កាលពីព្រេងនាយ មានបុរសម្នាក់ចង់បានប្រពន្ធ ទៅដណ្តឹងកូនគេម្នាក់។ ម្តាយឪពុកគេថា «បើចង់បានកូនយើងជាប្រពន្ធ លុះតែឲ្យយើងចងត្រាំទឹកបានបីយប់ ទើបយើងឲ្យកូនបាន»។ បុរសនោះក៏ព្រមឲ្យគេចងត្រាំទឹក ដល់ត្រាំទឹកបានពីរយប់ បុរសនោះឃើញភ្លើងឆេះលើកំពូលភ្នំ ក៏លើកដៃឡើងអាំងលេង។ គេមើលមកឃើញ គេថាបុរសនោះអាំងភ្លើង គេមិនឲ្យកូនគេជាប្រពន្ធឡើយ។ បុរសនោះខឹងណាស់ ក៏ទៅប្តឹងចៅក្រម ចៅក្រមឲ្យទៅកោះម្តាយឪពុកខាងស្រីនោះមកជំនុំជម្រះ។ ចៅក្រមយកសំណូកពីអ្នកចុងក្តី ក៏កាត់ថា «ចៅឯងត្រូវចាញ់គេហើយ មិនត្រូវបានកូនគេទេ បើដូច្នេះ ចៅឯងទៅរៀបបាយមកឲ្យយើងស៊ី»។ ឯចៅនោះ ឮចៅក្រមកាត់ថាមិនត្រូវបានកូនគេជាប្រពន្ធ ហើយគេប្រើទៅរៀបបាយឲ្យគេស៊ីផង ក៏តូចចិត្តណាស់ ដើរបណ្តើរយំបណ្តើរទៅប្រទះនឹងសុភាទន្សាយៗសួរថា «ថ្វីក៏បានជាយំ?»។ បុរសនោះ ប្រាប់តាមដំណើរសព្វគ្រប់ប្រការ។ សុភាទន្សាយសួរថា «គេឲ្យបងឯងទៅណា?»។ បុរសនោះថា «ឥឡូវគេប្រើឲ្យទៅរៀបបាយ»។ សុភាទន្សាយថា «អើបងរៀបរួច មកយកអញទៅផង អញទៅជួយជំនុំឲ្យ តែអញទៅមុខជាឈ្នះហើយ បើបងឯងរៀបបាយមក ស្លកុំដាក់អំបិលប្រហុក។ អំបិលប្រហុកដាក់ក្បែរខាងនោះ ស្លតែត្រី និងបន្លែបានហើយ»។ បុរសនោះឮសុភាទន្សាយអួតដូច្នោះក៏អរណាស់ ខំទៅរៀបបាយដូចបង្គាប់សុភាទន្សាយ ហើយក៏យកមកជូនគេពីរនាក់នឹងសុភាទន្សាយ។ ទៅដល់ ចៅក្រមឃើញសុភាទន្សាយមក ក៏សួរថា «បងទន្សាយមករកអ្វី?»។ សុភាទន្សាយឆ្លើយថា «មកជួយជំនុំក្តីលោក»។ ចៅក្រមថា «អើ! ចាំស៊ីបាយរួចសិន»។ ឯចៅក្រម ដល់ស៊ីបាយនោះទៅសួរថា «ស្លអ្វីក៏សាបម្ល៉េះ?»។ សុភាទន្សាយឆ្លើយឡើងថា «ភ្លើងឆេះលើកំពូលភ្នំថាក្តៅដល់ ចុះអំបិលប្រហុកដាក់ក្បែរនោះ ម្តេចក៏បានជាមិនប្រៃដល់?»។ សុភាទន្សាយឆ្លើយតែប៉ុណ្ណោះ ចៅក្រមទាល់ប្រាជ្ញា ទើបកាត់សេចក្តីឲ្យបុរសនោះឈ្នះ ហើយឲ្យកូនស្រីនោះធ្វើជាប្រពន្ធរបស់បុរសនោះទៅ៕
« ចេះឯង ឲ្យក្រែងចេះគេ »
------------------------------
ដកស្រង់ពីអត្ថបទខ្មែរ ប្រមូល ដោយលោក អេ.អាយម៉ូនីយេ គ./២ ទំព័រ ១៥៦។
ប្រភព ៖ ប្រជុំរឿងព្រេងខ្មែរ ភាគទី ២, វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ, ភ្នំពេញ, ២០០១, ទំព័រ ១៦, ១៧។