Showing posts with label ភាគទី ១. Show all posts
Showing posts with label ភាគទី ១. Show all posts

រឿងពស់កេងកង

          កាល​ពី​ព្រេង​នាយ នៅ​លើ​ដី​យើង​នេះ គ្រប់​ស្រុក​ទាំង​អស់​មិន​មាន​ពស់​ពិស និង​ពស់​ឥត​ពិស​ទេ មាន​តែ​ពស់​កេងកង។
          មាន​និទាន​ថា កាល​ពី​ដើម​ឡើយ​មាន​មនុស្ស​ពីរ​នាក់​ប្តី​ប្រពន្ធ ប្រពន្ធ​ឈ្មោះ នាង​នី មាន​កូន​ស្រី​មួយ​ឈ្មោះ នាង​អេត។ ប្តី​នោះ​ទៅ​ជួញ​អង្កាំ​បាត់​ជា​យូរ​អង្វែង។ ថ្ងៃ​មួយ​អស់​បង​ប្អូន​ផ្ទះ​ជិត​ខាង គេ​បបួល​គ្នា​ទៅ​រក​ឧស។ ឯ​នាង​នី​ឮ​គេ​បបួល​គ្នា ក៏​ទៅ​ជា​មួយ​នឹង​គេ​ដែរ យក​នាង​អេត​ជា​កូន​ទៅ​ជា​មួយ​ផង លី​ដឹង​ចូល​ទៅ​ព្រៃ បាន​ឃើញ​ឧស​មួយ​ធំ។ នាង​នី​យក​ដឹង​ពុះ​ឧស លុះ​ពុះ​យូរ​បន្តិច​ទៅ ដឹង​ក៏​រង្គោះ​ធ្លាក់​ទៅ​ក្នុង​រន្ធ​ពស់។ នាង​នី​មើល​ទៅ​ឃើញ​ដឹង និង​ពស់​កេងកង ក៏​និយាយ​នឹង​ពស់​កេងកង​នោះ​ឲ្យ​ហុច​ដឹង​ឲ្យ។ ឯ​ពស់​កេងកង​ឆ្លើយ​ឡើង​ថា «អើ! បើ​នាង​ឯង​ដោយ​អញ ធ្វើ​ជា​ប្រពន្ធ​អញ ទើប​អញ​ឲ្យ​ដឹង បើ​នាង​ឯង​មិន​ដោយ​អញ មិន​ធ្វើ​ជា​ប្រពន្ធ​អញ​នោះ អញ​មិន​ឲ្យ​ដឹង​ទេ។ នាង​នី​ឮ​ពស់​កេងកង​ថា​ដូច្នោះ​ហើយ ហេតុ​តែ​ជា​ស្រី​ខូច ក៏​ទទួល​ព្រម​ថា «អើ! លែង​តែ​អ្នក​ឯង​ឲ្យ​ដឹង​មក​ខ្ញុំ​ចុះ ចាំ​ល្ងាច​សឹម​ខ្ញុំ​ឲ្យ​មេ​អេត​មក​ហៅ»។ ពស់​កេងកង​ឮ​នាង​នី​ថា​ដូច្នោះ ក៏​ឲ្យ​ដឹង​មក។ នាង​នី​ផ្តាំ​ដល់​ល្ងាច​សឹម​ឲ្យ​មេ​អេត​មក​ហៅ ហើយ​នាង​នី​ក៏​ទូល​ឧស​ទៅ​ផ្ទះ​ជា​មួយ​នឹង​នាង​អេត។ លុះ​ដល់​ព្រលប់ នាង​នី​ក៏​ប្រើ​មេ​អេត​ជា​កូន​ឲ្យ​ទៅ​ហៅ​ពស់​កេងកង។ នាង​អេត​ទៅ​ដល់​ឈរ​មាត់​រន្ធ​ពស់​ហៅ​ថា «ពស់​កេងកង​អើយ នាង​នី​ឲ្យ​ហៅ!»។ ឯ​ពស់​កេងកង​ឮ​ហើយ លូន​ចេញ​មក។ នាង​អេត​ឃើញ​ពស់ ក៏​ភ័យ​ខ្លាច​ព្រឺ​ស្ញើប​អស់​ទាំង​ខ្លួន ប៉ុន្តែ​ខ្លាច​ម្តាយ ព្រោះ​ម្តាយ​ប្រើ​មក ក៏​ខំ​សង្កត់​ចិត្ត​នាំ​ពស់​ទៅ​ផ្ទះ។ ពស់​នោះ​ធំ​ណាស់ លូន​ទៅ​លើ​ស្មៅ​បាក់​រាប​អស់ ដល់​ផ្ទះ​ហើយ ក៏​ឡើង​ទៅ​ដេក​ជា​មួយ​នឹង​នាង​នី។ នាង​នី​និយាយ​នឹង​ពស់​កេងកង​ថា «ខ្ញុំ​មាន​ប្តី ឥឡូវ​នេះ​គាត់​ទៅ​ជួញ​អង្កាំ ពីរ​បី​ឆ្នាំ​មក​ម្តង»។ ពស់​កេងកង​សួរ​ថា «ប្តី​នាង​ឯង​ទៅ​ប៉ុន្មាន​ថ្ងៃ ប៉ុន្មាន​ខែ​ទៀត​នឹង​មក​ដល់?»