រឿងទេវតាសែកសោយ

          កាល​ពី​ព្រេង​នាយ មាន​បុរស​កំសត់​ពីរ​នាក់​ប្តី​ប្រពន្ធ មាន​កូន​ប្រុស​មួយ។ កូន​នោះ​កើត​ឡើង​វេលា​ណា មាន​ទេវតា​អាក្រក់​មក​ថែរក្សា​សែកសោយ។ តាំង​ពី​ទេវតា​អាក្រក់​មក​សែកសោយ​ក្មេង​នោះ ឪពុក​ម្តាយ​ក៏​ស្លាប់​ចោល​អស់​ទៅ។ ក្មេង​នោះ​នៅ​ជាមួយ​ជីដូន​ៗ ក៏​ថែរក្សា​ដរាប​ដល់​អាយុ ២០ ឆ្នាំ។ ថ្ងៃ​មួយ ក្មេង​នោះ​ចូល​ទៅ​ក្នុង​ព្រៃ ដើម្បី​រក​ឧស កំពុង​តែ​កាប់​ឧស មាន​ទេវតា​មួយ​អង្គ​ទៀត ដែល​ជា​ទេវតា​ល្អ បាន​ជួយ​ឲ្យ​ចំរុងចំរើន​យសស័ក្តិ​ភោគសម្បត្តិ។ ទេវតា​នោះ​និយាយ​នឹង​ទេវតា​អាក្រក់​ថា «តាំង​ពី​អ្នក​ឯង ចូល​មក​រក្សា​មនុស្ស​នេះ​កាលណា ម្តាយ​ឪពុក​គ្នា​ស្លាប់​ចោល​អស់​ហើយ គ្នា​ក្រ​លំបាក​ពន់ពេក ឃើញ​ថា​រឹទ្ធិ​អ្នក​ឯង​ពូកែ​មែន»។ ទេវតា​អាក្រក់​និយាយ​តប​ទៅវិញ​ថា «អ្នក​ជឿ​ថា​អំណាច​ខ្ញុំ​ពូកែ​ទេ?»។ ទេវតា​ល្អ​ឆ្លើយ​ថា «ខ្ញុំ​ជឿ​ហើយ ប៉ុន្តែ​ខ្ញុំ​សូម​រក្សា​មនុស្ស​នេះ​ម្តង»។ ទេវតា​អាក្រក់​ព្រម​បើក​អំណាច​ឲ្យ​ទេវតា​ល្អ ថែរក្សា​ហើយ​ហោះ​ទៅ។ ទេវតា​ល្អ​បណ្តាល​ឲ្យ​មនុស្ស​នោះ​កំពុង​តែ​កាប់​ឧស ក៏​ដាក់​ដឹង​ចុះ​ហើយ​ភ្ញាក់​ខ្លួន​ព្រើត​លោ​គិត​ថា «ឱអញ! បើ​អញ​នៅ​រស់ គ្រាន់​អញ​រកស៊ី​ចិញ្ចឹម​ជីវិត​ជីដូន​អញ​ទៀត បើ​ប្រសិន​ជា​អញ​ស្លាប់​ទៅ តើ​បាន​អ្នកណា​នឹង​រកស៊ី​ចិញ្ចឹម​ជីដូន​អញ​ទៀត បើ​ដូច្នេះ​អញ​គិត​ទៅ​និយាយ​បបួល​យាយ​អញ​ទៅ​នៅ​ធ្វើ​ខ្ញុំ​សេដ្ឋី គ្រាន់​តែ​សុំ​បាយ​គេ​ស៊ី ប្រហែល​ជា​គេ​ព្រម​ហើយ» គិត​តែ​ប៉ុណ្ណេះ ក៏​លែង​កាប់​ឧស​ត្រឡប់​ទៅ​ផ្ទះ​វិញ ទៅ​ដល់​និយាយ​ប្រាប់​ជីដូន​តាម​ដំណើរ​សព្វ​គ្រប់ ដែល​ខ្លួន​គិត​កាល​ទៅ​កាប់​ឧស។ ជីដូន​បាន​ស្តាប់​ហើយ​ក៏​ចូលចិត្ត​ព្រម​តាម​ចៅ បុរស​កំសត់​ទាំង​ពីរ​នាក់ គឺ​ជីដូន និង​ចៅ ក៏​នាំគ្នា​ដើរ​ទៅ​ផ្ទះ​មហាសេដ្ឋី ដល់​ចូល​ទៅ​ក្នុង​កំពែង​របង​ហើយ ទៅ​អង្គុយ​បត់ជើង​នៅ​មាត់​ជណ្តើរ​មហាសេដ្ឋី។ លុះ​បន្តិច​ទៅ មហាសេដ្ឋី​ប្តី​ប្រពន្ធ​នាំគ្នា​ចេញ​មក​ក្រៅ ក្រឡេក​ទៅ​ឃើញ​អ្នក​ទាំង​ពីរ​នាក់​នៅ​អង្គុយ​ក៏​សួរ​ទៅ​ថា «ឯង​មក​នេះ​មាន​ប្រាថ្នា​អ្វី?»។ បុរស​កំសត់​នោះ​ឆ្លើយ​ជំរាប​ទៅ​សេដ្ឋី​ថា «ខ្ញុំ​ពីរ​នាក់​ជីដូន និង​ចៅ​នេះ មក​សុំ​នៅ​ធ្វើ​ជា​ខ្ញុំ​បម្រើ​លោក គ្រាន់​តែ​យក​បាយ​ចិញ្ចឹម​ជីវិត»។ មហាសេដ្ឋី​ស្តាប់​ហើយ​ឆ្លើយ​ថា «អើ​ឯង​នៅ​ចុះ»។ បុរស​នោះ​ជំរាប​ទៅ​មហាសេដ្ឋី​ថា «សូម​លោក​មេត្តា​ឲ្យ​ខ្ញុំ​នៅ​បម្រើ​ខាងលើ​ផ្ទះ​បាយ​ហើយ​និង​ផ្ទះ​ធំ»។ មហាសេដ្ឋី​ព្រម ទើប​យាយ​ចាស់​នោះ សុំ​គ្រាន់​តែ​ដេញ​មាន់​ទា​កុំ​ឲ្យ​ស៊ី​ស្រូវ កាលណា​គេ​យក​ស្រូវ​ទៅ​ហាល។ បុរស​នោះ ខំ​យក​ចិត្ត​ទុក​ដាក់​បម្រើ​សេដ្ឋី​មិន​ឲ្យ​ទាស់ចិត្ត​បន្តិច​សោះ។ មហាសេដ្ឋី​មាន​ចិត្ត​អាណិត​ស្រឡាញ់​រាប់អាន។ លុះ​យូរ​ទៅ​ប្រមាណ​ជា ៣-៤ ឆ្នាំ បុរស​នោះ សុំ​មហាសេដ្ឋី​ទៅ​នៅ​ឃ្វាល​ក្របី​វិញ ដល់​នៅ​ឃ្វាល​ក្របី​ផ្លាស់​អស់​ខ្សែពួរ​ចាស់​ៗ​ទាំង​ប៉ុន្មាន ជួសជុល​ក្រោល​ឲ្យ​ស្អាត​ល្អ​ឡើង ក្របី​ទាំងអស់​ចំនួន ១០០ ក្បាល។ ដល់​យូរ​ទៅ មហាសេដ្ឋី​ប្តី​ប្រពន្ធ​និយាយ​គ្នា​ថា «តាំង​ពី​អានេះ​ទៅ​ឃ្វាល​ក្របី យើង​មិន​ដែល​ទៅ​មើល​វា​ម្តង​សោះ ដូច្នេះ​ត្រូវ​យើង​នាំ​គ្នា​ទៅ​មើល​វា​ម្តង» ក៏​នាំ​ប្តី​ប្រពន្ធ​ទៅ លុះ​ទៅ​ដល់ ទៅ​មើល​ក្របី ខ្សែពួរ និង​ក្រោល ពេញចិត្ត​ទាំង​អស់ ក៏​ត្រឡប់​មក​វិញ​និយាយ​គ្នា​ថា «អានេះ​ជា​មនុស្ស​ល្អ កាល​ដែល​យើង​ឃើញ​មុន មិន​ដែល​មាន​ប្រដាប់​សម្រាប់​ក្របី​ថ្មី​យ៉ាង​នេះ​ទេ ឥឡូវ​នេះ​មាន​ព្រម អានេះ​ជា​មនុស្ស​ចិត្ត​ត្រង់​នឹង​ចៅហ្វាយ​នាយ»។
          បុរស​នោះ​ទៅ​ឃ្វាល​ក្របី​រាល់ថ្ងៃ មាន​កាល​ថ្ងៃ​មួយ​នោះ ពេល​ល្ងាច​ដេញ​ក្របី​ត្រឡប់​មក​ក្រោល​វិញ មក​ដល់​ត្រពាំង​មួយ ដេញ​ក្របី​ចុះ​ទៅ​ត្រញំង​ទឹក ទៅ​ជាន់​លើ​ដុំ​មាស​នៅ​ក្នុង​ត្រញំង​នោះ បែរ​ទៅ​ខាងណា​ក៏​សុទ្ធ​តែ​ដុំមាស ពេញ​ត្រពាំង​ទាំងអស់។ បុរស​ថា «ដុំ​ថ្ម​អ្វី​ក៏​ច្រើន​ម្ល៉េះ ប៉ះ​ជើង​ស្ទើរ​ស្លាប់​ហើយ» ថា​ហើយ​ក៏​យក​ដុំមាស​មួយ​ដុំ​មក គិត​ថា «អញ​យក​ដុំ​ថ្ម​នេះ​ទៅ​ផ្ញើ​យាយ​អញ ព្រោះ​ថ្ម​នេះ​ល្អ»។ បុរស​នោះ​ដេញ​ក្របី​មក​ចូល​ក្រោល រួច​ហើយ​ក៏​យក​ដុំមាស​នោះ​ទៅ​ឲ្យ​ជីដូន​ៗ បាន​ដុំមាស​ហើយ​សួរ​ថា «ចៅ​យក​ពីណា​មក​យក​ទៅ​វិញ​ទៅ យាយ​មិន​ហ៊ាន​យក​ទេ ដុំមាស​ធំ​ម្ល៉េះ»។ បុរស​ដឹង​ជា​ដុំមាស​ដូច្នោះ​ហើយ ក៏​យក​ទៅ​ទុក​ក្នុង​ត្រពាំង​វិញ ចំណាំ​កន្លែង​ទុក​រួច​ត្រឡប់​មក​វិញ។
          ថ្ងៃ​ក្រោយ​មក ព្រះមហាក្សត្រ​ទ្រង់​ល្បង​ចិត្ត​ពួក​សេនាបតី ទ្រង់​មាន​ព្រះបន្ទូល​ទៅ​អមាត្យ​ថា «អ្នកឯង​ទៅ​ប្រាប់​សេនាបតី​ទាំង ៤ ថា​ ល្ងាច​នេះ​ឲ្យ​ដេក​ចាំ​ព្រះបរមរាជវាំង​នៅ​ចុង​ព្រះរាជរោង»។ អមាត្យ​នាំ​យក​ព្រះរាជបន្ទូល​ទៅ​ជំរាប​សេនាបតី​ទាំង ៤ តាម​ដំណើរ។ សេនាបតី​ទាំង​នោះ​ក៏​រៀប​ខ្លួន​មក​ដេក​តាម​ព្រះរាជឱង្ការ ពេល​មក​ដេក​នោះ មិន​គិត​ប្រុង​ប្រយ័ត្ន​សោះ គិត​តែ​ពី​ដេក​ទាល់​ភ្លឺ។ លុះ​យប់​ជ្រៅ​ស្ងាត់ ស្តេច​ទ្រង់​យាង​មក​ទត​សេនាបតី​ទាំង ៤ នោះ ឃើញ​ដេក​ទាំងអស់​គ្នា ក៏​ទ្រង់​យាង​ត្រឡប់​ទៅ​ក្រឡា​ព្រះបន្ទំ​វិញ ដល់​ព្រឹក​ឡើង ទ្រង់​មាន​ព្រះបន្ទូល​ឲ្យ​ចាប់​សេនាបតី​ទាំង​នោះ យក​ទៅ​កាប់​ចោល​ទៅ។ លុះ​ល្ងាច​ក្រោយ​ទៀត ទ្រង់​មាន​ព្រះបន្ទូល​ឲ្យ​ហៅ​មហាសេដ្ឋី​ទាំង ៤ ឲ្យ​មក​ដេក​ដូច​មុន​ទៀត។ មហាសេដ្ឋី​ដែល​ជា​ចៅហ្វាយ​របស់​បុរស​កំសត់​នោះ ភ័យ​ណាស់​ព្រោះ​មិន​ដឹង​ជា​មាន​រឿង​អ្វី បាន​ជា​ស្តេច​ឲ្យ​សម្លាប់​សេនាបតី​ទាំង ៤ មុន​នោះ ឥឡូវ​ដល់​មក​ខ្លួន​ទៀត គិត​ថា​មុខ​ជា​ស្លាប់​ហើយ កូន​ប្រពន្ធ​ទាំង​ប៉ុន្មាន​យំ​សោក​ទាំងអស់​គ្នា។ លុះ​បន្តិច​ទៅ ឮ​ទៅ​ដល់​បុរស​កំសត់​ៗ ក៏​ឡើង​មក​សួរ​ថា «ហេតុ​ម្តេច បាន​ជា​យំ​សោក​យ៉ាង​នេះ?»