយ​ខ្មោច​នេះ ក្រែង​មក​ទៀត» គិត​ហើយ​នាំ​គ្នា​ទៅ​ចាំ​នៅ​តាម​ផ្លូវ​ដែល​យក​ខ្មោច​នោះ​ទៅ​កប់»។ លុះ​ព្រលប់ តា​ប្តី​យាយ​នោះ​អស់​អង្ករ ត្រឡប់​ពី​ចម្ការ​មក​យក​អង្ករ​ស៊ី លី​ឆ្នាំង​មួយ​ផង មក​ដល់​ប្រទះ​នឹង​ពួក​អ្នក​ស្រុក ដែល​គេ​ចាំ​នោះ គេ​ស្រែក​ថា «កន​យើង​មក​ទៀត​ហើយ» គេ​នាំ​គ្នា​ដេញ​វាយ តា​ស្រែក​ថា «ខ្ញុំ​ទេ ខ្ញុំំ​មក​ពី​ចម្ការ»។ គេ​ថា «អា​ឯង​ស្លាប់​ទៅ​ហើយ​មក​វិញ ៤-៥ ដង ឲ្យ​តែ​គេ​លំបាក» គេ​ក៏​វាយ​តា​នោះ​ទាល់​តែ​ស្លាប់​ទៅ៕
«ខ្ពើម​អាចម៍​ជិះ​ដំរី ខ្ពើម​ក្តី​ឡើង​ចុង​ឈើ»
------------------------------
ដកស្រង់ពីទស្សនាវដ្តីកម្ពុជសុរីយា ឆ្នាំ ១៩៣៥ លេខ ៦, ទំព័រ ១៧១។
ប្រភព ៖ ប្រជុំរឿងព្រេងខ្មែរ ភាគទី ២, វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ, ភ្នំពេញ, ២០០១, ទំព័រ ១១-១៣។

រឿងមនុស្សលោភ

          កាល​ពី​ព្រេង​នាយ មាន​រឿង​មួយ​ថា មាន​កុមារី​ម្នាក់​អាយុ ១៤ ឆ្នាំ ម្តាយ​ប្រើ​ឲ្យ​ទៅ​ជីក​ដម្លូង។ ក្មេង​នេះ រៀប​ចប​រួច​ស្រេច ចេញ​ដើរ​ទៅ​រក​ដម្លូង ទៅ​ដល់​ព្រៃ​ធំ មាន​ដម្បូក​មួយ​មាន​រូង​ជ្រៅ។ នាង​កុមារី​ទៅ​ជីក​ដម្លូង នៅ​ជើង​ដម្បូក​នោះ ក៏​របូត​ផ្លែ​ចប​ជ្រុះ​ធ្លាក់​ទៅ​ក្នុង​រូង​នោះ។ នាង​មិន​ដឹង​ធ្វើ​ដូច​ម្តេច ក៏​ស្រែក​ប្រកាស​ថា «លោក​ណា អ្នក​ណា​អើយ ជួយ​យក​ផ្លែ​ចប​ឲ្យ​ខ្ញុំ​បាន ខ្ញុំ​នឹង​សង​គុណ​លោក»។ ស្រែក​តែ​ប៉ុណ្ណោះ​មាន​ខ្លា​ចាស់​មួយ ដំបៅ​ក្បាល រុយ​បែង ដង្កូវ​ចោះ​គគ្រិច​ចេញ​មក​ពី​ក្នុង​ព្រៃ ប្រាប់​ទៅ​នាង​នោះ​ថា «នាង! តា​អាច​យក​ឲ្យ​បាន​ផ្លែ​ចប​នោះ តែ​បើ​តា​យក​បាន តា​គ្រាន់​តែ​ឲ្យ​នាង​ឯង រក​ចៃ​ឲ្យ​តា​បាន​ហើយ តា​មិន​បាច់​យក​គុណ​ពី​ចៅ​ទេ»។ នាង​ឮ​ខ្លា​ថា​ដូច្នោះ ក៏​និយាយ​ទៅ​ថា «ឱ​លោក​តា​អើយ! ឲ្យ​តែ​លោក​តា​ជួយ​យក​ឲ្យ​បាន​ចុះ»។ ខ្លា​យក​ផ្លែ​ចប​ពី​ក្នុង​រូង​ឲ្យ​ទៅ​នាង ហើយ​ឲ្យ​នាង​រក​ចៃ​ឲ្យ។ នាង​នោះ​យក​បន្លា​មក​ឆ្កឹះ​ដង្កូវ នៅ​ក្នុង​ដំបៅ​ក្បាល​ខ្លា។ ខ្លា​ចេះ​តែ​សួរ​នាង​ថា «នាង! ដំបៅ​តា​ស្អុយ​ឬ​ក្រអូប?»