។ នាង​នី​ឆ្លើយ​ថា «មិន​ដឹង​ជា​ប៉ុន្មាន​ខែ ប៉ុន្មាន​ថ្ងៃ​ទៀត​នឹង​មក​ដល់​ទេ» ពស់​កេងកង និង​នាង​នី​ក៏​ដេក​លក់​ជា​មួយ​គ្នា​ទៅ ដល់​ជិត​ភ្លឺ​ទើប​ពស់​កេងកង​លា​នាង​នី​ទៅ​រូង​វិញ។ នាង​នី​ផ្តាំ​ថា «បើ​ប្តី​ខ្ញុំ​មក ខ្ញុំ​មិន​ឲ្យ​មេ​អេត​ទៅ​ហៅ​ទេ អ្នក​កុំ​មក បើ​ប្តី​ខ្ញុំ​មិន​ទាន់​មក​នោះ ខ្ញុំ​ប្រើ​មេ​អេត​ឲ្យ​ទៅ​ហៅ​អ្នក សឹម​អ្នក​មក»។ ពស់​កេងកង​ក៏​ទៅ​ឯ​រូង​ខ្លួន​វិញ​ទៅ។ រាល់​តែ​ល្ងាច នាង​នី​ប្រើ​មេ​អេត​ឲ្យ​ទៅ​ហៅ​ពស់​កេងកង។ នាង​អេត​ខ្លាច​ម្តាយ ក៏​ទៅ​ហៅ​តាម​ពាក្យ​ម្តាយ​ប្រើ ប៉ុន្តែ​ក្នុង​ចិត្ត​ខ្លាច​ពស់​នោះ​ណាស់ ដ្បិត​ពស់​នោះ​ធំ​ណាស់ ហើយ​វែង​ផង។ មួយ​ទៀត​ខឹង​ក្នុង​ចិត្ត ដ្បិត​ម្តាយ​សហាយ​នឹង​ពស់។ នាង​អេត​ទៅ​ដល់​មាត់​រូង​ហើយ​ហៅ​ថា «ពស់​កេងកង​អើយ! នាង​នី​ឲ្យ​ហៅ» ពស់​កេងកង​ឮ ក៏​លូន​ចេញ​មក ហើយ​ឆ្លើយ​ថា «អេត! អេត​អើយ! ថា​អញ​មិន​ទៅ ឪពុក​អេត​នៅ​កាត់​ក្បាល​អញ​ដាច់»។ នាង​អេត​ឆ្លើយ​ថា «ឪពុក​អញ​ទៅ​ជួញ​អង្កាំ ពីរ​បី​ឆ្នាំ​មិន​ទាន់​មក​ដល់»។ ពស់​កេងកង​ឮ​នាង​អេត​ប្រាប់​ដូច្នោះ ក៏​លូន​ចេញ​អំពី​រន្ធ​មក ហើយ​ចេះ​តែ​ទៅ​មក​ៗ​តែ​សព្វថ្ងៃ។ នាង​នី​សហាយ​នឹង​ពស់​កេងកង​ទាល់​តែ​ផើម។ លុះ​យូរ​បន្តិច​ទៅ​ប្តី​នាង​នី​មក​ពី​ជួញ​អង្កាំ​វិញ ឃើញ​នាង​នី​ពោះ​ធំ​សង្ស័យ ក៏​សួរ​នាង​អេត​ជា​កូន។ នាង​អេត​ប្រាប់​ឪពុក​វា​ថា «ម៉ែ គាត់​សហាយ​ជា​មួយ​នឹង​ពស់​កេងកង តែ​វេលា​ព្រលប់​កាល​ណា ឲ្យ​ខ្ញុំ​ទៅ​ហៅ​តែ​សព្វ​ថ្ងៃ»។ ឪពុក​ឮ​នាង​អេត​ប្រាប់​ដូច្នោះ ក៏​និយាយ​នឹង​នាង​អេត​ថា «ដល់​ល្ងាច​ហង​ឯង​ទៅ​ហៅ​ពស់​កេងកង​នោះ​មក​ទៀត អញ​ចាំ​កាប់​វា​នៅ​មាត់​ទ្វារ ហើយ​ហង​ឯង​កុំ​ឲ្យ​ម្តាយ​ហង​ឯង​ដឹង»។ ឯ​នាង​អេត​លុះ​ដល់​ព្រលប់ ក៏​ទៅ​ហៅ​ពស់​កេងកង​ថា «ពស់​កេងកង​ៗ! នាង​នី​ឲ្យ​ហៅ»។ ពស់​កេងកង​ឮ​ហើយ​ឆ្លើយ​ថា «អេត! អេត​អើយ! ថា​អញ​មិន​ទៅ ឪពុក​អេត​នៅ​កាត់​ក​អញ​ដាច់»។ នាង​អេត​ឆ្លើយ​ថា «ឪពុក​អញ​ទៅ​ជួញ​អង្កាំ ពីរ​បី​ឆ្នាំ​មិន​ទាន់​មក​ដល់»។ ពស់​កេងកង​ឮ​នាង​អេត​ប្រាប់​ដូច្នោះ ស្មាន​ថា​ឪពុក​នាង​មិន​ទាន់​មក​ពី​ជួញ​អង្កាំ​មែន ក៏​ទៅ​ដូច​សព្វ​ថ្ងៃ។ ឯ​ឪពុក​នាង​អេត​កាន់​ដាវ​ពួន​នៅ​មាត់​ទ្វារ​ចាំ​កាប់។ ពស់​កេងកង​លូន​ចូល​ក្នុង​ទ្វារ​បន្តិច ឪពុក​នាង​អេត​កាត់​ក​ដាច់ ហើយ​កាត់​មួយ​កំណាត់ ខាង​កន្ទុយ​យក​ទៅ​ដាក់​លើ​ស្កាក មួយ​កំណាត់​ខាង​ក្បាល​យក​ទៅ​ដាក់​លើ​មែក​ពុទ្រា ឯ​កណ្តាល​ខ្លួន​ឲ្យ​នាង​អេត​យក​ទៅ​ពន្លះ​ពន្លាត់​ស្បែក​ចោល ហើយ​ផ្តាំ​នាង​អេត​ថា «កុំ​ឲ្យ​ម្តាយ​ហង​ឯង​ដឹង តែ​ត្រូវ​ទុក​សាច់​ស្ល​ឲ្យ​ម្តាយ​ហង​ឯង​ស៊ី»។ ឪពុក​នាង​អេត​ក៏​លាង​ឈាម​ពស់​ជ្រះ​អស់ មិន​ឲ្យ​មាន​សល់។ ឯ​នាង​នី​ពុំ​បានដឹង​ជា​ប្តី​កាប់​ពស់​ជា​សហាយ​ស្លាប់​ទេ ព្រោះ​ពេល​នោះ​នាង​នី​មិន​នៅ ទៅ​សួរ​បង​ប្អូន​នៅ​ផ្ទះ​ឆ្ងាយ។ លុះ​ព្រឹក​ឡើង នាង​អេត​យក​សាច់​ពស់​មក​ស្ល​ទុក​ឲ្យ​នាង​នី​ជា​ម្តាយ​ស៊ី។ នាង​នី​ឃើញ​សម្ល​ខ្លាញ់​រលើប​ទាំង​ចាន​ទាំង​ឆ្នាំង ក៏​សួរ​នាង​អេត​ថា «បាន​សាច់​អ្វី​ស្ល​មេ​អេត!»