។ មហាសេដ្ឋី​ប្រាប់​ទៅ​តាម​ដំណើរ​រឿង។ បុរស​ថា «បើ​ដូច្នេះ ខ្ញុំ​សូម​ទៅ​ដេក​ជំនួស»។ មហាសេដ្ឋី​ឮ​ដូច្នោះ​ហើយ ក៏​អរណាស់ ឲ្យ​រក​សំពត់​អាវ​ល្អ​ៗ យក​មក​ឲ្យ​បុរស​កំសត់​នោះ​ស្លៀក ដោយ​គិត​ថា មុខ​ជា​ស្លាប់​ហើយ។ លុះ​បុរស​រៀប​ខ្លួន​ស្រេច នឹង​ទៅ​ដេក​ចាំ​វាំង ជាមួយ​ពួក​មហាសេដ្ឋី​ឯ​ទៀត តែ​ពេល​ទៅ បុរស​នោះយក​ទាំង​ដាវ​មួយ​ទៅ​ផង ទៅ​ដល់​ហើយ​ក៏​ដេក។ ពួក​មហាសេដ្ឋី​ឯ​ទៀត គេ​នៅ​អង្គុយ​និយាយ​គ្នា​លេង លុះ​ដល់​យប់​ជ្រៅ​ទើប​នាំ​គ្នា​ដេក​អស់​ទៅ។ បុរស​នោះ ដឹង​ថា​គេ​ដេក​ស្ងាត់ ក៏​ក្រោក​ឡើង​អង្គុយ​ម្នាក់​ឯង។ លុះ​យប់ជ្រៅ​ស្ងាត់ ស្តេច​ទ្រង់​ចេញ​មក​ដូច​មុន​ទៀត មក​ដល់​ចុង​ព្រះរាជរោង បុរស​នោះ​ក្រឡេក​ឃើញ​ទាញ​ដាវ​បាន ដេញ​កាប់​ធ្វើ​ជា​កាប់​ផុត​ៗ ស្តេច​រត់​រួច​ទៅ។ ក្នុង​មួយ​យប់​នោះ ស្តេច​ចេញ​មក ៣ ដង។ បុរស​ដេញ​កាប់​ទាំង ៣ ដង ស្តេច​ទ្រង់​រត់​ទៅ​វិញ។ លុះ​ព្រឹក​ឡើង ស្តេច​ទ្រង់​មាន​ព្រះបន្ទូល ឲ្យ​ចាប់​សេដ្ឋី​ទាំង ៣ នាក់ ដែល​ដេក​នោះ​ទៅ​កាប់​ចោល ហើយ​ទ្រង់​មាន​ព្រះបន្ទូល​ឲ្យ​ហៅ​បុរស​កំសត់​នោះ​ទៅ ទ្រង់​មាន​ព្រះបន្ទូល​សួរ​បុរស​កំសត់​ថា «ឯង​ជា​សេដ្ឋី​ឈ្មោះ​អ្វី?»។ បុរស​កំសត់​ក្រាប​ទូល​ថា «ទូល​ព្រះបង្គំ​ជា​ខ្ញុំ ជា​កូន​មហាសេដ្ឋី​ឈ្មោះ​នោះ»។ ស្តេច​មាន​ព្រះបន្ទូល​ឲ្យ​ទៅ​ហៅ​មហាសេដ្ឋី ដែល​ជា​ចៅហ្វាយ​បុរស​កំសត់​នោះ​មក ទ្រង់​មាន​ព្រះបន្ទូល​សួរ​ថា «នេះ​ជា​កូន​អ្នក​មែន​ឬ​អ្វី?»។
          មហាសេដ្ឋី​ក្រាប​ទូល​ឆ្លើយ​ទទួល​ថា «កូន​មែន»។ ស្តេច​មាន​ព្រះបន្ទូល​ថា «បើ​កូន​មហាសេដ្ឋី​ឯង អញ​សុំ​ធ្វើ​ជា​កូន​អញ»។ មហាសេដ្ឋី​ក៏​ថ្វាយ​បុរស​នោះ​ទៅ​ស្តេច ហើយ​ក្រាប​បង្គំ​លា​ទៅ​ផ្ទះ​វិញ។ ស្តេច​មាន​ព្រះរាជបុត្រី​មួយ​ព្រះអង្គ ទ្រង់​ក៏​រៀប​ផ្សំផ្គុំ​នឹង​បុរស​កំសត់​នោះ​ជា​ប្តី​ប្រពន្ធ​ទៅ ហើយ​អភិសេក​ឲ្យ​ឡើង​សោយរាជ្យ​សម្បត្តិ ដោយ​អំណាច​ទេវតា​ល្អ ចុះ​មក​សែកសោយ​ថែរក្សា។ លុះ​សោយរាជ្យ​យូរ​ទៅ ស្តេច​បុរស​នឹក​ឃើញ​ទៅ​ដល់​មាស ដែល​នៅ​ក្នុង​ត្រពាំង ក៏​ត្រាស់​បង្គាប់​ទៅ​មហាសេដ្ឋី​ឪពុក ឲ្យ​ទៅ​ដឹក​មាស​នោះ​មក​ដាក់​ឃ្លាំង​ទុក។
          មាន​មួយ​ថ្ងៃ ស្តេច​បុរស​នោះ ចង់​ចេញ​ទៅ​កាន់​ចុង​ព្រះរាជរោង ឲ្យ​សេនាបតី​គាល់ ក៏​ទៅ​ទូល​ស្តេច​ឪពុក​ៗ ទ្រង់​ហាម​ថា «ឯង​ជាតិ​ជា​រាស្ត្រ បើ​ចេញ​ទៅ​ត្រូវ​យក​មហេសី​ទៅ​ផង»។ ស្តេច​បុរស​ទ្រង់​យាង​ចេញ​ទៅ​កាន់​ព្រះរាជរោង ជាមួយ​អគ្គមហេសី ពួក​នាហ្មឺន​ទាំងពួង​គាល់​ត្រៀបត្រា។ វេលា​នោះ ទេវតា​អាក្រក់​ដែល​រក្សា​បុរស​នោះ​អំពី​ដើម ត្រឡប់​មក​វិញ​ក៏​ជួប​នឹង​ទេវតា​ល្អ ហើយ​និយាយ​ថា «ឥឡូវ​នេះ អ្នក​រក្សា​មនុស្ស​នេះ តាំង​ពី​នៅ​លំបាក ទាល់​តែ​បាន​ធ្វើ​ស្តេច​ថែម​ទៀត នេះ​ឃើញ​ថា អំណាច​អ្នក​ពូកែ​មែន បើ​ដូច្នេះ​អ្នក​ចេញ​ទៅ ឲ្យ​ខ្ញុំ​រក្សា​ម្តង»។ ទេវតា​ល្អ ប្រគល់​ស្តេច​កំសត់​ឲ្យ​ទៅ​ទេវតា​អាក្រក់ ហើយ​ហោះ​ទៅ។ ពេល​នោះ​មាន​ភ្លៀង​ផ្គរ ទេវតា​អាក្រក់​ក៏​បណ្តាល​ចិត្ត​ស្តេច​បុរស​នោះ​មួយ​រំពេច ស្តេច​នោះ​មិន​បាន​គិត លោ​មាន​ព្រះបន្ទូល​ចំពោះ​ពួក​នាហ្មឺន ដែល​គាល់​ត្រៀបត្រា​ថា «អញ​ឮ​ផ្គរលាន់ ស្រណោះ​នៅ​ពេល​ឃ្វាលក្របី​ពីដើម​ណាស់» គ្រាន់​តែ​ប៉ុណ្ណោះ មហេសី​ក៏​ស្ទុះ​ទៅ​រក​ព្រះបិតា ហើយ​ក្រាបទូល​ថា «ព្រះវរបិតា​មិន​គួរ​ឲ្យ​ខ្ញុំ​ម្ចាស់​ទៅ​អាមនុស្ស​ឃ្វាលក្របី​នេះ​សោះ ខ្ញុំ​ម្ចាស់​លែង​យក​ហើយ ព្រោះ​វា​និយាយ​ចំ​មុខ​នាហ្មឺន ដែល​គាល់​ត្រៀបត្រា​ថា ឮ​ផ្គរលាន់ ស្រណោះ​នៅ​ពេល​ឃ្វាលក្របី​កាល​ពីដើម ខ្ញុំ​ម្ចាស់​ខ្មាស់​ពួក​នាហ្មឺន​សព្វ​មុខ​មន្ត្រី​ណាស់ ខ្ញុំ​ម្ចាស់​មិន​យក​ជា​ប្តី​ទេ»។ ស្តេច​បិតា​ឮ​ដូច្នោះ ក៏​ឲ្យ​ចាប់​ស្តេច​នោះ​យក​ទៅ​ដាក់​គុក​ទៅ។ ជាប់​គុក​បាន​ពាក់​កណ្តាល​ថ្ងៃ ទេវតា​ល្អ​ដែល​រក្សា​មុន​នោះ ត្រឡប់​មក​វិញ ហើយ​និយាយ​ទៅ​ទេវតា​អាក្រក់​ថា «អ្នក​មាន​រឹទ្ធិ​ណាស់ ចូល​មក​រក្សា​ភ្លាម ស្តេច​បុរស​បាន​ជាប់​គុក ដូច្នេះ​អ្នក​អញ្ជើញ​​ទៅ​​ចុះ ទុក​ឲ្យ​ខ្ញុំ​រក្សា​វិញ» រួច​ហើយ​ទេវតា​ល្អ ក៏​បណ្តាល​ចិត្ត​ស្តេច​បុរស​ៗ នឹក​ឃើញ​ភ្លាម​ថា «អញ​មិន​គួរ​ភ្លាត់​សំដី​ឲ្យ​ទាល់​តែ​ជាប់​គុក​សោះ ប៉ុន្តែ​គ្មាន​អ្នកណា​ដឹង​ថា អញ​ជាប់​គុក​នៅ​ឡើយ​ទេ ដូច្នេះ​អញ​បង្គាប់​ទៅ​សេដ្ឋី​ឪពុក​អញ ឲ្យ​យក​មាស​ដែល​យក​ពី​ក្នុង​ត្រពាំង​នោះ​ដំ​ធ្វើ​ជា​រូប​ក្របី ១០០ ដាក់​ជើង​ពាន​មាស ១០០ យក​មក​ឲ្យ​អញ​ក្នុង​ថ្ងៃ​ស្អែក​នេះ​ពី​ព្រឹក» គិត​តែ​ប៉ុណ្ណោះ ក៏​ប្រើ​មេគុក​ឲ្យ​ទៅ​ប្រាប់​សេដ្ឋី​ថា «ស្តេច​មាន​ព្រះបន្ទូល​ថា ឲ្យ​យក​មាស​ដំ​ធ្វើ​រូប​ក្របី ១០០ ដាក់​លើ​ជើង​ពាន​មាស ១០០ ហើយ​យក​ទៅ​ថ្វាយ​ស្តេច​ដល់​កន្លែង​ទ្រង់»។ សេដ្ឋី​ឮ​ហើយ ក៏​ហៅ​ជាង​ទាំងពួង ឲ្យ​ធ្វើ​ក្នុង​មួយ​យប់​ឲ្យ​ហើយ លុះ​ព្រឹក​ឡើង​ឲ្យ​ខ្ញុំ​ស្រី​សេដ្ឋី ១០០ នាក់ ទូល​យក​ទៅ​ថ្វាយ​ស្តេច​ក្នុង​ព្រះរាជវាំង។ ស្តេច​បិតា​ក្មេក​ទត​មក​ឃើញ ឲ្យ​អមាត្យ​រត់​ទៅ​មើល។ អមាត្យ​មក​ក្រាបទូល​វិញ ទ្រង់​មាន​ព្រះបន្ទូល​ឲ្យ​ហៅ​អ្នក​ទូល​ក្របី​នោះ​មក ហើយ​ទ្រង់​មាន​ព្រះបន្ទូល​ថា «នាង​ឯង​រាល់​គ្នា​យក​ក្របី​មាស​នេះ​ទៅ​ណា?»។ ស្រី​ទាំង​នោះ​ថា «ខ្ញុំ​ម្ចាស់​យក​មក​ថ្វាយ​ព្រះអង្គ»។ ស្តេច​ទ្រង់​ជ្រាប ទ្រង់​ឲ្យ​ហៅ​ព្រះរាជបុត្រី​ជា​មហេសី​ស្តេច​កំសត់ ឲ្យ​ចេញ​មក​មើល ហើយ​មាន​ព្រះបន្ទូល​ថា «កូន​អើយ! ដែល​ប្តី​ឯង​វា​ថា​ស្រណោះ​កាល​ឃ្វាលក្របី​នោះ មិន​មែន​ក្របី​សត្វ​ទេ គឺ​រូប​ក្របី​មាស​នេះ​ឯង កូន​មើល​ក្របី​នេះ​ចុះ ណ្ហើយ​កូន​កុំ​ខឹង​នឹង​ប្តី យក​ប្តី​វិញ​ទៅ» មាន​ព្រះបន្ទូល​តែ​ប៉ុណ្ណោះ ក៏​ទ្រង់​ឲ្យ​ទៅ​ដោះ​ស្តេច​បុរស​កំសត់​មក ហើយ​ទ្រង់​អភិសេក​នឹង​នាង​ជា​ព្រះរាជបុត្រី ឲ្យ​ឡើង​សោយរាជ្យ​សម្បត្តិ ជា​សុខ​សប្បាយ​រៀង​ទៅ ព្រម​ទាំង​យាយ​ជា​ជីដូន​នៃ​បុរស​នោះ​ផង៕
« រឹទ្ធិនៅទេវតា ប្រាជ្ញានៅមនុស្ស »
------------------------------
ដកស្រង់ពីទស្សនាវដ្តីកម្ពុជសុរិយា ឆ្នាំ ១៩៣៥ លេខ ៧-៨ ទំព័រ ៧១។
ប្រភព ៖ ប្រជុំរឿងព្រេងខ្មែរ ភាគទី ២, វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ, ២០០១, ទំព័រ ១៨-២៣។