។ ដំបៅ​នោះ​ស្អុយ​ណាស់ ប៉ុន្តែ​នាង​ឆ្លើយ​ប្រាប់​ទៅ​វិញ​ថា «ក្រអូប​ណាស់​លោក​តា»។ ខ្លា​ចេះ​តែ​សួរ នាង​ចេះ​តែ​ថា​ក្រអូប។ លុះ​ឆ្កឹះ​ដង្កូវ​អស់​ទៅ ខ្លា​បាត់​ឈឺ បាត់​រមាស់ ហើយ​និយាយ​ប្រាប់​នាង​ថា «នាង! នាង​យក​ជាល​មួយ​មក តា​នឹង​ដាក់​ដម្លូង​ឲ្យ»។ នាង​នោះ​យក​ជាល​មួយ​មក​ឲ្យ​ខ្លា​ៗ ដាក់​សុទ្ធ​តែ​មាស​ប្រាក់​ពេញ​ជាល ​ចង​​មាត់​ជាល​ជាប់​ឲ្យ​ទៅ​នាង រួច​ប្រាប់​នាង​នោះ​ថា «នាង​យក​ជាល​នេះ​ទៅ​ផ្ទះ ហៅ​បង​ប្អូន​នាង​មក​ជុំ បិទ​ទ្វារ​ឲ្យ​ជិត​សឹម​បើក»។ នាង​នោះ​លា​ខ្លា ដើរ​ទៅ​ដល់​ផ្ទះ ហៅ​បង​ប្អូន​មក​ជុំ រួច​ក៏​បើក​ជាល ដល់​បើក​ទៅ​បាន​សុទ្ធ​តែ​មាស​និង​ប្រាក់​ចែក​គ្នា។ លុះ​យូរ​បន្តិច ដឹង​ទៅ​ដល់​ស្រី​ឯ​ទៀត ដែល​មាន​កូន​ក្រមុំ ស្រី​នោះ​បញ្ជា​កូន​ក្រមុំ​ថា «ហង​ឯង​មើល​កូន​គេ​ៗ ទៅ​ជីក​ដម្លូង​បាន​មាស​ប្រាក់ យក​មក​ចែក​បង​ប្អូន​គេ ហង​​ទៅ​ជីក​បាន​តែ​ដម្លូង គ្មាន​បាន​ខ្មោច​អ្វី​ទេ»។ ថ្ងៃ​ក្រោយ ស្រី​នោះ​ប្រើ​ឲ្យ​កូន​ទៅ​ជីក​ដម្លូង លុះ​បាន​ទៅ​ជួប​ប្រទះ​នឹង​ខ្លា ដូច​នាង​មុន​ទៀត ក៏​ធ្វើ​ជា​ជ្រុះ​ចប ដូច​នាង​មុន​នោះ​ដែរ ហើយ​ថា «លោក​ណា​យក​ចប​ឲ្យ​ខ្ញុំ​បាន ខ្ញុំ​នឹង​សង​គុណ​លោក»។ ខ្លា​ឮ​ហើយ ក៏​យក​មក​ឲ្យ រួច​ឲ្យ​នាង​នោះ​ចាប់​ដង្កូវ​ឲ្យ។ ខ្លា​សួរ​ដូច​ពី​មុន​ថា «នាង! ដំបៅ​តា​ស្អុយ​ឬ​ក្រអូប?»។ នាង​នោះ​ឆ្លើយ​ថា «ស្អុយ​ណាស់»។ ខ្លា​ឮ​ដូច្នោះ​ថា «នាង​យក​ជាល​មួយ​មក តា​នឹង​ដាក់​មាស​ប្រាក់​ឲ្យ»។ នាង​ក៏​យក​ជាល​ឲ្យ​ខ្លា​ៗ ចាប់​សុទ្ធ​តែ​ពស់​វែក ដាក់​ពេញ​ជាល ហើយ​ឲ្យ​ទៅ​នាង​នោះ ប្រាប់​ថា «នាង​យក​ទៅ​ផ្ទះ​ហៅ​បង​ប្អូន​មក​ជុំ បិទ​ទ្វារ​ឲ្យ​ជិត​សឹម​បើក»។ នាង​នោះ​ទៅ​ដល់​ផ្ទះ ហើយ​ប្រាប់​ម្តាយ​ៗ អរ​ណាស់​ឲ្យ​បង​ប្អូន​មក​ជុំ​តាំង​បិទ​ទ្វារ រួច​បើក​ជាល​មើល។ ពស់​វែក​ចេញ​មក​ចឹក​មនុស្ស​ទាំង​នោះ​ស្លាប់​អស់​ទៅ៕
« ចចើងចង់លោភ រែងបាត់ធនទៅ »
------------------------------
ដកស្រង់ពីទស្សនាវដ្តីកម្ពុជសុរិយា ឆ្នាំ ១៩៣៥ ទំព័រ ១០៩។
ប្រភព ៖ ប្រជុំរឿងព្រេងខ្មែរ ភាគទី ២, វិទ្យាស្ថានពុទ្ធសានសបណ្ឌិត្យ, ភ្នំពេញ, ២០០១, ទំព័រ ១, ២។