។ នាង​អេត​ប្រាប់​ថា «សាច់​ជ្រូក»។ នាង​នី​គិត​ស្មានថា​សាច់​ជ្រូក​មែន ក៏​ឲ្យមេ​អេត​ដួស​សម្ល​យក​មក​ស៊ី​បាយ។ ​កាល​នាង​អេត​ដួស​សម្ល​មក​ឲ្យ នាង​នី​ជា​ម្តាយ​ស៊ី​នោះ មាន​ក្អែក​មួយ​វា​ឃើញ​ក្បាល​ពស់​ដាក់​លើ​មែក​ពុទ្រា វា​ចង់​ស៊ី​សាច់​ពស់ វា​បូល​ថា «ក​​ឡូវ​ៗ ក្លេម​ក្លម​លេប​សាច់​ប្តី​ឯង​»​។ នាង​នី​កំពុង​តែ​ស៊ី​បាយ​ឮ​ក្អែក​បូល​ដូច្នោះ ក៏​មើល​ទៅ​លើ​មែក​ពុទ្រា ឃើញ​ក្បាល​ពស់​កេងកង​លើ​មែក ហើយ​នាង​នី​នឹក​អាណិត​ស្រក់​ទឹកភ្នែក តែ​នាង​នី​ពុំ​ហ៊ាន​យំ ព្រោះ​ខ្លាច​ប្តី​ដែល​អង្គុយ​ស៊ី​បាយ​ជា​មួយ​គ្នា។ ប្តី​ឃើញ​នាង​នី​ស្រក់​ទឹក​ភ្នែក​ក៏​សួរ​ថា «ហេតុ​ម្តេច​បាន​ជា​ស្រក់​ទឹកភ្នែក»។ នាង​នី​ឆ្លើយ​ថា «ស៊ី​បាយ​ក្តៅ​សម្លក្តៅ រឭក​កូន​ចៅ រលោង​ទឹក​ភ្នែក»។ ឯ​ក្អែក​នោះ​ចេះ​តែ​បូល «ក​ឡូវ​ៗ ក្លេម​ក្លម​លេប​សាច់​ប្តី​ឯង ក្បាល​ដាក់​លើ​មែក​ពុទ្រា កន្ទុយ​ដាក់​លើ​ស្លាក»។ នាង​នី​មើល​ទៅ​លើ​ស្លាក​ឃើញ​កន្ទុយ​ពស់​កេងកង​លើ​នោះ។ ឯ​ប្តី​នាង​នី​ដឹង​ថា ប្រពន្ធ​សហាយ​នឹង​ពស់​កេងកង​ពិត​ប្រាកដ​ហើយ ក៏​នឹក​ភ្នក​ក្នុង​ចិត្ត ខឹង​ចង់​សម្លាប់​នាង​នី ប៉ុន្តែ​ធ្វើ​មិន​ឲ្យ​នាង​នី​ដឹង​ខ្លួន។ ដល់​នាង​នី​ផើម​ផ្ទៃ​ជិត​នឹង​សម្រាល ប្តី​បបួល​ទៅ​កក់​សក់​នៅ​មាត់​បឹង លុះ​ដើរ​ទៅ​ដល់​មាត់​បឹង ប្រាប់​ប្រពន្ធ​ថា «ទៅ​ទៀត​ឲ្យ​ឆ្ងាយ​ពី​ស្រុក​គេ យើង​នឹង​កក់​សក់​លេងឲ្យ​សប្បាយ​តែ​ពីរ​នាក់​ម្តង»។ នាង​នី​មិន​ដឹង​ខ្លួន​ឯង​ថា ប្តី​សម្លាប់ ស្មាន​ថា​ប្តី​នាំ​ទៅ​កក់​សក់​មែន ក៏​ដើរ​ចូល​ទៅ​ក្នុង​ព្រៃ​ឆ្ងាយ​ទៅ។ លុះ​ឃើញ​កំពង់​មួយ​រាប​ស្អាត វាល​ល្អ​ប្តី​ប្រាប់​ប្រពន្ធ​ថា «កំពង់​នេះ​រាប​សប្បាយ យើង​ឈប់​កក់​សក់​នៅ​នោះ​ចុះ» ឯ​នាង​នី​មិន​ដឹង​ខ្លួន​ថា ប្តី​គិត​សមា្លប់​ក៏​អង្គុយ​កក់​សក់​នៅ​មាត់ច្រាំង។ ប្តី​នោះ​ក៏​ហូត​ដាវ​កាប់​នាង​នី​ពី​ក្រោយ​ខ្នង​មិន​ឲ្យ​ដឹង​ខ្លួន ដាច់​ពាក់​កណ្តាល​ខ្លួន​ស្លាប់​ទៅ។ ពេល​នោះ​ឃើញ​សុទ្ធ​តែ​កូន​ពស់​លូន​ចេញ​អំពី​ពោះ​នាង​នី​មក។ ប្តី​នាង​នី​ក៏​កាត់​កូន​ពស់​នឹង​ដាវ ខ្លះ​កាប់​មិន​ទាន់​ក៏​លូន​ចូល​ទៅ​ក្នុង​ក្រហែង​ដី ខ្លះ​មុជ​ក្នុង​ទឹក ខ្លះ​លូន​ចូល​ក្នុង​ព្រៃ។ ព្រោះ​ហេតុ​នេះ​បាន​ជា​មាន​ពស់​ច្រើន​បែប​ច្រើន​យ៉ាង​មក​ដល់​ឥឡូវ​នេះ៕