រឿងបុរសដណ្តឹងប្រពន្ធ

          កាល​ពី​ព្រេង​នាយ មាន​បុរស​ម្នាក់​ចង់​បាន​ប្រពន្ធ ទៅ​ដណ្តឹង​កូន​គេ​ម្នាក់។ ម្តាយ​ឪពុក​គេ​ថា «បើ​ចង់​បាន​កូន​យើង​ជា​ប្រពន្ធ លុះ​តែ​ឲ្យ​យើង​ចង​ត្រាំ​ទឹក​បាន​បី​យប់ ទើប​យើង​ឲ្យ​កូន​បាន»។ បុរស​នោះ​ក៏​ព្រម​ឲ្យ​គេ​ចង​ត្រាំ​ទឹក ដល់​ត្រាំ​ទឹក​បាន​ពីរ​យប់ បុរស​នោះ​ឃើញ​ភ្លើង​ឆេះ​លើ​កំពូល​ភ្នំ ក៏​លើក​ដៃ​ឡើង​អាំង​លេង។ គេ​មើល​មក​ឃើញ គេ​ថា​បុរស​នោះ​អាំង​ភ្លើង គេ​មិន​ឲ្យ​កូន​គេ​ជា​ប្រពន្ធ​ឡើយ។ បុរស​នោះ​ខឹង​ណាស់ ក៏​ទៅ​ប្តឹង​ចៅក្រម ចៅក្រម​ឲ្យ​ទៅ​កោះ​ម្តាយ​ឪពុក​ខាង​ស្រី​នោះ​មក​ជំនុំជម្រះ។ ចៅក្រម​យក​សំណូក​ពី​អ្នក​ចុង​ក្តី ក៏​កាត់​ថា «ចៅ​ឯង​ត្រូវ​ចាញ់​គេ​ហើយ មិន​ត្រូវ​បាន​កូន​គេ​ទេ បើ​ដូច្នេះ ចៅ​ឯង​ទៅ​រៀប​បាយ​មក​ឲ្យ​យើង​ស៊ី»។ ឯ​ចៅ​នោះ ឮ​ចៅក្រម​កាត់​ថា​មិន​ត្រូវ​បាន​កូន​គេ​ជា​ប្រពន្ធ ហើយ​គេ​ប្រើ​ទៅ​រៀបបាយ​ឲ្យ​គេ​ស៊ី​ផង ក៏​តូច​ចិត្ត​ណាស់ ដើរ​បណ្តើរ​យំ​បណ្តើរ​ទៅ​ប្រទះ​នឹង​សុភាទន្សាយ​ៗ​សួរ​ថា «ថ្វី​ក៏​បាន​ជា​យំ?»។ បុរស​នោះ ប្រាប់​តាម​ដំណើរ​សព្វ​គ្រប់​ប្រការ។ សុភាទន្សាយ​សួរ​ថា «គេ​ឲ្យ​បង​ឯង​ទៅ​ណា?»។ បុរស​នោះ​ថា «ឥឡូវ​គេ​ប្រើ​ឲ្យ​ទៅ​រៀបបាយ»។ សុភាទន្សាយ​ថា «អើ​បង​រៀប​រួច មក​យក​អញ​ទៅ​ផង អញ​ទៅ​ជួយ​ជំនុំ​ឲ្យ តែ​អញ​ទៅ​មុខ​ជា​ឈ្នះ​ហើយ បើ​បង​ឯង​រៀបបាយ​មក ស្ល​កុំ​ដាក់​អំបិល​ប្រហុក។ អំបិល​ប្រហុក​ដាក់​ក្បែរ​ខាង​នោះ ស្ល​តែ​ត្រី និង​បន្លែ​បាន​ហើយ»។ បុរស​នោះ​ឮ​សុភាទន្សាយ​អួត​ដូច្នោះ​ក៏​អរ​ណាស់ ខំ​ទៅ​រៀបបាយ​ដូច​បង្គាប់​សុភាទន្សាយ ហើយ​ក៏​យក​មក​ជូន​គេ​ពីរ​នាក់​នឹង​សុភាទន្សាយ។ ទៅ​ដល់ ចៅក្រម​ឃើញ​សុភាទន្សាយ​មក ក៏​សួរ​ថា «បង​ទន្សាយ​មក​រក​អ្វី?»។ សុភាទន្សាយ​ឆ្លើយ​ថា «មក​ជួយ​ជំនុំ​ក្តី​លោក»។ ចៅក្រម​ថា «អើ! ចាំ​ស៊ីបាយ​រួច​សិន»។ ឯ​ចៅក្រម ដល់​ស៊ីបាយ​នោះ​ទៅ​សួរ​ថា «ស្ល​អ្វី​ក៏​សាប​ម្ល៉េះ?»។ សុភាទន្សាយ​ឆ្លើយ​ឡើង​ថា «ភ្លើង​ឆេះ​លើ​កំពូល​ភ្នំ​ថា​ក្តៅ​ដល់ ចុះ​អំបិល​ប្រហុក​ដាក់​ក្បែរ​នោះ ម្តេច​ក៏​បាន​ជា​មិន​ប្រៃ​ដល់?»។ សុភាទន្សាយ​ឆ្លើយ​តែ​ប៉ុណ្ណោះ ចៅក្រម​ទាល់​ប្រាជ្ញា ទើប​កាត់​សេចក្តី​ឲ្យ​បុរស​នោះ​ឈ្នះ ហើយ​ឲ្យ​កូន​ស្រី​នោះ​ធ្វើ​ជា​ប្រពន្ធ​របស់​បុរស​នោះ​ទៅ៕

« ចេះឯង ឲ្យក្រែងចេះគេ »
------------------------------
ដកស្រង់​ពី​អត្ថបទ​ខ្មែរ ប្រមូល ដោយ​លោក អេ.អាយម៉ូនីយេ គ./២ ទំព័រ ១៥៦។
ប្រភព ៖ ប្រជុំរឿងព្រេងខ្មែរ ភាគទី ២, វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ, ភ្នំពេញ, ២០០១, ទំព័រ ១៦, ១៧។

រឿងស្រី ៤ នាក់ដណ្តើមចោរម្នាក់ធ្វើប្តី

          មាន​និទាន​មួយ​ថា ៖ មាន​ស្រី ៤ នាក់​ឃើញ​ចោរ​ម្នាក់​ដែល​ព្រះមហាក្សត្រ​ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​រាជ​បុរស​ដោត​នៅ​ត្រង់​ទ្វារ​បន្ទាយ ប៉ុន្តែ​មិន​ទាន់​ស្លាប់​ទើប​ស្រី​ទាំង ៤ នាក់​គិត​ព្រម​ព្រៀង​គ្នា​ចូល​ទៅ​សូម​លោះ​ចោរ​នោះ អំពី​ព្រះមហាក្សត្រ ព្រះអង្គ​ទ្រង់​ព្រះរាជានុញ្ញាត​ឲ្យ​លោះ​យក​ចោរ​នោះ តែ​ទ្រង់​ឲ្យ​យក​មាស​មួយ​ពាន់​ដម្លឹង​ដាក់​ឃ្លាំង។ ឯ​ស្រី ៣ នាក់​គ្មាន​មាស​ថ្វាយ មាន​តែ​ស្រី​ម្នាក់​បាន​​មាស​មួយ​ពាន់​ដម្លឹង​ថ្វាយ​ជា​ថ្លៃ​ចោរ។ លោះ​រួច​ជ្រះ​ស្រឡះ​ហើយ​យក​ចោរ​នោះ​មក​នៅ​ផ្ទះ​ជា​មួយ​គ្នា ស្រី​ម្នាក់​ខំ​សង្វាត​រក​ថ្នាំ​មើល​ជំងឺ ស្រី​ម្នាក់​ខំ​សង្វាត​ដេក​ឱប​ក្រុង​រក្សា​មើល​ដុស​លាង​ខ្ទុះ​សំអុយ​សព្វ​ថ្ងៃ ស្រី​ម្នាក់​ខំ​សង្វាត​រក​ស៊ី​លក់​ដូរ​យក​ប្រាក់​មក​ចិញ្ចឹម​ជីវិត។
          លុះ​ចំណេរ​យូរ​ទៅ​ចោរ​នោះ​បាន​សះ​ស្បើយ​ជា​ជំងឺ ហើយ​ស្រី​ទាំង ៤ នាក់​ឈ្លោះ​ប្រកែក​គ្នា​ដណ្តើម​ចោរ​ម្នាក់​នោះ​ធ្វើ​ប្តី​តែ​សព្វ​ខ្លួន ប៉ុន្តែ​ជជែក​មិន​ដាច់​ស្រេច ព្រោះ​គ្មាន​អ្នកណា​សម្រេច​សេចក្តី​ឲ្យ​ទើប​នាង​ទាំង ៤ នាក់​នាំ​គ្នា​ទៅ​ដល់​ចៅក្រម​ជម្រាប​ប្តឹង​តាម​ដំណើរ​រៀង​ខ្លួន។ ចៅក្រម​ជំនុំ​ជម្រះ​ក្តី​នោះ​ពុំ​បាន ក៏​នាំ​នាង​ទាំង ៤ នាក់​ឡើង​ក្រាប​បង្គំ​ទូល​ព្រះមហាក្សក្រ​តាម​ដំណើរ​ទីទៃ​ៗ។ ស្រី​ទាំង ៤ នាក់​ក្រាប​ទូល​ថា «បើ​សេចក្តី​ដូច្នេះ​តើ​ចោរ​នោះ​នឹង​បាន​ជា​ប្តី​របស់​ស្រី​ណា?»។
          ព្រះមហាក្សត្រ​ទ្រង់​ព្រះពិចារណា ក្នុង​ព្រះរាជហរទ័យ​ឈ្វេងយល់​ស្រេច​ហើយ ទើប​ទ្រង់​មាន​ព្រះបន្ទូល​បង្គាប់​ថា «នាង​ដែល​មាន​តែ​មាស​ឲ្យ​ទៅ​លោះ​ចោរ​យក​មក​ហើយ មិន​បាន​ថែ​រក្សា​រក​ថ្នាំ​ចាំ​ជំងឺ មិន​បាន​ដេក​ឱប​ក្រុង​រក្សា​មើល​ជំងឺ​នោះ ត្រូវ​ទុក​ជា​ម្តាយ ឯ​នាង​ដែល​ខំ​សង្វាត​ដេក​ឱប​ក្រុង​រក្សា​ថែ​ទាំ​ជំងឺ​ដុស​លាង​សំអុយ​អសោចិ​សព្វ​ថ្ងៃ​នោះ ត្រូវ​បាន​ជា​ប្រពន្ធ​ព្រះស្តែង​ចោរ​នោះ ចំណែក​នាង​ដែល​ខំ​សង្វាត​លក់​ដូរ​យក​ប្រាក់​មក​ចិញ្ជឹម​ចោរ​នោះ​ត្រូវ​បាន​ជា​បង»។
          ព្រះមហាក្សត្រ​ទ្រង់​កាត់​សេចក្តី​ដូច្នេះ ហៅ​សុគតិគមនំ​ល្អ​ប្រពៃ​ហោង៕
------------------------------
ប្រភព ៖ ប្រជុំរឿងព្រេងខ្មែរ ភាគទី ៣, វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ, ភ្នំពេញ, ២០០១, ទំព័រ ១៧, ១៨។

