កាលពីព្រេងនាយ មានចាបស្រុកនិងចាបព្រៃ ដើររកស៊ីដោយពួកជារាងរាល់ថ្ងៃ។ ខាងចាបស្រុកមានមេបាប្រដៅថា «បើរកស៊ីកុំជជែកឈ្លោះគ្នា ឲ្យឮមាត់គឹកកងរំពងឡើង ឲ្យប្រយ័ត្នខ្លួន បើព្រានវាវាយលប់ត្រូវឲ្យបបួលគ្នាខំហើរទូលលប់ឲ្យរបើក ដើម្បីនឹងឲ្យរួចរស់ជីវិត»។ ពួកចាបស្រុក ក៏ធ្វើតាមដំបូន្មានមេបាប្រដៅ តែងដើររកស៊ី មិនសូវហ៊ានមាត់ឲ្យឮជាគឹកកងទេ ជួនកាលបើព្រានវាយលប់ត្រូវ ក៏បបួលគ្នាខំហើរទូលលប់ព្រាន បានរួចជីវិតតែរៀងៗមក។ មានកាលថ្ងៃមួយ ពួកចាបព្រៃនិងពួកចាបស្រុកហើរចេញទៅរកស៊ី ជួបប្រទះហ្វូងគ្នានៅដើមត្រែងមួយគុម្ព។ ពួកចាបព្រៃទំនៅខាងក្រោម ពួកចាបស្រុកទំនៅខាងលើ ក៏បាក់មែកត្រែងពីលើមក ត្រូវក្បាលចាបព្រៃៗ និយាយប្រកាន់ទៅចាបស្រុកថា «ហេតុអីក៏កាច់មែកត្រែងទំលាក់មកឲ្យត្រូវក្បាលពួកយើង?»។ ចាបស្រុកក៏បានប្រាប់ទៅចាបព្រៃវិញថា «យើងមិនបានកាច់មែកត្រែងឲ្យបាក់ត្រូវអ្នកឯងទេ គឺមែកត្រែងវាបាក់ឯងធ្លាក់មកទេតើ»។ ពួកចាបព្រៃជាពួកឥតកាន់ដំបូន្មាន មិនពិចារណាឲ្យឃើញខុសត្រូវ ក៏បបួលគ្នាបង្ករហេតុ បង្កើតជាជម្លោះនឹងពួកចាបស្រុក ឮមាត់ជាគឹកកងរំពងឡើង។ ពួកព្រានឮមាត់ចាបនៅគុម្ពត្រែងនោះច្រើន ក៏យកលប់ទៅវាយត្រូវទាំងអស់គ្នា។ ចាបទាំងពីរពួកនេះ បានត្រូវលប់ហើយ ក៏នៅតែឈ្លោះគ្នាទៀត។ ចាបស្រុកពោលទៅរកចាបព្រៃថា «បើពួកឯងគ្រាន់បើ ហេតុម្តេចក៏មិនបម្រះឲ្យរួចពីលប់នេះទៅ»។ ចាបព្រៃក៏ពោលមករកចាបស្រុកវិញថា «បើពួកឯងគ្រាន់បើ ហេតុម្តេចក៏មិនបម្រះខ្លួនឲ្យរួចពីលប់នេះទៅ បានតែពាក្យបញ្ជូនគ្នាទៅវិញទៅមក មិនគិតបម្រះឲ្យរួចជីវិតសោះ»។ កំពុងតែឈ្លោះគ្នា ស្រាប់តែព្រានក្រសោបឡើងចាប់ ចាប់បានចាបទាំងអស់ ក៏ពិឃាតក្ស័យអស់។ នេះហើយចាបស្រុក ជាពួកចាបល្អ តែខកខ្លួនមករកស៊ីជួបចូលនឹងហ្វូងចាបព្រៃ ជាពួកចាបប្រព្រឹត្តអាក្រក់ ក៏មានរឿងឈ្លោះគ្នាទាល់តែព្រានវាយលប់ត្រូវស្លាប់ទាំងអស់គ្នា៕
« ចោទគេដោយស្មាន ត្រឡប់បានក្តីទុក្ខ »
------------------------------
ដកស្រង់ពីទស្សនាវដ្តីកម្ពុជសុរិយា ឆ្នាំ ១៩៣៥ លេខ ២-៣ ទំព័រ ៦៧ តែក្នុងទស្សនាវដ្តីដាក់ឈោ្មះថា «រឿងចាបពូកប្រឈ្លោះនឹងចាបក្បាលតំពែក»។
ប្រភព ៖ ប្រជុំរឿងព្រេងខ្មែរ ភាគទី ២, វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ, ភ្នំពេញ, ២០០១, ទំព័រ ១៤, ១៥។