« ឃ្លាតកាយ ណាយចិត្ត »

------------------------------
ដក​ស្រង់​ពី​ច្បាស់​សរសេរ​ដៃ​របស់ E Aymonier ទំព័រ ៣៤ ខាង​ផ្នែក​ភាសា​ខ្មែរ និង​ចុះ​កម្ពុជ​សុរិយា លេខ ១, ២, ៣ ឆ្នាំ ១៩៣៧ ទំព័រ ៥៥ គ្មាន​ឈ្មោះ​អ្នក​រៀប​រៀង​ទេ។
ប្រភព ៖ ប្រជុំ​រឿង​ព្រេង​ខ្មែរ ភាគទី ១, វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ, ភ្នំពេញ, ២០០១, ទំព័រ ៧-១០។

រឿងចចក

          កាល​ពី​ព្រេង​នាយ មាន​ចចក​ត្រោស​ធំ​មួយ ដល់​ខែ​លំហើយ​វា​ដើរ​រក​ត្រពាំង​បឹង​បួ​ដែល​រីង​ទឹក ដើម្បី​ចាប់​ត្រី​ស៊ី។ លុះ​ទៅ​ដល់​ត្រពាំង​មួយ​រីង​ទឹក​អស់ នៅ​តែ​ប្រឡង់​មួយ​ឃើញ​សុទ្ធ​តែ​ភក់ មាន​ត្រី កំពឹស បង្កង ក្តាម​ជា​ច្រើន​ណាស់។ ចចក​ឃើញ​ហើយ មាន​ចិត្ត​ត្រេក​អរ​រីក​រាយ​គិត​ថា «ថ្ងៃ​នេះ​អញ​មាន​លាភ​ធំ​ណាស់ ជា​លាភ​ចម្លែក​ជាង​សព្វ​ថ្ងៃ»។ ឯ​កំពឹស​មាន​ប្រាជ្ញា ឮ​ចចក​ថា​ដូច្នោះ​ហើយ ក៏​និយាយ​លួង​លោម​ចចក​ថា «យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​ជា​ចំណី​បង​ចចក​ឯង​ទាំង​អស់​ហើយ ប៉ុន្តែ​យើង​ប្រឡាក់​ភក់​ណាស់ បង​ឯង​ស៊ី​យើង​ទាំង​ភក់​ដូច្នេះ​មិន​ឆ្ងាញ់​ពិសា​ទេ»។ ចចក​ឆ្លើយ​ថា «ធ្វើ​ដូច​ម្តេច​នឹង​ឆ្ងាញ់​ពិសា?»។ កំពឹស​ឆ្លើយ​ថា «ត្រូវ​បង​ចចក​យក​យើង​ទៅ​លាង​ទឹក​ឲ្យ​ជ្រះ​ស្អាត​ហើយសឹម​ស៊ី​នោះ​ទើប​ឆ្ងាញ់​ពិសា»។ ចចក​ថា «ធ្វើ​ដូច​ម្តេច​នឹង​យក​ទៅ​លាង​បាន បើ​ច្រើន​ដល់​ម្ល៉េះ?»។ កំពឹស​ថា «បង​ចចក​កុំ​ព្រួយ​ចិត្ត ខ្ញុំ​ធានា​គិត​ឲ្យ​បង​បាន​ស្រួល ប៉ុន្តែ​ត្រូវ​បង​ឯង​តាម​ខ្ញុំ»។ ចចក​​ឆ្លើយ​ឡើង​ថា «បង​ឯង​ធ្វើ​ដូច​ម្តេច​ក៏​ខ្ញុំ​តាម​ទាំង​អស់»។ កំពឹស​ថា «ធ្វើ​ដូច្នេះ ចូរ​បង​ឯង​ចុះ​មក​ដេក​ននៀល​ក្នុង​ភក់​នេះ ហើយ​យើង​រាល់គ្នា នឹង​បាន​តោង​ខាំ​រោម​បង​ឯង បង​ឯង​នាំ​យើង​ទៅ​រក​ស្ទឹង​បឹង​បួ​ឯ​ណា ដែល​មាន​ទឹក​ថ្លា​ច្រើន បង​ឯង​លាង​យើង​ឲ្យ​ស្អាត ហើយ​សឹម​បង​ឯង​ស៊ី​ឲ្យ​ឆ្ងាញ់​ពិសា​តាម​ចិត្ត​ចុះ»។ ឯ​ចចក​ជា​សត្វ​ល្មោភ​ហើយ​ល្ងង់ ក៏​ធ្វើ​តាម​ពាក្យ​កំពឹស។ កំពឹស និង​ត្រី​បបួល​គ្នា​តោង​រោម​ចចក​ទៅ លុះ​ទៅ​ដល់​បឹង​មួយ​ធំ​វែង មាន​ទឹក​ថ្លា​ល្អ ចចក​ដើរ​ចុះ​ទៅ​ក្នុង​ទឹក អស់​ត្រី កំពឹស លោត​ទៅ​ក្នុង​ទឹក ហើយ​ប្រាប់​ថា «បង​ចចក​ឯង​ទៅ​ជញ្ជូន​មក​ឲ្យ​អស់​សិន សឹម​មក​ស៊ី​ឲ្យ​ឆ្អែត​តែ​ម្តង យើង​នៅ​ចាំ​បង​នៅ​ទីនេះ»។ ចចក​ក៏​ទៅ​ជញ្ជូន​ត្រី និង​កំពឹស​មក លុះ​ត្រា​តែង​អស់​ពី​ត្រពាំង​នោះ។ ពួក​ត្រី​កំពឹស ក្តាម​ខ្យង ដឹងថា ចចក​ជញ្ជូន​អស់​ហើយ ក៏​នាំ​គ្នា​មុជ​ក្នុង​ទឹក​បាត់​អស់​ទៅ។ ឯ​ចចក​ដឹង​ថា កំពឹស​បញ្ឆោត​ដូច្នេះ​ហើយ​ខឹង​ណាស់ ដើរ​ទៅ​បបួល​អស់​សត្វ​ធំ ដំរី​ រមាស ខ្លា គ្រប់​ភាសា​សត្វ ទាំង​ពស់​ថ្លាន់ ពស់​ធំ ពស់​តូច ទាំង​សត្វ​ហើរ គ្មាន​សេស​សល់​ដល់​តិច បបួល​គ្នា​មក​បាច​ទឹក​បឹង​នោះ​ឲ្យ​រី​ង នឹង​បាន​ចាប់​ត្រី​ក្នុង​បឹង​នោះ​ស៊ី​ឲ្យ​អស់ បាន​ឲ្យ​ពស់​ថ្លាន់​ធ្វើ​ជា​ទំនប់ អស់​សត្វ​ឯ​ទៀត​ក៏​បបួល​គ្នា​បាច។ សត្វ​ក្នុង​បឹង​ដឹង​ថា ចចក​បបួល​គ្នា​បាច​ទឹក​ឲ្យ​រីង​ទាំង​បឹង ភ័យ​ណាស់​ក៏​គិត​គ្នា​ថា «យើង​ធ្វើ​មេ្តច​នឹង​បាន​ឲ្យអស់ សត្វ​ទាំង​នោះ​លែង​បាច​ទឹក?»។ កាល​នោះ​ត្រី​ក្រាញ់​ឆ្លើយ​ឡើង​ថា ​«ខ្ញុំ​ឮ​គេ​និយាយ​ថា បង​សុភា​ទន្សាយ​ជា​អ្នក​មាន​ប្រាជ្ញា ចេះ​ដោះ​ទុក្ខ​មនុស្ស​សត្វ​ផង​ជា​ច្រើន​ណាស់​ហើយ បើ​ដូច្នេះ​ខ្ញុំ​នឹង​ទៅ​ពឹង​បង​សុភា​ទន្សាយ​ឲ្យ​មក​ជួយ​ដោះ​ទុក្ខ​អស់​យើង»។ ពួក​ត្រី​គិត​គ្នា​ហើយ ក៏​ប្រើ​ត្រី​ក្រាញ់​ទៅ​អញ្ជើញ​សុភា​ទន្សាយ។ ត្រី​ក្រាញ់​ប្រឹង​ននៀល​ទៅ លុះ​ដល់​ត្រូវ​ថ្ងៃ​ក៏​ក្រៀម​ស្រកា​អស់ ដល់​យប់ សុភា​ទន្សាយ​ចេញ​មក​រក​ស៊ី បាន​ឃើញ​ត្រី​ក្រាញ់​ននៀល​ដូច្នោះ ក៏​សួរ​ថា «បង​ត្រី​ក្រាញ់​ទៅ​ណា?»។ ត្រី​ក្រាញ់​ឃើញ​សុភា​ទន្សាយ​ហើយ មាន​ចិត្ត​ត្រេក​អរ​ណាស់ និយាយ​អង្វរ​ថា «បង​សុភា​ទន្សាយ​អាណិត​ខ្ញុំ ដ្បិត​ត្រី​ទាំង​អស់​ក្នុង​បឹង​គេ​ប្រើ​ខ្ញុំមក ឲ្យ​អញ្ជើញ​បង​សុភា​ទន្សាយ​ទៅ ដ្បិត​ឮ​ទាំង​សត្វ​ទាំង​មនុស្ស​និយាយ​ថា បង​ជា​អ្នក​មាន​ប្រាជ្ញា ចេះ​កាត់​សេចក្តី​ដោះ​ទុក្ខ បើ​អ្នក​ណា​កើត​ទុក្ខ បង​តែង​ទៅ​ជួយ​ដោះ​ទុក្ខ​គេ​មិន​ដែល​ខាន ឥឡូវ​មាន​ដំរី ក្របី គោ រមាស រមាំង ប្រើស ក្តាន់ ជ្រូក ពស់​ធំ ពស់​តូច ទាំង​សត្វ​ហើរ​គឺ​ គុក ក្រៀល បង្កៀលខ្យង ទុង ទោម ក្អែក​ទឹក ប្រវឹក ស្មោញ ទាំង​ប៉ុន្មាន បាន​បបួល​គ្នា​មក​បាច​ទឹក​បឹង​ឲ្យ​រីង នឹង​បាន​ចាប់​អស់​ត្រី អណ្តើក កន្ធាយ​ស៊ី​ជា​ចំណី​ឲ្យ​អស់​ពី​ក្នុង​បឹង​នេះ​ឯង បើ​ដូច្នេះ បង​សុភា​ទន្សាយ​អាណិត​ជួយ​ដោះ​ទុក្ខ​អស់​បង​ប្អូន​ខ្ញុំ ឲ្យ​បាន​រួច​ពី​ភ័យ​ម្តង​នេះ​នឹង​បាន​ល្បី​កេត្តិ៍​ឈ្មោះ​តទៅ អស់​យើង​នឹង​តប​គុណ​បង​សុភា​ទន្សាយ​ឯង យើង​មិន​ភ្លេច​គុណ​ដរាប​ដល់​អស់​ជីវិត»។ ឯ​ទន្សាយ​ឮ​ត្រីក្រាញ់​និយាយ​អង្វរ​ដូច្នោះ​ក៏​ឆ្លើយ​ថា «បង​ត្រីក្រាញ់​ទៅ​មុន​ចុះ ទៅ​ប្រាប់​បង​ប្អូន​កុំ​ឲ្យ​ភិយ​ភ័យ ចាំ​ខ្ញុំ​ជួយ​ដោះ​ឲ្យ​រួច កុំ​មាន​ចិត្ត​បារម្ភ​ឡើយ»។ ត្រីក្រាញ់​ក៏​ត្រឡប់​ទៅ​វិញ។ ឯ​ទន្សាយ លុះ​ព្រឹក​ព្រហាម​ឡើង ទៅ​មាត់​បឹង ឃើញ​អស់​សត្វ​កំពុង​តែ​បាច​ទឹក ក៏​យក​ស្លឹក​ឈើ​ដែល​ដង្កូវ​ស៊ី​ធ្លុះ​ៗ មក​ធ្វើ​ជា​សំបុត្រ ហើយ​ស្រែក​ហៅ​អស់​សត្វ​ទាំង​នោះ​ថា «នែ! បង​ប្អូន​ទាំង​អស់​គ្នា​ចាំស្តាប់​ខ្ញុំ ដ្បិត​ព្រះឥន្ទ្រ​លោក​ឲ្យ​ខ្ញុំ​នាំ​សំបុត្រ​មក​ប្រាប់​គ្រប់​គ្នា​ថា ព្រះឥន្ទ្រ​លោក​មក​កាច់​ជើង​ត្រុំ ប្រមុំ​ជើង​អក កាប់​ក្បាល​ឆ្កែ​ចចក ដក​ភ្លុក​ដំរី​»។ អស់​សត្វ​ឮ​ថា សំបុត្រ​ព្រះឥន្ទ្រ​ដូច្នោះ​ភ័យ​ណាស់ ផ្អើល​បោល​ជាន់​គ្នា ពាល​លើ​ដំរី ក្របី រមាស រមាំង​ៗ​ស្ទុះ​បោល​ទៅ​ជាន់​លើ​ពស់​ថ្លាន់​ជា​ទំនប់ ដាច់​ខ្លួន​ជា​ពីរ​បី​កំណាត់ ធ្លាយ​ទំនប់​លិច​ទឹក​ស្លាប់​អស់។ សត្វ​ទាំង​នោះ​ក៏​ទៅ​ជា​ចំណី​ត្រី​វិញ។ តាំង​អំពី​ថ្ងៃ​នោះ​មក អស់​សត្វ​ទាំង​ពួង កោត​ប្រាជ្ញា​សុភា​ទន្សាយ ទុក​សុភា​ទន្សាយ​ជា​គ្រូ​បា​អាចារ្យ​ទាំង​អស់​គ្នា៕
« អណ្តាត​ជា​អាតិ៍​កន្លង ស្លាប់​ផង រស់​ផង ពី​ព្រោះ​អណ្តាត »
------------------------------
ដក​ស្រង់​ពី​កម្ពុជ​សុរិយា​លេខ ១០-១២ ឆ្នាំ ១៩៣៦ ទំព័រ ១៤៣ គ្មាន​ឈ្មោះ​អ្នក​រៀប​រៀង​ទេ។
ប្រភព ៖ ប្រជុំរឿងព្រេងខ្មែរ ភាគទី ១, វិទ្យាស្ថានពុទ្ធសានបណ្ឌិត្យ, ភ្នំពេញ, ២០០១, ទំព័រ ៤-៦។

រឿងមនុស្សពីរនាក់នៅផ្ទះជិតគ្នា

          កាល​ពី​ព្រេង​នាយ មាន​មនុស្ស​ពីរ​នាក់​នៅ​ផ្ទះ​ជិត​គ្នា។ ថ្ងៃ​មួយ​ចៅ​ទាំង​ពីរ​នាក់​នោះ បបួល​គ្នា​ទៅ​ដាក់​អន្ទាក់​សត្វ។ បបួល​គ្នា​ហើយ ដល់​ថ្ងៃ​រសៀល​គង​ភ្នំ ក៏​នាំ​គ្នា​ដើរ​ចេញ​ទៅ។ លុះ​ដល់​ព្រៃ​ជា​កន្លែង​ដាក់​អន្ទាក់ អ្នក​មួយ​ថា «ខ្ញុំ​នឹង​ដាក់​នៅ​គល់​ឈើ​នេះ ត្បិត​ឈើ​នេះ​មាន​ផ្លែ យប់​ៗ​សត្វ​ចំណាំ​តែ​មក​ស៊ី​ផ្លែ​ឈើ​នេះ»។ អ្នក​មួយ​ទៀត​ឆ្លើយ​ថា «ខ្ញុំ​ក៏​ចង់​ដាក់​កន្លែង​ហ្នឹង​ដែរ ប៉ុន្តែ​ឥឡូវ បើ​អ្នក​ដាក់​នៅ​គល់​ឈើ​មាន​តែ​ខ្ញុំ​ដាក់​នៅ​ចុង​ឈើ រួច​យើង​ចាំ​មើល ព្រឹក​ឡើង​របស់​អ្នក​ណា​ជាប់​សឹម​ដឹង» និយាយ​គ្នា​ហើយ ម្នាក់​ដាក់​នៅ​គល់​ឈើ ម្នាក់​ដាក់​នៅ​ចុង​ឈើ ស្រេច​ហើយ វិល​មក​ផ្ទះ​វិញ លា​គ្នា​ទៅ​ផ្ទះ​តែ​រៀង​ខ្លួន។