រឿងព្រាហ្មណ៍ ៣ នាក់ដណ្តើមស្រីម្នាក់ធ្វើប្រពន្ធ

          មាន​និទាន​មួយ​ថា ៖ ព្រាហ្មណ៍​ម្នាក់​ឈ្មោះ តិន សា្វមី មាន​កូន​ស្រី​ម្នាក់​ឈ្មោះ នាង​មន្ទាវតី រូប​ឆោម​លោម​ពណ៌​ល្អ​លើស​លែង​ស្រី​ទាំង​ពួង គ្មាន​ស្រី​ណា​ប្រៀប​ផ្ទឹម​ស្មើ​ឡើយ បើ​ប្រុស​ណា​ឃើញ​នាង​នោះ​ហើយ តែង​ស្រឡាញ់​ចង់​បាន​នាង​ធ្វើ​ជា​ប្រពន្ធ​គ្រប់​គ្នា​ៗ​គ្នា ហើយ​ប្រាប់​ឪពុក​ម្តាយ​ឲ្យ​ទៅ​ស្តីដណ្តឹង​ដល់​ព្រាហ្មណ៍ តិន ស្វាមី ជា​ឪពុក។ ព្រាហ្មណ៍ តិន ស្វាមី មិន​ព្រម​ឲ្យ​ដល់​អ្នក​ចូល​ទៅ​ស្តីដណ្តឹង​អស់​នោះ​ឡើយ។
          ចំណេរ​មក​ខាង​ក្រោយ មាន​ព្រាហ្មណ៍ ៣ នាក់​នៅ​ក្នុង​នគរ​នោះ​ដែរ សុទ្ធ​តែ​ជា​កម្លោះ​មាន​រូបរាង​ល្អល្អះ ហើយ​ចេះ​សិល្បសាស្ត្រ​គ្រប់​គា្ន។ ព្រាហ្មណ៍​ម្នាក់​ឈ្មោះ វិទ្យាកេសី ព្រាហ្មណ៍​ម្នាក់​ឈ្មោះ វិទ្យាសុន្ធរ ព្រាហ្មណ៍​ម្នាក់​ទៀត​ឈ្មោះ វិទ្យាស្វាមី។ ព្រាហ្មណ៍​ទាំង ៣ នាក់​នេះ​ប្រាប់​ឲ្យ​ឪពុក​ម្តាយ​ចូល​ទៅ​ស្តីដណ្តឹង នាង​មន្ទោវតី កូន​ស្រី តិនស្វាមី ព្រាហ្មណ៍​ដូច​គ្នា។ តិនស្វាមី ព្រាហ្មណ៍​មិន​ឲ្យ​កូន​ស្រី​ទៅ​ព្រាហ្មណ៍​ណា​មួយ​ឡើយ ព្រោះ​គិត​ឃើញ​ថា «បើ​ឲ្យ​ទៅ​មា្នក់ មុខ​ជា​ពីរ​នាក់​ទៀត​ខឹង»។ លុះ​ចំណេរ​ត​មក ពួក​ព្រាហ្មណ៍​កម្លោះ​ៗ ជា​ច្រើន​ដែល​ស្រឡាញ់​ចង់​បាន នាងមនា្ទវតី ធ្វើ​ជា​ប្រពន្ធ​រាល់​គ្នា​នោះ ក៏​ទៅ​ចោម​រោម​និយាយ​ចែចង់ នាងមន្ទាវតី តាម​អំពើ​ចិត្ត​រៀង​ខ្លួន។ ឯ នាងមន្ទាវតី ដឹង​ថា ពួក​ព្រាហ្មណ៍​កម្លោះ​ៗ​ចោម​ស្រឡាញ់​ខ្លួន​ដូច្នោះ ក៏​កើត​ទុក្ខ​ក្រៀមក្រំ​ទៅ​ជា​ឈឺ​រីងរៃ​ស្គាំងស្គម​ទាល់​តែ​ក្ស័យ​ជីវិត​ទៅ។ ឪពុក​ម្តាយ​ក៏​ធ្វើ​បុណ្យ​ខ្មោច​កូន​ស្រី​នោះ​តាម​ទំនៀម។
          ឯ​ព្រាហ្មណ៍​ទាំង ៣ នាក់​ដូច​ចេញ​ឈ្មោះ​ខាង​ដើម ដែល​ស្រឡាញ់​ចង់​បាន នាងមន្ទាវតី ជា​ប្រពន្ធ​គ្រប់​គ្នា​នោះ កាល​បើ​បាន​ដឹង​ដំណឹង​ថា នាងមន្ទាវតី ក្ស័យ​ជីវិត​ទៅ​ហើយ ក៏​នៅ​តែ​ជាប់​ចិត្ត​អាឡោះអាល័យ​នាង​នោះ​ឥត​ភ្លេច ម្លោះ​ហើយ​ព្រាហ្មណ៍​ឈ្មោះ វិទ្យាកេសី ប្រមូល​ឆ្អឹង​ធាតុ​នាង​ទៅ​កប់​នៅ​ព្រៃ​មួយ ហើយ​ទួញ​យំ​ចាំ​យាម​ល្បាត​រៀង​ទៅ។ ឯ​ព្រហ្មណ៍ វិទ្យាសុន្ធរ ហេតុ​តែ​មាន​ចិត្ត​អាឡោះអាល័យ​នាង​ពេក ក៏​ទៅ​យំ​បោក​ខ្លួន​ប្រាណ​ប្រះ​ដេក​ននៀល​នៅ​ផ្នូរ​ខ្មោច​នាង​នោះឯង។ ចំណែក​ព្រាហ្មណ៍​ឈ្មោះ វិទ្យាស្វាមី ក៏​កើត​ទុក្ខ​សង្រេងសង្រៃ​ឥត​ស្បើយ​សោះ​ឡើយ ម្ល៉ោះ​ហើយ​ក៏​ដើរ​ទៅ​ពឹង​ពាក់​សំណាក់​អាស្រ័យ​នៅ​នឹង​ព្រាហ្មណ៍​ម្នាក់​ឈ្មោះ រុចិស្វាមី លើក​ដៃ​សំពះ​សុំ​រៀន​សិល្បសាស្ត្រ​មន្តអាគម​វិជ្ជាការ។ ឯ រុចិស្វាមី ព្រាហ្មណ៍​ជា​គ្រូ​អាចារ្យ​អាណិត ក៏​បង្រៀន វិទ្យាស្វាមី ព្រាហ្មណ៍​ឲ្យ​ចេះ​សិល្ប​ប្រោះ និង​សិល្ប​ជប់​ពូកែ​ឆុតឆាប់​ដូច​ចិត្ត។ លុះ វិទ្យាស្វាមី ព្រាហ្មណ៍​កម្លោះ​រៀន​សិល្បសាស្ត្រ​ចេះ​មន្ត​ប្រោះ​ជប់​ស្រេច​ហើយ ក៏​សំពះ​លា រុចិស្វាមី ព្រាហ្មណ៍​ជា​គ្រូ​វិល​មក​រក​ព្រាហ្មណ៍​ពីរ​នាក់ ហើយ​នាំ​គ្នា​ទៅ​ដល់​ផ្នូរ​ខ្មោច នាងមន្ទាវតី ប្រមូល​អស់​ឆ្អឹង​នាង​នោះ​ឡើង ទើប វិទ្យាស្វាមី ព្រាហ្មណ៍​បាន​សូត្រ​សែកមន្ត​ជប់​ឆ្អឹង​ឲ្យ​រស់​ជា​រូបរាង​នាង​នោះ​ល្អ​ប្រពៃ​ឥត​ឆ្គង​ឡើង​វិញ។ ព្រាហ្មណ៍​ទាំង ៣ នាក់​នោះ​យល់ នាងមន្ទាវតី មាន​រូប​ឆោម​លោមពណ៌​ល្អ​ប្រសើរ​ដូច្នោះ ក៏​ឈ្លោះ​ប្រកែក​ជជែក​គា្ន​ដណ្តើម​យក​នាង​ជា​ភរិយា​រាល់​ខ្លួន។ វិទ្យាកេសី «អញ​យក​ឆ្អឹង​នាង​នេះ​ទៅ​កប់​នៅ​ព្រៃ​ស្មសាន ហើយ​អញ​ចាំ​យាម​ល្បាត ឥត​មាន​អ្នកណា​ជួយ​អញ​សោះ នាង​នេះ​គួរ​តែ​បាន​ជា​ភរិយា​អញ»។ ចំណែក វិទ្យាសុន្ធរ ថា «អញ​ទៅ​ទួញ​យំ​សោក​រក្សា​ផ្នូរ​ខ្មោច​នាង​នេះ​នៅ​ព្រៃ​ស្មសាន​តែ​ម្នាក់ឯង នាង​នេះ​គួរ​តែ​បាន​មក​ជា​ភរិយា​របស់​អញ»។ វិទ្យាស្វាមី ថា «អញ​សង្វាត​ទៅ​រក​រៀន​សិស្បសាស្ត្រ​ចេះ​ហើយ​មក​ប្រោះ​ឲ្យ​នាង​នេះ​រស់​ដូច​ដើម នាង​នេះ​គួរ​តែ​បាន​មក​ជា​ភរិយា​របស់​អញ»។ ព្រាហ្មហ៍​ទាំង ៣ នាក់​ជជែក​ឈ្លោះ​ប្រកែក​គ្នា​ចង់​យក​នាង​ជា​ប្រពន្ធ​តែ​រៀង​ខ្លួន មិន​ដាច់​ស្រេច ក៏​នាំ​គ្នា​ទៅ​ដល់​ចៅក្រម ប្តឹង​តាម​ដំណើរ​ទីទៃ​ៗ ហើយ​សួរ​ថា «បើ​ដូច្នេះ តើ​នាង​នេះ​គួរ​បាន​ជា​ប្រពន្ធ​របស់​អ្នកណា?»។
          ចៅក្រម​នឹង​ជំនុំ​ជម្រះ​រៀង​នេះ​មិន​បាន ក៏​នាំ​ព្រាហ្មណ៍​ទាំង ៣ នាក់​ឡើង​ក្រាប​បង្គំ​ទូល​ព្រះមហាក្សត្រ​តាម​ដំណើរ​សព្វ​គ្រប់​ប្រការ។ ព្រះមហាក្សត្រ​ទ្រង់​ពិចារណា ឈ្វេងយល់​ក្នុង​ព្រះរាជហរទ័យ​ស្រេច​ហើយ ទ្រង់​ត្រាស់​ថា «ឯ​គុណ​ព្រះស្តែង​ទាំង ៣ នាក់​នេះ​សឹង​ប្រសើរ​គ្រប់​គា្ន គួរ​ជា​ឪពុក គួរ​ជា​ប្តី គួរ​ជា​កូន គឺ វិទ្យាស្វាមី ដែល​បាន​ចេះ​សិល្បសាស្ត្រ​ពូកែ​ឆុតឆាប់​មក​ប្រោះ​នាង​ឲ្យ​រស់​រូប​ល្អល្អះ​ដូច​ដើម​នោះ គួរ​បាន​ជា​ឱពុក ចំណែក វិទ្យាសុន្ធរ ដែល​នៅ​ចាំ​ថែ​រក្សា​ខ្មោច​នោះ គួរ​ឲ្យ​បាន​ជា​ប្តី ខាង វិទ្យាកេសី ដែល​មាន​ចិត្ត​សប្បុរស​បាន​យក​ធាតុ​នាង​ទៅ​កប់​នោះ គួរ​បាន​ជា​កូន​នាង​ហោង ហេតុ​ម្តេច​ក៏​បាន​ជា​កូន ហេតុ​តែ​គេ​បាន​យក​ធាតុ​នាង​ទៅ​កប់ ឧបមា​ដូច​កូន​លើក​ខ្មោច​ម្តាយ ហើយ​យក​ធាតុ​ម្តាយ​ទៅ​កប់​ឰ​ដ៍​ព្រៃ​ស្មសាន​នោះ​ឯង ហេតុ​ដូច្នេះ​ត្រវ​ទុក​នាង​ជា​ម្តាយ​ហោង។
ព្រាហ្មណ៍​ទាំង ៣ នាក់​បាន​ឮ​ព្រះបន្ទូល​ដូច្នេះ​ហើយ ក៏​សុខ​ចិត្ត​គ្រប់​គ្នា ក្រាប​ថ្វាយ​បង្គំ​លា​ទៅ​លំនៅ​អាត្មា​ទីទៃ​ៗ។
          ព្រះមហាក្សត្រ​ទ្រង់​កាត់​សេចក្តី​ដូច្នេះ ហៅ​សុគតិគមនំ សុចរិយុត្តិធម៌ ល្អប្រពៃ​ហោង៕
------------------------------
ប្រភព ៖ ប្រជុំរឿងព្រេងខ្មែរ ភាគទី ៣, វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ, ភ្នំពេញ, ២០០១, ទំព័រ ១៤-១៦។

រឿងបុរស ៤ នាក់រៀនសិល្ប ៤ បែប

          - ម្នាក់​រៀន​ធ្វើ​ឲ្យ​កើត​ជា​រូប​មនុស្ស
          - ម្នាក់​រៀន​ធ្វើ​ឲ្យ​មាន​អវ:យវ:
          - ម្នាក់​រៀន​ធ្វើ​ឲ្យ​មាន​សាច់​ឈាម​ពណ៌​សម្បុរ
          - ម្នាក់​រៀន​ធ្វើ​ឲ្យ​មាន​ជីវិត​ចេះ​និយាយ​ស្តី
          មាន​និទាន​មួយ​ថា ៖ មាន​មនុស្ស ៤ នាក់​ទៅ​ស្វែងរក​រៀន​សិស្បសាស្ត្រ​ឯ​តក្ក សិលាមហានគរ លុះ​រៀន​បាន​ចេះ​ចប់​សព្វ​គ្រប់​ហើយ ក៏​លា​លោកគ្រូ​អាចារ្យ​ត្រឡប់​មក​ស្រុក​ខ្លួន​វិញ កាល​មក​ដល់​ពាក់​កណ្តាល​ផ្លូវ​ក៏​ឈប់​សម្រាក​នៅ​ទី​​មួយ​ក្នុង​ព្រៃ ទីនោះ​មាន​ខ្លា​កាច​សាហាវ​ជា​ច្រើន នឹង​ដេក​មិន​លក់​សោះ។ បុរស​ទាំង ៤ នាក់​នោះ​គិត​គា្ន​ថា «គួរ​តែ​យើង​យក​ឈើ​មក​ធ្វើ​ជា​រូប​មនុស្ស​ស្ត្រី​ម្នាក់​ឲ្យ​ដេក​កំដរ​យើង»។ លុះ​គិត​ព្រមព្រៀង​គ្នា​ហើយ បុរស​ម្នាក់​យក​ឈើ​មក​ធ្វើ​ជា​រូប​រាង​ខ្លួន​ប្រាណ បុរស​ម្នាក់​ឆ្លាក់​​រចនា​សម្រចជា​រូប​អង្គ​ឲ្យ​ល្អ​ល្អះ ត្រចះ​ត្រចង់​សព្វ​សព៌ាង្គកាយ មាន​ទាំង​កេរ្តិ៍​ខ្មាស​ផង បុរស​ម្នាក់​សូត្រ​សែក​មន្ត​ឧបទេស បន្ទន់​សាច់​ឲ្យ​មាន​ពណ៌​សម្បុរ​ល្អិតល្អ ព្រម​ទាំង​ឲ្យ​មាន​សំលៀកបំពាក់​ដណ្តប់​ស្បៃ វិស័យ​ជា​មនុស្ស​ពិត​ៗ បុរស​ម្នាក់​សូត្រ​សែក​មន្ត​វិសេស​ឧបទេស ជប់​ឲ្យ​រស់​ជា​មនុស្ស​ចេះ​និយាយ​ស្តី។
          កាល​បុរស​ទាំង ៤ នាក់​យក​ឈើ​មក​ធ្វើ​ឲ្យ​កើត​ជា​រូប​មនុស្ស​ស្ត្រី​បាន​ស្រេច​ហើយ ក៏​ដណ្តើម​គ្នា​យក​ស្ត្រី​នោះ​​ធ្វើ​ជា​ភរិយា​តែ​រៀង​ខ្លួន ប្រកែក​ជជែក​គ្នា​ទៅវិញ​ទៅមក​គ្មាន​អ្នកណា​ជំនុំ​ជម្រះ​សម្រេច​ឲ្យ​សោះ ទើប​នាំ​គា្ន​ទៅ​ប្តឹង​ចៅក្រម​តាម​ដំណើរ​ទីទៃ​ៗ។ ឯ​ចៅក្រម​ជំនុំ​ជម្រះ​ឲ្យ​ដោយ​នូវ​គន្លង​ធម៌​ពុំ​បាន ក៏​នាំ​បុរស​ទាំង ៤ នាក់​នោះ ឡើង​ក្រាប​បង្គំ​ទូល​ព្រះមហាក្សត្រ​តាម​ដំណើរ​គ្រប់​ប្រការ។ បុរស​ទាំង ៤ នាក់​ក្រាប​ទូល​សួរ​ថា «សូម​ទ្រង់​ព្រះមេត្តា​ប្រោស បើ​សេចក្តី​ដូច្នេះ តើ​ស្រី​នេះ​គួរ​បាន​ជា​ប្រពន្ធ​អ្នកណា?»។
          ព្រះមហាក្សត្រ​ទ្រង់​ពិចារណា​ឈ្វេងយល់​ស្រេច​ហើយ ទ្រង់​មាន​ព្រះបន្ទូល​ថា «បុរស​ដែល​យក​ឈើ​មក​ធ្វើ​ជា​រូបរាង​សាងឡើង​ជា​អង្គ​នោះ​ត្រូវ​បាន​ម្តាយ បុរស​ដែល​ឆ្លាក់​សម្រេច​រូប​អង្គ​ផ្ជិតផ្ជង់​គ្រប់​ប្រការ​ឲ្យ​ល្អល្អះ​សព្វ​សព៌ាង្គ មាន​ទាំង​កេរ្តិ៍ខ្មាស​ផង​នោះ​ត្រូវ​បាន​ជា​ប្រពន្ធ បុរស​ដែល​សូត្រ​សែក​មន្ត​ឧបទេស​បន្ទន់​សាច់​សម្បុរ​ស្បែក​ឲ្យ​ល្អិតល្អ ឲ្យ​មាន​សំលៀកបំពាក់​ដណ្តប់​ស្បៃ​វិស័យ​មនុស្ស​ពិត​នោះ​ត្រូវ​បាន​ជា​បង ឯ​បុរស​ដែល​សូត្រ​សែក​មន្ត​វិសេស​ឧបទេស​ជប់​ឲ្យ​រស់​ជា​មនុស្ស​មាន​វិញ្ញាណ​ចេះ​និយាយ​ចេះ​ស្តី​នោះ​ត្រូវ​បាន​ជា​ឪពុក»។ ព្រះមហាក្សត្រ​ទ្រង់​កាត់​ក្តី​ដូច្នេះ​ហៅថា​សុគតិគមនំហោង៕
------------------------------
ប្រពភ ៖ ប្រជុំរឿងព្រេងខ្មែរ ភាគទី៣, វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ, ភ្នំពេញ, ២០០១, ទំព័រ ៩-១១។

រឿងបុរស ៤ នាក់រៀនសិល្បសាស្ត្រ

          - ម្នាក់រៀនទាយ
          - ម្នាក់រៀនបាញ់
          - ម្នាក់រៀនមុជទឹក
          - ម្នាក់រៀនជប់
          មាន​និទាន​មួយ​ថា ៖ មាន​បុរស ៤ នាក់​ទៅ​រក​រៀន​សិល្បសាស្ត្រ​អំពី​ព្រាហ្មណ៍​ជា​ទិសាបាមោក្ខាចារ្យ នៅ​តក្កសិលា​មហានគរ។ បណ្តា​បុរស​ទាំង ៤ នាក់ ម្នាក់​រៀន​ទាយ ម្នាក់​រៀន​បាញ់ ម្នាក់​រៀន​មុជ​ទឹក និង​ម្នាក់​ទៀត​រៀន​ជប់​ឲ្យ​រស់​ឡើង​វិញ។ អ្នក​ទាំង ៤ នាក់​សឹង​រៀន​ទីទៃ​ៗ​ពី​គ្នា លុះ​រៀន​ចប់​ហើយ​ក្រាប​លា​ទិសាបាមោក្ខាចារ្យ​ជា​គ្រូ​ទៅ​ស្រុក​វិញ លុះ​ចេញ​ដើរ​ទៅ​ដល់​ពេល​ល្ងាច​ឈប់​សម្រាក​ដេក​នៅ​ឆ្នេរ​សមុទ្រ។ ព្រឹក​ឡើង​បុរស​ចេះ​ហោរ​និយាយ​និង​បុរស​ទាំង ៣ នាក់​ថា «អ្នក​អើយ! ពេល​នេះ​យើង​នឹង​មាន​លាភ​ដោយ​សត្វ​ឥន្ត្រី​ពាំនាំ​យក​កូន​ស្តេច​មួយ​ព្រះអង្គ អំពី​ពារាណសី​មហានគរ​ហើរ​មក​ទៀប​លំនៅ​យើង​នេះ​ឯង»។ បុរស​ទាំង ៤ នាក់​គិត​គ្នា​ហើយ​ក៏​ឃ្លាំ​ចាំ​មើល​ដោយ​ទិស​ទីទៃ​ៗ។ ឰ​ដ៏​កាល​នោះ​ពុំ​យូរ​ឡើយ សត្វ​ឥន្ត្រី​ក៏​ពាំនាំ​នាង​ហើរ​មក ទៀង​ប្រាកដ​ឆុត​ដូច​ហោរ​ទាយ​នោះ​មែន បុរស​ចេះ​បាញ់​ក៏​ដំឡើង​ធ្នូ​បាញ់​ត្រូវ​សត្វ​ឥន្ត្រី​នោះ​ធ្លាក់​នាង​អំពី​មាត ចុះ​ទៅ​ក្នុង​ទឹក​សមុទ្រ អ្នក​ចេះ​មុជ​ទឹក​ក៏​មុជ​ចុះ​ទៅ​ស្រង់​យក​នាង​ឡើង​មក​បាន​ដូច​បំណង ឯ​អ្នក​ចេះ​ជប់​បាន​ជប់​នាង​នោះ​ឲ្យ​រស់​ឡើង​វិញ។ កាល​នាង​មាន​ជីវិត​រស់​ឡើង​វិញ​ហើយ អស់​អ្នក​ទាំង​អស់​នោះ​ឈ្លោះ​ប្រកែក​ជជែក​គ្នា​មិន​ដាច់​ស្រេច ក៏​នាំ​គ្នា​ទៅ​ប្តឹង​ដល់​ចៅក្រម ដោយ​ដំណើរ​ខ្លួន​ទីទៃ​ៗ ហើយ​សួរ​ចៅក្រម​ថា «នាង​នេះ​តើ​ត្រូវ​បាន​ជា​ប្រពន្ធ​នរណា?»។
          ចៅក្រម​ជំនុំ​ពិចារណា​រឿង​នេះ​ពុំបាន ក៏​នាំ​គ្នា​ទាំង ៤ ឡើង​ក្រាប​បង្គំ​ទូល​ព្រះមហាក្សត្រ​ដោយ​ដំណើរ​សព្វ​គ្រប់​ប្រការ។ ព្រះមហាក្សត្រ​ទ្រង់​ពិចារណា​ឈ្វេង​យល់​ក្នុង​ព្រះរាជ​ហរទ័យ​ថា ព្រះស្តែង​ទាំង​បួន នេះ​សឹង​មាន​គុណ​ប្រសើរ​ដូច​ៗ​គ្នា ហើយ​ទ្រង់​ត្រាស់​បង្គាប់​ថា «បុរស​ចេះ​ហោរ​ត្រូវ​ទុក​ជា​គ្រូ បុរស​ចេះ​បាញ់​ត្រូវ​ទុក​ជា​ឱពុក បុរស​ចេះ​ប្រោះ​ឲ្យ​រស់​ត្រូវ​ទុក​ជា​ម្តាយ បុរស​ចេះ​មុជ​ទឹក​ដែល​គេ​បាន​ស្ទាប​បាន​កាន់​អស់​អង្គ​នាង បាន​បីបម​ថ្នម​ទ្រ​នាង​ឡើង​មក​អំពី​ទឹក​ត្រូវ​បាន​នាង​ជា​ប្រពន្ធ»។
          លុះ​អំណេះ​ទៅ​មុខ បុរស​ជា​ប្តី​បាន​ជា​ស្តេច​ក៏​ចិញ្ជឹម​រក្សា​អ្នក​ទាំង​បី​ដោយ​នូវ​គន្លង​ព្រះមហាក្សត្រ​ទ្រង់​ត្រាស់​បង្គាប់​នោះ។
          ព្រះមហាក្សត្រ​ទ្រង់​កាត់​សេចក្តី​ដូច្នេះ ហៅ​សុគតិគមនំហោង៕
------------------------------
ប្រពភ ៖ ប្រជុំរឿងព្រេងខ្មែរ ភាគទី៣, វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ, ភ្នំពេញ, ២០០១, ទំព័រ ៥-៧។

រឿងពស់កេងកង

          កាល​ពី​ព្រេង​នាយ នៅ​លើ​ដី​យើង​នេះ គ្រប់​ស្រុក​ទាំង​អស់​មិន​មាន​ពស់​ពិស និង​ពស់​ឥត​ពិស​ទេ មាន​តែ​ពស់​កេងកង។
          មាន​និទាន​ថា កាល​ពី​ដើម​ឡើយ​មាន​មនុស្ស​ពីរ​នាក់​ប្តី​ប្រពន្ធ ប្រពន្ធ​ឈ្មោះ នាង​នី មាន​កូន​ស្រី​មួយ​ឈ្មោះ នាង​អេត។ ប្តី​នោះ​ទៅ​ជួញ​អង្កាំ​បាត់​ជា​យូរ​អង្វែង។ ថ្ងៃ​មួយ​អស់​បង​ប្អូន​ផ្ទះ​ជិត​ខាង គេ​បបួល​គ្នា​ទៅ​រក​ឧស។ ឯ​នាង​នី​ឮ​គេ​បបួល​គ្នា ក៏​ទៅ​ជា​មួយ​នឹង​គេ​ដែរ យក​នាង​អេត​ជា​កូន​ទៅ​ជា​មួយ​ផង លី​ដឹង​ចូល​ទៅ​ព្រៃ បាន​ឃើញ​ឧស​មួយ​ធំ។ នាង​នី​យក​ដឹង​ពុះ​ឧស លុះ​ពុះ​យូរ​បន្តិច​ទៅ ដឹង​ក៏​រង្គោះ​ធ្លាក់​ទៅ​ក្នុង​រន្ធ​ពស់។ នាង​នី​មើល​ទៅ​ឃើញ​ដឹង និង​ពស់​កេងកង ក៏​និយាយ​នឹង​ពស់​កេងកង​នោះ​ឲ្យ​ហុច​ដឹង​ឲ្យ។ ឯ​ពស់​កេងកង​ឆ្លើយ​ឡើង​ថា «អើ! បើ​នាង​ឯង​ដោយ​អញ ធ្វើ​ជា​ប្រពន្ធ​អញ ទើប​អញ​ឲ្យ​ដឹង បើ​នាង​ឯង​មិន​ដោយ​អញ មិន​ធ្វើ​ជា​ប្រពន្ធ​អញ​នោះ អញ​មិន​ឲ្យ​ដឹង​ទេ។ នាង​នី​ឮ​ពស់​កេងកង​ថា​ដូច្នោះ​ហើយ ហេតុ​តែ​ជា​ស្រី​ខូច ក៏​ទទួល​ព្រម​ថា «អើ! លែង​តែ​អ្នក​ឯង​ឲ្យ​ដឹង​មក​ខ្ញុំ​ចុះ ចាំ​ល្ងាច​សឹម​ខ្ញុំ​ឲ្យ​មេ​អេត​មក​ហៅ»។ ពស់​កេងកង​ឮ​នាង​នី​ថា​ដូច្នោះ ក៏​ឲ្យ​ដឹង​មក។ នាង​នី​ផ្តាំ​ដល់​ល្ងាច​សឹម​ឲ្យ​មេ​អេត​មក​ហៅ ហើយ​នាង​នី​ក៏​ទូល​ឧស​ទៅ​ផ្ទះ​ជា​មួយ​នឹង​នាង​អេត។ លុះ​ដល់​ព្រលប់ នាង​នី​ក៏​ប្រើ​មេ​អេត​ជា​កូន​ឲ្យ​ទៅ​ហៅ​ពស់​កេងកង។ នាង​អេត​ទៅ​ដល់​ឈរ​មាត់​រន្ធ​ពស់​ហៅ​ថា «ពស់​កេងកង​អើយ នាង​នី​ឲ្យ​ហៅ!»។ ឯ​ពស់​កេងកង​ឮ​ហើយ លូន​ចេញ​មក។ នាង​អេត​ឃើញ​ពស់ ក៏​ភ័យ​ខ្លាច​ព្រឺ​ស្ញើប​អស់​ទាំង​ខ្លួន ប៉ុន្តែ​ខ្លាច​ម្តាយ ព្រោះ​ម្តាយ​ប្រើ​មក ក៏​ខំ​សង្កត់​ចិត្ត​នាំ​ពស់​ទៅ​ផ្ទះ។ ពស់​នោះ​ធំ​ណាស់ លូន​ទៅ​លើ​ស្មៅ​បាក់​រាប​អស់ ដល់​ផ្ទះ​ហើយ ក៏​ឡើង​ទៅ​ដេក​ជា​មួយ​នឹង​នាង​នី។ នាង​នី​និយាយ​នឹង​ពស់​កេងកង​ថា «ខ្ញុំ​មាន​ប្តី ឥឡូវ​នេះ​គាត់​ទៅ​ជួញ​អង្កាំ ពីរ​បី​ឆ្នាំ​មក​ម្តង»។ ពស់​កេងកង​សួរ​ថា «ប្តី​នាង​ឯង​ទៅ​ប៉ុន្មាន​ថ្ងៃ ប៉ុន្មាន​ខែ​ទៀត​នឹង​មក​ដល់?»។ នាង​នី​ឆ្លើយ​ថា «មិន​ដឹង​ជា​ប៉ុន្មាន​ខែ ប៉ុន្មាន​ថ្ងៃ​ទៀត​នឹង​មក​ដល់​ទេ» ពស់​កេងកង និង​នាង​នី​ក៏​ដេក​លក់​ជា​មួយ​គ្នា​ទៅ ដល់​ជិត​ភ្លឺ​ទើប​ពស់​កេងកង​លា​នាង​នី​ទៅ​រូង​វិញ។ នាង​នី​ផ្តាំ​ថា «បើ​ប្តី​ខ្ញុំ​មក ខ្ញុំ​មិន​ឲ្យ​មេ​អេត​ទៅ​ហៅ​ទេ អ្នក​កុំ​មក បើ​ប្តី​ខ្ញុំ​មិន​ទាន់​មក​នោះ ខ្ញុំ​ប្រើ​មេ​អេត​ឲ្យ​ទៅ​ហៅ​អ្នក សឹម​អ្នក​មក»។ ពស់​កេងកង​ក៏​ទៅ​ឯ​រូង​ខ្លួន​វិញ​ទៅ។ រាល់​តែ​ល្ងាច នាង​នី​ប្រើ​មេ​អេត​ឲ្យ​ទៅ​ហៅ​ពស់​កេងកង។ នាង​អេត​ខ្លាច​ម្តាយ ក៏​ទៅ​ហៅ​តាម​ពាក្យ​ម្តាយ​ប្រើ ប៉ុន្តែ​ក្នុង​ចិត្ត​ខ្លាច​ពស់​នោះ​ណាស់ ដ្បិត​ពស់​នោះ​ធំ​ណាស់ ហើយ​វែង​ផង។ មួយ​ទៀត​ខឹង​ក្នុង​ចិត្ត ដ្បិត​ម្តាយ​សហាយ​នឹង​ពស់។ នាង​អេត​ទៅ​ដល់​មាត់​រូង​ហើយ​ហៅ​ថា «ពស់​កេងកង​អើយ! នាង​នី​ឲ្យ​ហៅ» ពស់​កេងកង​ឮ ក៏​លូន​ចេញ​មក ហើយ​ឆ្លើយ​ថា «អេត! អេត​អើយ! ថា​អញ​មិន​ទៅ ឪពុក​អេត​នៅ​កាត់​ក្បាល​អញ​ដាច់»។ នាង​អេត​ឆ្លើយ​ថា «ឪពុក​អញ​ទៅ​ជួញ​អង្កាំ ពីរ​បី​ឆ្នាំ​មិន​ទាន់​មក​ដល់»។ ពស់​កេងកង​ឮ​នាង​អេត​ប្រាប់​ដូច្នោះ ក៏​លូន​ចេញ​អំពី​រន្ធ​មក ហើយ​ចេះ​តែ​ទៅ​មក​ៗ​តែ​សព្វថ្ងៃ។ នាង​នី​សហាយ​នឹង​ពស់​កេងកង​ទាល់​តែ​ផើម។ លុះ​យូរ​បន្តិច​ទៅ​ប្តី​នាង​នី​មក​ពី​ជួញ​អង្កាំ​វិញ ឃើញ​នាង​នី​ពោះ​ធំ​សង្ស័យ ក៏​សួរ​នាង​អេត​ជា​កូន។ នាង​អេត​ប្រាប់​ឪពុក​វា​ថា «ម៉ែ គាត់​សហាយ​ជា​មួយ​នឹង​ពស់​កេងកង តែ​វេលា​ព្រលប់​កាល​ណា ឲ្យ​ខ្ញុំ​ទៅ​ហៅ​តែ​សព្វ​ថ្ងៃ»។ ឪពុក​ឮ​នាង​អេត​ប្រាប់​ដូច្នោះ ក៏​និយាយ​នឹង​នាង​អេត​ថា «ដល់​ល្ងាច​ហង​ឯង​ទៅ​ហៅ​ពស់​កេងកង​នោះ​មក​ទៀត អញ​ចាំ​កាប់​វា​នៅ​មាត់​ទ្វារ ហើយ​ហង​ឯង​កុំ​ឲ្យ​ម្តាយ​ហង​ឯង​ដឹង»។ ឯ​នាង​អេត​លុះ​ដល់​ព្រលប់ ក៏​ទៅ​ហៅ​ពស់​កេងកង​ថា «ពស់​កេងកង​ៗ! នាង​នី​ឲ្យ​ហៅ»។ ពស់​កេងកង​ឮ​ហើយ​ឆ្លើយ​ថា «អេត! អេត​អើយ! ថា​អញ​មិន​ទៅ ឪពុក​អេត​នៅ​កាត់​ក​អញ​ដាច់»។ នាង​អេត​ឆ្លើយ​ថា «ឪពុក​អញ​ទៅ​ជួញ​អង្កាំ ពីរ​បី​ឆ្នាំ​មិន​ទាន់​មក​ដល់»។ ពស់​កេងកង​ឮ​នាង​អេត​ប្រាប់​ដូច្នោះ ស្មាន​ថា​ឪពុក​នាង​មិន​ទាន់​មក​ពី​ជួញ​អង្កាំ​មែន ក៏​ទៅ​ដូច​សព្វ​ថ្ងៃ។ ឯ​ឪពុក​នាង​អេត​កាន់​ដាវ​ពួន​នៅ​មាត់​ទ្វារ​ចាំ​កាប់។ ពស់​កេងកង​លូន​ចូល​ក្នុង​ទ្វារ​បន្តិច ឪពុក​នាង​អេត​កាត់​ក​ដាច់ ហើយ​កាត់​មួយ​កំណាត់ ខាង​កន្ទុយ​យក​ទៅ​ដាក់​លើ​ស្កាក មួយ​កំណាត់​ខាង​ក្បាល​យក​ទៅ​ដាក់​លើ​មែក​ពុទ្រា ឯ​កណ្តាល​ខ្លួន​ឲ្យ​នាង​អេត​យក​ទៅ​ពន្លះ​ពន្លាត់​ស្បែក​ចោល ហើយ​ផ្តាំ​នាង​អេត​ថា «កុំ​ឲ្យ​ម្តាយ​ហង​ឯង​ដឹង តែ​ត្រូវ​ទុក​សាច់​ស្ល​ឲ្យ​ម្តាយ​ហង​ឯង​ស៊ី»។ ឪពុក​នាង​អេត​ក៏​លាង​ឈាម​ពស់​ជ្រះ​អស់ មិន​ឲ្យ​មាន​សល់។ ឯ​នាង​នី​ពុំ​បានដឹង​ជា​ប្តី​កាប់​ពស់​ជា​សហាយ​ស្លាប់​ទេ ព្រោះ​ពេល​នោះ​នាង​នី​មិន​នៅ ទៅ​សួរ​បង​ប្អូន​នៅ​ផ្ទះ​ឆ្ងាយ។ លុះ​ព្រឹក​ឡើង នាង​អេត​យក​សាច់​ពស់​មក​ស្ល​ទុក​ឲ្យ​នាង​នី​ជា​ម្តាយ​ស៊ី។ នាង​នី​ឃើញ​សម្ល​ខ្លាញ់​រលើប​ទាំង​ចាន​ទាំង​ឆ្នាំង ក៏​សួរ​នាង​អេត​ថា «បាន​សាច់​អ្វី​ស្ល​មេ​អេត!»។ នាង​អេត​ប្រាប់​ថា «សាច់​ជ្រូក»។ នាង​នី​គិត​ស្មានថា​សាច់​ជ្រូក​មែន ក៏​ឲ្យមេ​អេត​ដួស​សម្ល​យក​មក​ស៊ី​បាយ។ ​កាល​នាង​អេត​ដួស​សម្ល​មក​ឲ្យ នាង​នី​ជា​ម្តាយ​ស៊ី​នោះ មាន​ក្អែក​មួយ​វា​ឃើញ​ក្បាល​ពស់​ដាក់​លើ​មែក​ពុទ្រា វា​ចង់​ស៊ី​សាច់​ពស់ វា​បូល​ថា «ក​​ឡូវ​ៗ ក្លេម​ក្លម​លេប​សាច់​ប្តី​ឯង​»​។ នាង​នី​កំពុង​តែ​ស៊ី​បាយ​ឮ​ក្អែក​បូល​ដូច្នោះ ក៏​មើល​ទៅ​លើ​មែក​ពុទ្រា ឃើញ​ក្បាល​ពស់​កេងកង​លើ​មែក ហើយ​នាង​នី​នឹក​អាណិត​ស្រក់​ទឹកភ្នែក តែ​នាង​នី​ពុំ​ហ៊ាន​យំ ព្រោះ​ខ្លាច​ប្តី​ដែល​អង្គុយ​ស៊ី​បាយ​ជា​មួយ​គ្នា។ ប្តី​ឃើញ​នាង​នី​ស្រក់​ទឹក​ភ្នែក​ក៏​សួរ​ថា «ហេតុ​ម្តេច​បាន​ជា​ស្រក់​ទឹកភ្នែក»។ នាង​នី​ឆ្លើយ​ថា «ស៊ី​បាយ​ក្តៅ​សម្លក្តៅ រឭក​កូន​ចៅ រលោង​ទឹក​ភ្នែក»។ ឯ​ក្អែក​នោះ​ចេះ​តែ​បូល «ក​ឡូវ​ៗ ក្លេម​ក្លម​លេប​សាច់​ប្តី​ឯង ក្បាល​ដាក់​លើ​មែក​ពុទ្រា កន្ទុយ​ដាក់​លើ​ស្លាក»។ នាង​នី​មើល​ទៅ​លើ​ស្លាក​ឃើញ​កន្ទុយ​ពស់​កេងកង​លើ​នោះ។ ឯ​ប្តី​នាង​នី​ដឹង​ថា ប្រពន្ធ​សហាយ​នឹង​ពស់​កេងកង​ពិត​ប្រាកដ​ហើយ ក៏​នឹក​ភ្នក​ក្នុង​ចិត្ត ខឹង​ចង់​សម្លាប់​នាង​នី ប៉ុន្តែ​ធ្វើ​មិន​ឲ្យ​នាង​នី​ដឹង​ខ្លួន។ ដល់​នាង​នី​ផើម​ផ្ទៃ​ជិត​នឹង​សម្រាល ប្តី​បបួល​ទៅ​កក់​សក់​នៅ​មាត់​បឹង លុះ​ដើរ​ទៅ​ដល់​មាត់​បឹង ប្រាប់​ប្រពន្ធ​ថា «ទៅ​ទៀត​ឲ្យ​ឆ្ងាយ​ពី​ស្រុក​គេ យើង​នឹង​កក់​សក់​លេងឲ្យ​សប្បាយ​តែ​ពីរ​នាក់​ម្តង»។ នាង​នី​មិន​ដឹង​ខ្លួន​ឯង​ថា ប្តី​សម្លាប់ ស្មាន​ថា​ប្តី​នាំ​ទៅ​កក់​សក់​មែន ក៏​ដើរ​ចូល​ទៅ​ក្នុង​ព្រៃ​ឆ្ងាយ​ទៅ។ លុះ​ឃើញ​កំពង់​មួយ​រាប​ស្អាត វាល​ល្អ​ប្តី​ប្រាប់​ប្រពន្ធ​ថា «កំពង់​នេះ​រាប​សប្បាយ យើង​ឈប់​កក់​សក់​នៅ​នោះ​ចុះ» ឯ​នាង​នី​មិន​ដឹង​ខ្លួន​ថា ប្តី​គិត​សមា្លប់​ក៏​អង្គុយ​កក់​សក់​នៅ​មាត់ច្រាំង។ ប្តី​នោះ​ក៏​ហូត​ដាវ​កាប់​នាង​នី​ពី​ក្រោយ​ខ្នង​មិន​ឲ្យ​ដឹង​ខ្លួន ដាច់​ពាក់​កណ្តាល​ខ្លួន​ស្លាប់​ទៅ។ ពេល​នោះ​ឃើញ​សុទ្ធ​តែ​កូន​ពស់​លូន​ចេញ​អំពី​ពោះ​នាង​នី​មក។ ប្តី​នាង​នី​ក៏​កាត់​កូន​ពស់​នឹង​ដាវ ខ្លះ​កាប់​មិន​ទាន់​ក៏​លូន​ចូល​ទៅ​ក្នុង​ក្រហែង​ដី ខ្លះ​មុជ​ក្នុង​ទឹក ខ្លះ​លូន​ចូល​ក្នុង​ព្រៃ។ ព្រោះ​ហេតុ​នេះ​បាន​ជា​មាន​ពស់​ច្រើន​បែប​ច្រើន​យ៉ាង​មក​ដល់​ឥឡូវ​នេះ៕