          ឯ​អ្នក​ដាក់​អន្ទាក់​នៅ​ចុង​ឈើ​នោះ លុះ​វិល​មក​ដល់​ផ្ទះ​ហើយ យប់​នោះ​គិត​គ្នា​ពីរ​នាក់​ប្តី​ប្រពន្ធ​ថា «តាំង​ពី​ដូន​តា​មក មិន​ដែល​ឮ​ថា​អ្នក​ឯ​ណា​ដាក់​អន្ទាក់​លើ​ចុង​ឈើ ឲ្យ​ជាប់​សត្វ​ជើង​បួន​ដែល​ដើរ​នៅ​លើ​ដី​ទេ ឥឡូវ​នេះ អញ​ដាក់​នៅ​លើ​ចុង​ឈើ តើ​ធ្វើ​ម្តេច​នឹង​បាន​សត្វ? ដូច្នេះ ត្រូវ​អញ​រឭក​ពី​ពេល​មាន់​រងាវ​ទៅ​មើល បើ​ឃើញ​សត្វ​ជាប់​អន្ទាក់​គេ​នៅ​ដី អញ​ដោះ​យក​ទៅ​ចង​នឹង​អន្ទាក់​អញ​ឯ​ចុង​ឈើ ដល់​ព្រឹក​ឡើង អញ​ទៅ​មើល​ជាមួយ​អ្នក​នោះ ហើយ​អញ​ដោះ​យក​សត្វ​ទៅ​ជូន​លោក​សុភាសេក និង​កាត់​ក្តី​ឲ្យ​វា​ចាញ់​ជា​ប្រាកដ»។ ប្តី​ប្រពន្ធ​គិត​គ្នា ហើយ​ដេក​ទៅ ដល់​មាន់​រងាវ​រឭក​ពី​ដេក លប់​មុខ ស៊ី​ស្លា ហើយ​ចេញ​ពី​ផ្ទះ​ដើរ​ដល់​អន្ទាក់​នៅ​ដី​ជាប់​ក្តាន់​មួយ ក៏​ដោះ​យក​ឡើង​ទៅ​ចង​នឹង​អន្ទាក់​របស់​ខ្លួន រួច​តម្លើង​អន្ទាក់​នៅ​ដី​ដូច​ដើម ក៏​ប្រញាប់​វិល​មក​ផ្ទះ​វិញ។ លុះ​ព្រឹក​ព្រហាម​ស្រាង​ៗ​ឡើង អ្នក​មួយ​ដែល​ដាក់​អន្ទាក់​នៅ​ដី មក​ស្រែក​ហៅ​ឲ្យ​ទៅ​មើល​អន្ទាក់ អ្នក​មួយ​ឆ្លើយ​ថា «កុំ​រលះ​រលាំង​ថ្វី អន្ទាក់​ខ្ញុំ ខ្ញុំ​មិន​សង្ឃឹម​ទេ ត្បិត​នៅ​លើ​ចុង​ឈើ ក្រែង​តែ​អន្ទាក់​អ្នក​នៅ​ដី​នោះ ខ្ញុំ​មិន​ហ៊ាន​ថា បើ​បាន​ចែក​គ្នា​ស៊ី​ផង»។ ពាក្យ​នេះ ជា​ពាក្យ​ចំអក​ឲ្យ​អ្នក​មួយ ត្បិត​ដឹង​ការណ៍​មុន​ហើយ។ អ្នក​ទាំង​ពីរ​និយាយ​ហើយ​ចុះ​ពី​ផ្ទះ​ដើរ​ចេញ​ទៅ លុះ​ដើរ​ទៅ​ដល់ មិន​ឃើញ​អន្ទាក់​នៅ​ដី​ជាប់​សត្វ ឃើញ​តែ​អន្ទាក់​នៅ​លើ​ចុង​ឈើ​ជាប់​វិញ។ ចៅ​ដែល​ជា​ម្ចាស់​អន្ទាក់​នៅ​ចុង​ឈើ​ថា «ហ្ន៎ មើល​ចុះ មិន​ជឿ​ខ្ញុំ ខ្ញុំ​ថា​ដាក់​នៅ​គល់ ឲ្យ​ដាក់​នៅ​ចុង ឥឡូវ​មើល​របស់​នរណា​ជាប់​ហះ?» ហើយ​ឡើង​ទៅ​ដោះ​យក​សត្វ​ចុះ​មក​នាំ​គ្នា​វិល​មក​ផ្ទះ​វិញ ក៏​លា​គ្នា​ទៅ​ផ្ទះ​ដោយ​ខ្លួន​ទៅ។ ឯ​ចៅ​ដែល​បាន​ក្តាន់ ក៏​ប្រញាប់​យក​ទៅ​ជូន​សុភាសេក​ហើយ​ជម្រាប​ថា «ខ្ញុំ​ហើយ​នឹង​ចៅ​មួយ​នោះ ទៅ​ដាក់​អន្ទាក់ផង​គ្នា ខ្ញុំ​ដាក់​នៅ​ចុង​ឈើ អ្នក​មួយ​នោះ​ដាក់​នៅ​គល់​ឈើ ខ្ញុំ​នេះ​ជា​មនុស្ស​វៀច ក្តី​នេះ​គង់​តែ​មក​ដល់​លោក ដូច្នេះ​តាម​តែ​លោក​មេត្តា​រក​សេចក្តី​យ៉ាង​ណា ឲ្យ​តែ​ក្តី​ខ្ញុំ​ឈ្នះ​វា​ចុះ ខ្ញុំ​នឹង​ដឹង​គុណ​លោក​ទៅ​ថ្ងៃ​មុខ»។ សុភាសេក​បាន​សាច់​ក្តាន់​ហើយ ឆ្លើយ​ថា «ឯង​ទៅ​រក​ស្លា​ម្លូ​មក​ឲ្យ​ឆាប់​ឲ្យ​ទាន់​ព្រឹក​នេះ បើ​វា​មក​ប្តឹង​អញ​ៗ​បង្គាប់​អីចឹង​ដែរ បើ​វា​មក​មិន​ទាន់​អញ​នឹង​កាត់​សេចក្តី​ឲ្យ​វា​ចាញ់​បាន​ដោយ​ងាយ ឯង​ប្រញាប់​ទៅ​ចុះ»។