« ឃ្លាតកាយ ណាយចិត្ត »

------------------------------
ដក​ស្រង់​ពី​ច្បាស់​សរសេរ​ដៃ​របស់ E Aymonier ទំព័រ ៣៤ ខាង​ផ្នែក​ភាសា​ខ្មែរ និង​ចុះ​កម្ពុជ​សុរិយា លេខ ១, ២, ៣ ឆ្នាំ ១៩៣៧ ទំព័រ ៥៥ គ្មាន​ឈ្មោះ​អ្នក​រៀប​រៀង​ទេ។
ប្រភព ៖ ប្រជុំ​រឿង​ព្រេង​ខ្មែរ ភាគទី ១, វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ, ភ្នំពេញ, ២០០១, ទំព័រ ៧-១០។

រឿងចចក

          កាល​ពី​ព្រេង​នាយ មាន​ចចក​ត្រោស​ធំ​មួយ ដល់​ខែ​លំហើយ​វា​ដើរ​រក​ត្រពាំង​បឹង​បួ​ដែល​រីង​ទឹក ដើម្បី​ចាប់​ត្រី​ស៊ី។ លុះ​ទៅ​ដល់​ត្រពាំង​មួយ​រីង​ទឹក​អស់ នៅ​តែ​ប្រឡង់​មួយ​ឃើញ​សុទ្ធ​តែ​ភក់ មាន​ត្រី កំពឹស បង្កង ក្តាម​ជា​ច្រើន​ណាស់។ ចចក​ឃើញ​ហើយ មាន​ចិត្ត​ត្រេក​អរ​រីក​រាយ​គិត​ថា «ថ្ងៃ​នេះ​អញ​មាន​លាភ​ធំ​ណាស់ ជា​លាភ​ចម្លែក​ជាង​សព្វ​ថ្ងៃ»។ ឯ​កំពឹស​មាន​ប្រាជ្ញា ឮ​ចចក​ថា​ដូច្នោះ​ហើយ ក៏​និយាយ​លួង​លោម​ចចក​ថា «យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​ជា​ចំណី​បង​ចចក​ឯង​ទាំង​អស់​ហើយ ប៉ុន្តែ​យើង​ប្រឡាក់​ភក់​ណាស់ បង​ឯង​ស៊ី​យើង​ទាំង​ភក់​ដូច្នេះ​មិន​ឆ្ងាញ់​ពិសា​ទេ»។ ចចក​ឆ្លើយ​ថា «ធ្វើ​ដូច​ម្តេច​នឹង​ឆ្ងាញ់​ពិសា?»។ កំពឹស​ឆ្លើយ​ថា «ត្រូវ​បង​ចចក​យក​យើង​ទៅ​លាង​ទឹក​ឲ្យ​ជ្រះ​ស្អាត​ហើយសឹម​ស៊ី​នោះ​ទើប​ឆ្ងាញ់​ពិសា»។ ចចក​ថា «ធ្វើ​ដូច​ម្តេច​នឹង​យក​ទៅ​លាង​បាន បើ​ច្រើន​ដល់​ម្ល៉េះ?»។ កំពឹស​ថា «បង​ចចក​កុំ​ព្រួយ​ចិត្ត ខ្ញុំ​ធានា​គិត​ឲ្យ​បង​បាន​ស្រួល ប៉ុន្តែ​ត្រូវ​បង​ឯង​តាម​ខ្ញុំ»។ ចចក​​ឆ្លើយ​ឡើង​ថា «បង​ឯង​ធ្វើ​ដូច​ម្តេច​ក៏​ខ្ញុំ​តាម​ទាំង​អស់»។ កំពឹស​ថា «ធ្វើ​ដូច្នេះ ចូរ​បង​ឯង​ចុះ​មក​ដេក​ននៀល​ក្នុង​ភក់​នេះ ហើយ​យើង​រាល់គ្នា នឹង​បាន​តោង​ខាំ​រោម​បង​ឯង បង​ឯង​នាំ​យើង​ទៅ​រក​ស្ទឹង​បឹង​បួ​ឯ​ណា ដែល​មាន​ទឹក​ថ្លា​ច្រើន បង​ឯង​លាង​យើង​ឲ្យ​ស្អាត ហើយ​សឹម​បង​ឯង​ស៊ី​ឲ្យ​ឆ្ងាញ់​ពិសា​តាម​ចិត្ត​ចុះ»។ ឯ​ចចក​ជា​សត្វ​ល្មោភ​ហើយ​ល្ងង់ ក៏​ធ្វើ​តាម​ពាក្យ​កំពឹស។ កំពឹស និង​ត្រី​បបួល​គ្នា​តោង​រោម​ចចក​ទៅ លុះ​ទៅ​ដល់​បឹង​មួយ​ធំ​វែង មាន​ទឹក​ថ្លា​ល្អ ចចក​ដើរ​ចុះ​ទៅ​ក្នុង​ទឹក អស់​ត្រី កំពឹស លោត​ទៅ​ក្នុង​ទឹក ហើយ​ប្រាប់​ថា «បង​ចចក​ឯង​ទៅ​ជញ្ជូន​មក​ឲ្យ​អស់​សិន សឹម​មក​ស៊ី​ឲ្យ​ឆ្អែត​តែ​ម្តង យើង​នៅ​ចាំ​បង​នៅ​ទីនេះ»។ ចចក​ក៏​ទៅ​ជញ្ជូន​ត្រី និង​កំពឹស​មក លុះ​ត្រា​តែង​អស់​ពី​ត្រពាំង​នោះ។ ពួក​ត្រី​កំពឹស ក្តាម​ខ្យង ដឹងថា ចចក​ជញ្ជូន​អស់​ហើយ ក៏​នាំ​គ្នា​មុជ​ក្នុង​ទឹក​បាត់​អស់​ទៅ។ ឯ​ចចក​ដឹង​ថា កំពឹស​បញ្ឆោត​ដូច្នេះ​ហើយ​ខឹង​ណាស់ ដើរ​ទៅ​បបួល​អស់​សត្វ​ធំ ដំរី​ រមាស ខ្លា គ្រប់​ភាសា​សត្វ ទាំង​ពស់​ថ្លាន់ ពស់​ធំ ពស់​តូច ទាំង​សត្វ​ហើរ គ្មាន​សេស​សល់​ដល់​តិច បបួល​គ្នា​មក​បាច​ទឹក​បឹង​នោះ​ឲ្យ​រី​ង នឹង​បាន​ចាប់​ត្រី​ក្នុង​បឹង​នោះ​ស៊ី​ឲ្យ​អស់ បាន​ឲ្យ​ពស់​ថ្លាន់​ធ្វើ​ជា​ទំនប់ អស់​សត្វ​ឯ​ទៀត​ក៏​បបួល​គ្នា​បាច។ សត្វ​ក្នុង​បឹង​ដឹង​ថា ចចក​បបួល​គ្នា​បាច​ទឹក​ឲ្យ​រីង​ទាំង​បឹង ភ័យ​ណាស់​ក៏​គិត​គ្នា​ថា «យើង​ធ្វើ​មេ្តច​នឹង​បាន​ឲ្យអស់ សត្វ​ទាំង​នោះ​លែង​បាច​ទឹក?»។ កាល​នោះ​ត្រី​ក្រាញ់​ឆ្លើយ​ឡើង​ថា ​«ខ្ញុំ​ឮ​គេ​និយាយ​ថា បង​សុភា​ទន្សាយ​ជា​អ្នក​មាន​ប្រាជ្ញា ចេះ​ដោះ​ទុក្ខ​មនុស្ស​សត្វ​ផង​ជា​ច្រើន​ណាស់​ហើយ បើ​ដូច្នេះ​ខ្ញុំ​នឹង​ទៅ​ពឹង​បង​សុភា​ទន្សាយ​ឲ្យ​មក​ជួយ​ដោះ​ទុក្ខ​អស់​យើង»។ ពួក​ត្រី​គិត​គ្នា​ហើយ ក៏​ប្រើ​ត្រី​ក្រាញ់​ទៅ​អញ្ជើញ​សុភា​ទន្សាយ។ ត្រី​ក្រាញ់​ប្រឹង​ននៀល​ទៅ លុះ​ដល់​ត្រូវ​ថ្ងៃ​ក៏​ក្រៀម​ស្រកា​អស់ ដល់​យប់ សុភា​ទន្សាយ​ចេញ​មក​រក​ស៊ី បាន​ឃើញ​ត្រី​ក្រាញ់​ននៀល​ដូច្នោះ ក៏​សួរ​ថា «បង​ត្រី​ក្រាញ់​ទៅ​ណា?»។ ត្រី​ក្រាញ់​ឃើញ​សុភា​ទន្សាយ​ហើយ មាន​ចិត្ត​ត្រេក​អរ​ណាស់ និយាយ​អង្វរ​ថា «បង​សុភា​ទន្សាយ​អាណិត​ខ្ញុំ ដ្បិត​ត្រី​ទាំង​អស់​ក្នុង​បឹង​គេ​ប្រើ​ខ្ញុំមក ឲ្យ​អញ្ជើញ​បង​សុភា​ទន្សាយ​ទៅ ដ្បិត​ឮ​ទាំង​សត្វ​ទាំង​មនុស្ស​និយាយ​ថា បង​ជា​អ្នក​មាន​ប្រាជ្ញា ចេះ​កាត់​សេចក្តី​ដោះ​ទុក្ខ បើ​អ្នក​ណា​កើត​ទុក្ខ បង​តែង​ទៅ​ជួយ​ដោះ​ទុក្ខ​គេ​មិន​ដែល​ខាន ឥឡូវ​មាន​ដំរី ក្របី គោ រមាស រមាំង ប្រើស ក្តាន់ ជ្រូក ពស់​ធំ ពស់​តូច ទាំង​សត្វ​ហើរ​គឺ​ គុក ក្រៀល បង្កៀលខ្យង ទុង ទោម ក្អែក​ទឹក ប្រវឹក ស្មោញ ទាំង​ប៉ុន្មាន បាន​បបួល​គ្នា​មក​បាច​ទឹក​បឹង​ឲ្យ​រីង នឹង​បាន​ចាប់​អស់​ត្រី អណ្តើក កន្ធាយ​ស៊ី​ជា​ចំណី​ឲ្យ​អស់​ពី​ក្នុង​បឹង​នេះ​ឯង បើ​ដូច្នេះ បង​សុភា​ទន្សាយ​អាណិត​ជួយ​ដោះ​ទុក្ខ​អស់​បង​ប្អូន​ខ្ញុំ ឲ្យ​បាន​រួច​ពី​ភ័យ​ម្តង​នេះ​នឹង​បាន​ល្បី​កេត្តិ៍​ឈ្មោះ​តទៅ អស់​យើង​នឹង​តប​គុណ​បង​សុភា​ទន្សាយ​ឯង យើង​មិន​ភ្លេច​គុណ​ដរាប​ដល់​អស់​ជីវិត»។ ឯ​ទន្សាយ​ឮ​ត្រីក្រាញ់​និយាយ​អង្វរ​ដូច្នោះ​ក៏​ឆ្លើយ​ថា «បង​ត្រីក្រាញ់​ទៅ​មុន​ចុះ ទៅ​ប្រាប់​បង​ប្អូន​កុំ​ឲ្យ​ភិយ​ភ័យ ចាំ​ខ្ញុំ​ជួយ​ដោះ​ឲ្យ​រួច កុំ​មាន​ចិត្ត​បារម្ភ​ឡើយ»។ ត្រីក្រាញ់​ក៏​ត្រឡប់​ទៅ​វិញ។ ឯ​ទន្សាយ លុះ​ព្រឹក​ព្រហាម​ឡើង ទៅ​មាត់​បឹង ឃើញ​អស់​សត្វ​កំពុង​តែ​បាច​ទឹក ក៏​យក​ស្លឹក​ឈើ​ដែល​ដង្កូវ​ស៊ី​ធ្លុះ​ៗ មក​ធ្វើ​ជា​សំបុត្រ ហើយ​ស្រែក​ហៅ​អស់​សត្វ​ទាំង​នោះ​ថា «នែ! បង​ប្អូន​ទាំង​អស់​គ្នា​ចាំស្តាប់​ខ្ញុំ ដ្បិត​ព្រះឥន្ទ្រ​លោក​ឲ្យ​ខ្ញុំ​នាំ​សំបុត្រ​មក​ប្រាប់​គ្រប់​គ្នា​ថា ព្រះឥន្ទ្រ​លោក​មក​កាច់​ជើង​ត្រុំ ប្រមុំ​ជើង​អក កាប់​ក្បាល​ឆ្កែ​ចចក ដក​ភ្លុក​ដំរី​»។ អស់​សត្វ​ឮ​ថា សំបុត្រ​ព្រះឥន្ទ្រ​ដូច្នោះ​ភ័យ​ណាស់ ផ្អើល​បោល​ជាន់​គ្នា ពាល​លើ​ដំរី ក្របី រមាស រមាំង​ៗ​ស្ទុះ​បោល​ទៅ​ជាន់​លើ​ពស់​ថ្លាន់​ជា​ទំនប់ ដាច់​ខ្លួន​ជា​ពីរ​បី​កំណាត់ ធ្លាយ​ទំនប់​លិច​ទឹក​ស្លាប់​អស់។ សត្វ​ទាំង​នោះ​ក៏​ទៅ​ជា​ចំណី​ត្រី​វិញ។ តាំង​អំពី​ថ្ងៃ​នោះ​មក អស់​សត្វ​ទាំង​ពួង កោត​ប្រាជ្ញា​សុភា​ទន្សាយ ទុក​សុភា​ទន្សាយ​ជា​គ្រូ​បា​អាចារ្យ​ទាំង​អស់​គ្នា៕
« អណ្តាត​ជា​អាតិ៍​កន្លង ស្លាប់​ផង រស់​ផង ពី​ព្រោះ​អណ្តាត »
------------------------------
ដក​ស្រង់​ពី​កម្ពុជ​សុរិយា​លេខ ១០-១២ ឆ្នាំ ១៩៣៦ ទំព័រ ១៤៣ គ្មាន​ឈ្មោះ​អ្នក​រៀប​រៀង​ទេ។
ប្រភព ៖ ប្រជុំរឿងព្រេងខ្មែរ ភាគទី ១, វិទ្យាស្ថានពុទ្ធសានបណ្ឌិត្យ, ភ្នំពេញ, ២០០១, ទំព័រ ៤-៦។