          ឯ​អ្នក​ដែល​ដាក់​អន្ទាក់លើ​គល់​ឈើ លុះ​វិល​មក​ផ្ទះ​ហើយ ដង្ហើម​តូច​ដង្ហើមធំ​មិន​សុខ​ចិត្ត ក៏​យក​សេចក្តី​ទៅ​ប្តឹង​សុភាសេកៗ​ក៏​បង្គាប់​សេចក្តី​ដូច​បង្គាប់​ចៅ​មុន។ លុះ​ព្រឹក​ឡើង អ្នក​ដែល​ដាក់​អន្ទាក់​នៅ​លើ​ចុង​ឈើ ក៏​យក​អីវ៉ាន់​ទៅ​ដល់​មុន។ ឯ​អ្នក​ដែល​ដាក់​អន្ទាក់​នៅ​ដី ដោយ​ខ្លួន​ជា​អ្នក​ក្រ​លំបាក​តោក​យ៉ាង ដើរ​រក​ទិញ​អីវ៉ាន់​ពុំ​បាន ពុំ​ទាន់ ភ័យ​ក្រែង​ខ្លួន​ចាញ់​គេ ហើយ​គេ​យក​ទោស​ផង ក៏​រត់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ បាន​ជួប​នឹង​សុភា​ទន្សាយ​ៗ​សួរ​ថា «មាន​ដំណើរ​អី​បាន​ជា​រត់​ដូច្នេះ? ឈប់​សិន»។ ចៅ​នោះ​ឆ្លើយ​ថា «លោក​អើយ​អាណិត​ដោះ​ទុក្ខ​ខ្ញុំ​ផង ត្បិត​ខ្ញុំ​ហើយ​នឹង​អ្នក​មួយ​ទៅ​ដាក់​អន្ទាក់​ផង​គ្នា ខ្ញុំ​ដាក់​នៅ​គល់​ឈើ គេ​ដាក់​នៅ​ចុង​ឈើ ព្រឹក​ឡើង​ទៅ​មើល ពុំ​ឃើញ​អន្ទាក់​នៅ​ដី​ជាប់​សត្វ ឃើញ​តែ​អន្ទាក់​នៅ​ចុង​ឈើ​ជាប់​ក្តាន់​មួយ ខ្ញុំ​មិន​សុខ​ចិត្ត​បាន​យក​សេចក្តី​ទៅ​ប្តឹង​សុភាសេក​ៗ​គេ​ថា អ្នក​ណា​យក​អីវ៉ាន់​ទៅ​ដល់​មុន អ្នក​នោះ​ឈ្នះ ហេតុ​នេះ បាន​ជា​ខ្ញុំ​ភ័យ ឥឡូវ​គេ​ទៅ​ដល់​មុន​ខ្ញុំ​ហើយ ដូច្នេះ​តាម​តែ​លោក​អាណិត​ខ្ញុំ​ផង»។ សុភាទន្សាយ​ឆ្លើយ​ថា «ណ្ហើយ! កុំ​ភ័យ​ចាំ​ថ្ងៃ​រសៀល​ខ្ញុំ​នឹង​នាំ​ទៅ»។ ចៅ​នោះ​ក៏​អរ។ លុះ​ដល់​ថ្ងៃ​រសៀល សុភាទន្សាយ​ទៅ​ដល់​ផ្ទះ​សុភាសេក​ៗ​ស្រែក​សួរ​មក​ថា «ដូចម្តេច​ក៏​យូរ​ម៉្លេះ? ក្តី​ចាញ់​គេ​ហើយ»។ សុភាទន្សាយ​ឆ្លើយ​ថា «យើង​ខ្ញុំ​បាន​ជា​យូរ​នេះ ពី​ព្រោះ​អាល័យ​តែ​មើល​ត្រី​ក្រាញ់​ហើរ​ឡើង​ស៊ី​ស្លឹក​អំពិល»។ សុភាសេក​ថា «ពី​ជីដូន​ជីតា​មក​គ្មាន​នរណា​ដែល​ឃើញ​ដែល​ឮ​ថា ត្រី​ក្រាញ់​ឡើង​ស៊ី​ស្លឹក​អំពិល​ទេ»។ សុភាទន្សាយ​ឆ្លើយ​ថា «ពី​ជីដូន​ជីតា​ពី​ម៉ែ​ពី​ឪ​បង្កើត​មក នរណា​ដែល​ឃើញ​ដែល​ឮ​ថា អន្ទាក់​នៅ​ដី​មិន​ជាប់​សត្វ​ទៅ​ជាប់​ឯ​អន្ទាក់​នៅ​ចុង​ឈើ​វិញ ហើយ​សត្វ​ជើង​បួន​ផង ដែល​ឮ​ទេ​អស់​អ្នក​ស្រុក?»។ នោះ​សុភាសេក​ស្ងៀម ពុំ​ហ៊ាន​ស្តី​តប​ទៀត។ សុភាទន្សាយ​ក៏​កាត់​សេចក្តី​ឲ្យ​ចៅ​ដែល​ដាក់​អន្ទាក់​នៅ​ដី​ឈ្នះ។ ឯ​សុភាសេក ដែល​អង្គុយ​ធ្វើ​ជា​សុភា​នោះ ក៏​ខ្មាស​ដោយសារ​ខ្លួន​ជា​អ្នក​ល្មោភ​ជំនូន​សាច់​ក្តាន់ ក៏​ស្ងៀម​បែរ​មុខ​ផ្ទប់​ទៅ​ខាង​ជញ្ជាំង​ដូច​ឆ្មា​លប​កណ្តុរ៕
« លាភ​ឥត​ខ្មាស វិនាស​ច្បាប់ »
------------------------------
ដក​ស្រង់​ពី​ទស្សនាវដ្តី​កម្ពុជសុរិយា លេខ ១០, ១១, ១២ ឆ្នាំ ១៩៣៦ ទំព័រ ១៤៩ មិន​មាន​ឃើញ​ឈ្មោះ​អ្នក​រៀប​រៀង​ទេ។
ប្រភព ៖ ប្រជុំរឿងព្រេងខ្មែរ ភាគទី ១, វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ, ភ្នំពេញ, ២០០១, ទំព័រ ១-៣។