រឿងមហាឫសីប្រោះខ្លា

រឿងកឹងកន្ត្រៃ
ជារឿងព្រេងទាក់ទងដោយតុលាការ
៥៣ រឿង

          មាន​និទាន​មួយ​ដំណាល​ថា មាន​ខ្លា​ទោល​មួយ​​ទៅ​ដេក​នៅ​លើ​រូង​ពស់​ៗ លូន​ចេញ​មក​ចឹក​ខ្លា​នោះ​ស្លាប់​នៅ​មាត់​រូង។ ថ្ងៃ​នោះ​ជួន​ជា​មហាឫសី​មួយ​អង្គ​និមន្ត​គោចរ​ទៅ​ឃើញ​ខ្លា​នោះ​ស្លាប់ ក៏​មេត្តា​បាន​ប្រោះ​ខ្លា​នោះ​ឲ្យ​រស់​ឡើង​វិញ។ ខ្លា​រស់​ដឹង​ខ្លួន​ហើយ​និយាយ​ថា «អញ​កុំពង់​តែ​ដេក​លក់​ជា​សុខ​សប្បាយ​ក្នុង​ព្រៃ​ជា​លំនៅ​របស់​អញ ម្តេច​ឡើយ​ក៏​ព្រះ​ស្តែង​ហ៊ាន​មក​ធ្វើ​ឲ្យ​អញ​ភ្ញាក់ ម្ល៉េះ​ហើយ​អញ​ខាំ​ព្រះ​ស្តែង​ស៊ី​ពុំ​លែង​ឡើយ»។ មហាឫសី​ឆ្លើយ​ថា «ព្រះ​ស្តែង​ដេក​លើ​រូង​ពស់​ៗ​ចឹក​ស្លាប់ អញ​ប្រោះ​ព្រះ​ស្តែង​ឲ្យ​រស់​ឡើង​វិញ គួរ​តែ​ព្រះ​ស្តែង​សង​គុណ​អញ ម្តេច​ឡើយ​ក៏​ព្រះ​ស្តែង​គិត​ខាំ​អញ​វិញ»។ មហាឫសី​ខឹង​នឹង​ខ្លា​ប្រកែក​ជជែក​គ្នា​មិន​អស់​មិន​ហើយ ទើប​នាំ​គ្នា​ទៅ​ប្តឹង​ចចក ថ្លែង​ប្រាប់​តាម​ដំណើរ​រៀង​ខ្លួន។ ចចក​ជញ្ជឹង​គិត​ថា «អញ​នៅ​ក្នុង​ព្រៃ​សព្វ​ថ្ងៃ​នេះ​ពឹង​ពាក់​អានុភាព​ខ្លា បើ​អញ​កាត់​ក្តី​នេះ​ឲ្យ​ខ្លា​ចាញ់ សម​អញ​នឹង​ពឹង​ពាក់​ខ្លា នៅ​នា​ព្រៃ​នេះ​ពុំ​បាន​ឡើយ»។ ចចក​គិត​ដូច្នេះ​ហើយ ក៏​កាត់​ក្តី​ឲ្យ​ខ្លា​ស៊ី​មហាឫសី។ ឯ​ចចក​កាត់​ក្តី​យ៉ាង​នេះ​ហៅ​ថា ឆន្ទាគតិ។
          មហាឫសី​មិន​សុខ​ចិត្ត ប្រកែក​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​នាំ​ខ្លា​ទៅ​ប្តឹង​គោ ថ្លែង​ប្រាប់​តាម​ដំណើរ​រៀង​ខ្លួន​ដូច​មុន។ គោ​គិត​ថា «បើ​អញ​កាត់​ក្តី​ឲ្យ​ខ្លា​ចាញ់ សម​ខ្លា​នេះ​ស្អប់​អញ វា​នឹង​ខាំ​អញ​មិន​ខាន​ឡើយ»។ ទើប​គោ​កាត់​ក្តី​ឲ្យ​ខ្លា​ស៊ី​មហាឫសី។ គោ​កាត់​ក្តី​យ៉ាង​នេះ​ហៅ​ថា ភយាគតិ។
          មហាឫសី​មិន​សុខ​ចិត្ត​នាំ​ខ្លា​ទៅ​ប្តឹង​ស្វា​ៗ​គិត​ថា «កាល​មុន​មាន​បុរស​ម្នាក់​ធ្លាក់​ទៅ​ក្នុង​អណ្តូង ឪពុក​អញ​ជួយ​សង្គ្រោះ យោង​ឡើង​មក​លើ​មាត់​អណ្តូង ឪពុក​ជួយ​សង្គ្រោះ​យោង​ឡើង​មក​លើ​មាត់​អណ្តូង​បាន មាន​ខ្លា​មួយ​គិត​មក​ស៊ី​បុរស​នោះ ឪពុក​អញ​នាំ​បុរស​នោះ​ឲ្យ​ឡើង​ដើម​ឈើ​បាន​រួច​អំពី​ភ័យ បុរស​នោះ​បែរ​ជា​ចិត្ត​អាក្រក់​សម្លាប់​ឪពុក​អញ​វិញ»។ ស្វា​គិត​ដូច្នោះ​ហើយ ទើប​កាត់​ឲ្យ​ខ្លា​ស៊ី​មហាឫសី។ ស្វា​កាត់​ក្តី​យ៉ាង​នេះ​ហៅ​ថា ទោសាគតិ។
          មហាឫសី​មិន​សុខ​ចិត្ត​នាំ​ខ្លា​ឲ្យ​ទៅ​ប្តឹង​ត្មាត​ៗ ​គិត​ថា «សព្វ​ថ្ងៃ​នេះ​អញ​បាន​រំពា​សំណល់​អំពី​ខ្លា​ជា​អាហារ​ចំណី​ប្រក្រតី មិន​ដែល​ដាច់​ឡើយ បើ​អញ​កាត់​ក្តី​នេះ​ឲ្យ​ខ្លា​ចាញ់ មុខ​ជា​ខ្លា​ខឹង​នឹង​អញ ម្តេច​ឡើយ​អញ​នឹង​បាន​ស៊ី​រំពា​ខ្លា​នេះ​ទៀត»។ ត្មាត​គិត​ដូច្នេះ​ហើយ ក៏​កាត់​ក្តី​ឲ្យ​ខ្លា​ស៊ី​មហាឫសី។ ត្មាត​កាត់​ក្តី​យ៉ាង​នេះ​ហៅ​ថា លោភគតិ។
          មហាឫសី​មិន​សុខ​ចិត្ត​នាំ​ខ្លា​ទៅ​ប្តឹង​ទេព្រ៍ក្ស​ៗ គិត​ថា «មនុស្ស​ទាំង​ពួង​ដើរ ដើរ​ព្រៃ​អាស្រ័យ​ដោយ​ម្លប់​ឈើ​ផង​ទាំង​ឡាយ ចេះ​តែ​កាច់​មែក​ហែក​សន្លឹក ស្ទោះ​សម្បក ធ្លក​កាត់​ដើម» ទេព្រ៍ក្ស​គិត​ដូច្នោះ​ហើយ ក៏​កាត់​ក្តី​ឲ្យ​ខ្លា​ស៊ី​មហាឫសី។ ទេព្រ៍ក្ស​កាត់​ក្តី​យ៉ាង​នេះ​ហៅ​ថា មោហាគតិ មិន​ទៀង​ត្រង់​ឡើយ។
          មហាឫសី​មិន​សុខ​ចិត្ត​នាំ​ខ្លា​ទៅ​ប្តឹង​ទន្យាយ​ប្រាប់​ថា «ខ្លា​នេះ​ដេក​លើ​រន្ធ​ពស់​វែក​ៗ ចេញ​មក​ចឹក​ស្លាប់ អាត្មា​សូត្រ​មន្ត​បោស​ពិស​ពស់​ឲ្យ​ខ្លា​រស់​ឡើយ​វិញ ដោយ​គិត​ឃើញ​ថា​ខ្លា​នេះ​នឹង​តប​គុណ​អាត្មា ឥឡូវ​នេះ ម្តេច​ក៏​ខ្លា​ប្រាថ្នា​ស៊ី​អាត្មា​វិញ? តាម​តែ​ពិចារណា​ឲ្យ​អាត្មា​ចុះ»។ ឯ​ខ្លា​ប្តឹង​ថា «ខ្ញុំ​កំពុង​តែ​ដេក​លក់ ជា​សុខ​សប្បាយ​ក្នុង​ព្រៃ ស្រាប់​តែ​ព្រះ​ស្តែង​ឫសី​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់ ហេតុនេះ​ត្រូវ​ខ្ញុំ​ខាំ​ព្រះ​ស្តែង​ឫសី​នេះ​ៗ ពុំ​សុខ​ចិត្ត​នាំ​ខ្ញុំ​ទៅ​ប្តឹង​ចចក​ៗ កាត់​ឲ្យ​ខ្ញុំ​ស៊ី​ឫសី​នេះ​ៗ មិន​សុខ​ចិត្ត​នាំ​ខ្ញុំ​ទៅ​ប្តឹង​គោ​ៗ កាត់​ឲ្យ​ខ្ញុំ​ស៊ី​ឫសី​នេះ​ៗ មិន​សុខ​ចិត្ត​នាំ​ខ្ញុំ​ទៅ​ប្តឹង​ស្វា​ៗ កាត់​ឲ្យ​ស៊ី​ឫសី​នេះ​ៗ មិន​សុខ​ចិត្ត​នាំ​ខ្ញុំ​ទៅ​ប្តឹង​ត្មាត​ៗ កាត់​ឲ្យ​ខ្ញុំ​ស៊ី​ឫសី​នេះ​ៗ មិន​សុខ​ចិត្ត​នាំ​ខ្ញុំ​ទៅ​ប្តឹង​ទេព្រ៍ក្ស​ៗ កាត់​ឲ្យ​ខ្ញុំ​ស៊ី​ឫសី​នេះ​ៗ មិន​សុខ​ចិត្ត​នាំ​ខ្ញុំ​មក​ប្តឹង​លាក តាម​តែ​លោក​ពិចារណា​ឲ្យ​ខ្ញុំ​ចុះ»។
          ទន្យាយ​ស្តាប់​ពាក្យ​មហាឫសី និង​ពាក្យ​ខ្លា​ហើយ ក៏​ពិចារណា​ដោយ​ប្រាជ្ញា​ឈ្លាស​វៃ ឈ្វេង​យល់​អាថ៌​សេចក្តី​ហើយ​ប្រាប់​ថា «បើ​ដូច្នោះ ចូរ​មហាឫសី និង​បង​ខ្លា​នាំ​គ្នា​ទៅ​ដល់​ទី​ដែល​កើត​ហេតុ​នោះ ហើយ​ឲ្យ​បង​ខ្លា​ដេក​លក់​ជា​សុខ​ដូច​ពី​ដើម​ចុះ គឺ​ឲ្យ​មហាឫសី​ជូន​ទៅ​ដល់​កន្លែង​ដែល​ខ្លា​ដេក​នោះ ឲ្យ​អញ​បាន​យល់​ហើយ​និង​ពិចារណា​ដោយ​ប្រការ​នោះ»។  ទើប​មហាសី​និង​ខ្លា​បបូល​គ្នា​ទៅ នាំ​ទាំង​ទន្យាយ​ទៅ​ផង។ លុះ​ទៅ​ដល់​កន្លែង​នោះ​ហើយ ខ្លា​ក៏​ប្រះ​ដេក​នៅ​ទី​ដដែល​នោះ យូរ​បន្តិច​ពស់​វែក​ចេញ​មក​ចឹក​ខ្លា​ស្លាប់​នៅ​មាត់​រន្ធ​នោះ​ឯង។ កាល​បើ​ខ្លា​នោះ​ស្លាប់​ហើយ ទន្យាយ​ប្រាប់​មហាឫសី​ថា «សូម​លោក​មើល​ខ្លា​នោះ​ចុះ ហេតុ​តែ​ឥត​ធម៌ វង្វេង​ភ្លេច​គុណ​គេ ឥឡូវ​ពុំ​រំលង​និង​វេរា​កម្ម​ឡើយ តាំង​ពី​នេះ​ទៅ​មុខ​លោក​កុំ​ធ្វើ​គុណ​នឹង​ខ្លា​ឲ្យ​សោះ»។ ឯ​ទន្សាយ​កាត់​ក្តី​យ៉ាង​នេះ​ហៅ​ថា សុគតិគមនំ (ដំណើរ​ល្អ) គឺ​សុចរិត​យុត្តិធម៌​ហោង៕
------------------------------
ប្រភព ៖ ប្រជុំរឿងព្រេងខ្មែរ ភាគទី ៣, វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ, ភ្នំពេញ, ២០០១, ទំព័រ ១-៤។